កម្លាំងសមត្ថកិច្ចចាប់ខ្លួនជំទាវ លី អ៊ុំអេង ពាក់ព័ន្ធនឹងករណី ចេញសែកអត់ប្រាក់
ព័ត៌មាន
945

ខេត្តសៀមរាប៖ លោកជំទាវ លី អ៊ុំអេង ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ៩គ្រួសារ នៅខេត្តសៀមរាបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ក្នុងជំនួញដីធ្លី នេះបើតាមការអះអាងរបស់សមត្ថកិច្ច។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

បើយោងតាមដីកាតុលាការ, មុនពេលចាប់ខ្លួន ចំពោះករណីនេះគឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។

សូមបញ្ជាក់ថា នាពេលកន្លងទៅ មានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។ ពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវឱ្យ លោក ជា សុផារ៉ា​ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់ផងដែរ៕