អតីតជើងចាស់ Marcello Lippi "Juventus ចាប់ផ្តើម​ជះឥទ្ធិពលខ្លាំងក្រោយមានវត្តមាន Cristiano Ronaldo " ​

Ronaldo បាន​ចាកចោល​ទ្រនំ​ចាស់ Real Madrid ក្នុង​តម្លៃ​ខ្លួន ១០៥ លាន​ផោន​ផ្លាស់​មក​ទឹក​ដី Turin នៃ​ក្លឹប​យក្ស Juventus កាល​ពី​រដូវ​ក្តៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៨ នេះ។

វិស័យ​បាល់ទាត់​ហាក់​មាន​ភាព​ជ្រួលច្របល់​បន្ទាប់​ពី​បុរស​វ័យ ៣៣ ឆ្នាំ​បង្កើត​នូវ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាល​ពី​ថ្ងៃ​ទី ១០ ​កក្កដា។ យ៉ាងណាមិញ​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​ជើង​ចាស់​នៅ​សេះ​បង្កង់​លោក Marcello Lippi បាន​បង្ហើប​ថា​នេះ​ពិត​ជា​ចំណុច​វិជ្ជមាន​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ក្លឹប​របស់​ខ្លួន។

ថ្លែង​ប្រាប់​កាសែត Courier Dello Sport លោក Lippi បាន​មាន​ប្រសាសន៍​ថា៖ “Juventus បាន​ចុះ​ហត្ថលេខា​យក​គាត់​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ​មួយ ខណៈ Ronaldo បាន​ជះ​ឥទ្ធិពល​ខ្លាំងក្លា​បំផុត ប្រសិន​ណា​សេះ​បង្កង់​ចុះ​ហត្ថលេខា​យក​ Cristiano បាន​តាំង​ពី​បី​ឆ្នាំ​មុន​ម្ល៉ោះ​គាត់​ក៏​នឹង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ឲ្យ​ក្លឹប​កាន់​តែ​ច្រើន​ជាង​នេះ”។

គួររំឭក​ផងដែរថា​កន្លង​ទៅ​ម្ចាស់​ពាន Ballon d’Or ប្រាំ​សម័យ​កាលរូប​នេះ​ក៏​បង្ហាញ​ពី​គោលជំហរ​ចង់​ដណ្តើម​យក​សម័យ​លើក​ទី ៦ របស់​ខ្លួន​ដែល​ត្រៀម​នឹង​ប្រកាស​នា​ខែ​ធ្នូ ចុង​ឆ្នាំ ២០១៨ នេះ​ផង​ដែរ។


ប្រភព៖ Express