របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៧
ប្រវត្តិសាស្ត្រ
1.18K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ​ប៉ុន្តែលោកស្នងការបារាំង លុយស្យៀង វាំងសង់ លូបេត បានទូលព្រះមហាក្សត្រនរោត្តម សីហនុ ថា ទោះបីយ៉ាងណា ការតាក់តែងរដ្ឋធម្មនុញ្ញនេះត្រូវតែជាស្នាដៃរបស់ព្រះអង្គ មិនមែនបណ្តោយឲ្យពួកនយោបាយដែលគ្មានបទពិសោធន៍ក្នុងការដឹកនាំប្រទេស ជាអ្នកតាក់តែងនោះទេ ហើយមានតែព្រះអង្គទេ ដែលស្គាល់នូវផ្នាត់គំនិត និងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជារាស្ត្រព្រះអង្គុ។

លោកស្នងការបារាំង បានបញ្ជាក់ប្រាប់ព្រះមហាក្សត្រនរោត្តម សីហនុ ថា សូមព្រះអង្គប្រកាសប្រាប់ប្រជារាស្ត្រពីទឹកព្រះទ័យដ៏ល្អរបស់ព្រះអង្គ ក្នុងការធ្វើសម្បទានរដ្ឋធម្មនុញ្ញនេះដល់ប្រជារាស្ត្រព្រះអង្គទៅ ប្រជារាស្ត្រនឹងដឹងគុណព្រះអង្គជារៀងរហូត ។

ព្រះមហាក្សត្រនរោត្តម សីហនុ បានសារភាពប្រាប់លោកស្នងការបារាំង វិញថា ការពិត ព្រះអង្គក៏មិនដឹងច្បាស់ថារដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនោះគឺជាអ្វីផង ហើយការពិភាក្សាគ្នាពីបញ្ហារដ្ឋធម្មនុញ្ញនេះ គឺហួសពីសមត្ថភាពរបស់ព្រះអង្គហើយ ។ ប៉ុន្តែដោយសារពួកប្រជាធិបតេយ្យបានស្នើសុំឲ្យព្រះអង្គនៅជាអាជ្ញាកណ្តាល និងដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នារវាងក្រុមមន្ត្រីដែលមានគំនិតរាជាធិបតេយ្យនិយម និងពួកប្រជាធិបតេយ្យនិយម ពីបញ្ហាបង្កើតរដ្ឋធម្មនុញ្ញនេះតទៅទៀត ព្រះមហាក្សត្រនរោត្តម សីហនុ បានសម្រេចព្រះទ័យថា ទី១ ព្រះអង្គនឹងធ្វើសម្បទាននូវរដ្ឋធម្មនុញ្ញមួយដល់ប្រជារាស្ត្ររបស់ព្រះអង្គ ស្របតាមបំណងដែលលោកស្នងការបារាំង និងពួកមន្ត្រីខ្មែរដែលមានគំនិតរាជាធិបតេយ្យនិយមចង់បាន ។ ទី២ព្រះអង្គយល់ព្រមទទួលយកជាបណ្តោះអសន្ននូវពង្រាងរដ្ឋធម្មនុញ្ញ ដែលព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងទីប្រឹក្សាបារាំង ជាអ្នកតាក់តែងនោះ។ ទី៣ សភាដែលកើតឡើងចេញពីការបោះឆ្នោតនៅពេលខាងមុខនេះ មិនឲ្យឈ្មោះថាសភាធម្មនុញ្ញ សម្រាប់តាក់តែងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែសភានោះ នឹងមានសិទ្ធិកែប្រែខ្លឹមសារ និងមាត្រាខ្លះលើពង្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ដោយមិនត្រូវឲ្យប៉ះពាល់ដល់ប្រការណាមួយ ដែលជាគោលការណ៍នៃរបបរាជាធិបតេយ្យ ឡើយ។

ការសម្រេចព្រះទ័យទាំងបីចំណុចខាងលើនេះ ធ្វើឲ្យលោកស្នងការបារាំង លូបេត(Loubet) និងព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីស៊ីសុវត្ថិ មុនីរ៉េត មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ប៉ុន្តែការសម្រេចព្រះទ័យនេះ ត្រូវបានទទួលការអបអរសាទរ ដោយក្តីរីករាយបំផុតពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងពួកប្រជាធិបតេយ្យ ។

ដោយអនុវត្តតាមអនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៦ ចាប់ពីខែមីនា ឆ្នាំ១៩៤៦នោះមក គណបក្សនយោបាយជាច្រើនត្រូវបានបង្កើតឡើង ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលទើបត្រឡប់មកពីប្រទេសបារាំង និងលោក អៀវ កើស បានរួបរួមគ្នាបង្កើតគណបក្សប្រជាធិបតេយ្យ ។ ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត បង្កើតគណបក្សសេរីភាព ។ ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា បង្កើតគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន ។ គណបក្សទាំង៣នេះ សុទ្ធតែដឹកនាំដោយរាជវង្សទាំងអស់ ។

អស់ពីសឺង ង៉ុកថាញ់ ដែលបារាំងយកទៅឃុំទុកនៅឯប្រទេសបារាំងនោះ ពួកសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ នាំគ្នាបាក់ទៅគាំទ្រព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស យ៉ាងគគ្រឹកគគ្រេង ។

ព្រះនរោត្តម សីហនុ បានធ្វើការកត់សម្កាល់ថា នៅក្នុងយុទ្ធការឃោសនាបោះឆ្នោត គណបក្សប្រជាធិបតេយ្យ របស់ព្រះអង្គស៊ីសុវត្ថិ យុត្តិវង្ស បានរៀបចំយុទ្ធសាស្ត្រឃោសនាបោះឆ្នោតល្អបំផុត និងប្រកបដោយថាមពលខ្លាំងក្លា ជាងគណបក្ស២ទៀត ដាច់ឆ្ងាយតែម្តង។

គណបក្សប្រជាធិបតេយ្យមានបញ្ញាវ័ន្តជាច្រើនដើរឃោសនា ដូចជា សឺន សាន បណ្ឌិតសេដ្ឋកិច្ចដ៏ល្បីល្បាញ និងជាអតិតនិស្សិតសាលាពាណិជ្ជកម្មជាន់ខ្ពស់នៅប្រទេសបារាំង , ឈាន វ៉ម និងថុន អ៊ុក សុទ្ធតែជាបញ្ញាវ័ន្តមានបញ្ញាបត្រអក្សរសាស្ត្រ មកពីបារាំង , ហ៊ុយ កន្ធុល ជាសាស្ត្រចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដ៏ល្បីល្បាញ , សុន វ៉ឺនសៃ ជាវិស្វករ មកពីសាលាកណ្តាលប្រទេសបារាំង, ស៊ឺម វ៉ា និង លោកប៉ែន នុត ជាដើម ។

គណបក្សប្រធិបតេយ្យទទួលយកបានការគាំទ្រពីសំណាក់ប្រជារាស្ត្រជាច្រើន តាមរយៈការជួយឃោសនារបស់ព្រះសង្ឃ និងមន្ត្រីរាជការព្រមទាំងសាស្ត្រចារ្យលោកគ្រូអ្នកគ្រូ ផងដែរ។

គណបក្សប្រជាធិបតេយ្យ ធ្វើការទាក់ទាញយកសម្លេងគាំទ្រដោយសន្យាថានឹងទាមទារឯរាជ្យពីបារាំងមកវិញ ហើយថាបើជាប់ឆ្នោត ពួកគេនិងបង្កើតរាជរដ្ឋភិបាលមួយ ដោយប្រជារាស្ត្រ និងដើម្បីប្រជារាស្ដ្រសម្រាប់ការឡើងកាន់អំណាចនោះ ។

ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្គាល់ទៀតថា ពួកប្រជាធិបតេយ្យបានយកឃ្លាប្រយោគខ្លះៗក្នុងព្រះរាជសាររបស់ព្រះអង្គ ដែលបានថ្លែងទៅកាន់ប្រជារាស្ត្រថា ព្រះអង្គនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការអំពាវនាវឲ្យប្រជារាស្ត្រនៅស្រុកស្រែចម្ការ ដែលស្រលាញ់គាំទ្រព្រះអង្គ ឲ្យទទួលយកនូវការធ្វើប្រជាធិបតេយ្យូបកម្មនោះទៅឃោសនា ដើម្បីយកចំណេញឲ្យគណបក្សពួកគេផងដែរ ។

ព្រះមហាក្សត្រយល់ថា ដោយដឹងច្បាស់ពីប្រជារាស្ត្រខ្មែរមានជំនឿជឿជាក់លើរបបរាជាធិបតេយ្យ គ្មានអ្វីប្រែក្រឡាស់បាននោះ ពួកប្រជាធិបតេយ្យមិនហ៊ានឃោសនាអន្ទងឲ្យប្រជារាស្ត្រខ្មែរទទួលយករបបប្រជាធិបតេយ្យមួយដែលដកហូតអំណាចទាំងអស់ពីព្រះមហាក្សត្រនោះឡើយ ។ ផ្ទុយទៅវិញ ពួកគេតែងឃោសនាថា ព្រះមហាក្សត្របានទទួចសុំឲ្យប្រជារាស្ត្របោះឆ្នោតមកប្រើ ដើម្បីទាក់ទាញប្រជារាស្ត្រយកសន្លឹកឆ្នោតមួយចំណែកធំ ដែរ ។

ប៉ុន្តែសម្រាប់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ពួកគេយល់ថា ព្រះអង្គម្ចាស់ យុត្តិវង្ស ដែលស្នាក់នៅ និងសិក្សារៀនសូត្រនៅប្រទេសបារាំង អស់រយៈពេល១៥ឆ្នាំនោះ បាននាំមកនៅគំនិតថ្មីៗ និងសេក្តីសង្ឃឹមដល់នយោបាយកម្ពុជា ដែលនៅទ្រឹងស្ងៀម គ្មានសកម្មភាពអ្វីទាំងអស់ ហើយពូកគេជឿរជាក់ថា ព្រះអង្គម្ចាស់យុត្តិវង្ស និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនជាមិនខាន។

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលមួយ ដើម្បីជ្រើសរើសសមាជិកសភាបានប្រព្រឹត្តឡើងជាប្រវត្តិដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយលទ្ធផលនៃការបោះឆ្នោតនោះ គឺគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជាប់ឆ្នោតនៅក្នុងសភាបានចំនួន៥០អាសនៈ គណបក្សសេរីភាព ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ទទួលបាន១៤អាសនៈ និងគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿនទទួលបាន ៣អាសនៈ ក្នុងចំណោមអាសនៈសភាសរុប ៦៧អាសនៈ ។

បើតាមព្រះមហាក្សត្រនរោត្តម សីហនុ បានវាយតម្លៃថា ជ័យជម្នះរបស់គណបក្សប្រជាធិបត្យ ដែលទទួលបានអាសនៈនៅក្នុងសភាដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ គឺដោយសារប្រជាប្រិយភាពរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលល្បីរន្ធឺខ្លាំងធ្វើឲ្យប្រជារាស្ត្រខ្មែរភាគច្រើនបោះឆ្នោតគាំទ្រនោះ គឺដោយសារ ទី១ ទ្រង់ជាជនជាតិខ្មែរដំបូងគេបង្អស់ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតមកពីប្រទេសបារាំង និងមានមហេសីជាជនជាតិបារាំង ព្រមទាំងពូកែធ្វើនយោបាយបែបប្រជាភិថុទៀតផង ។

ក្រោយលទ្ធផលបោះឆ្នោតថ្ងៃទី០១ ខែកញ្ញានោះ អៀវ កើស ដែលជាមេដឹកនាំគណបក្សឈ្នះឆ្នោត៥០អាសនៈនៅក្នុងសភា ត្រូវបានតែងតាំងជាប្រធានសភាពិគ្រោះយោបល់ មិនមែនជាសភាធម្មនុញ្ញទេ៕ (មានត.ទៅទៀតនៅភាគទី៥៨)