Cristiano Ronaldo ប្រាប់ពីមូលហេតុដែលខ្លួនរក្សានូវទម្រង់ដ៏ល្អ បើទោះបីជាខ្លួនមានវ័យ៣៣ឆ្នាំក៏ដោយ

ស្ថិត​ក្នុង​វ័យ ៣៣ ឆ្នាំ​កីឡាករ​ឆ្នើម Cristiano Ronaldo នៅ​តែ​អាច​បង្ហាញ​ទម្រង់​លេង​ល្អ និង​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​ខ្លួន​នៅ​លើ​ទីលាន។ តាម​ការ​សិក្សា​កាយសម្បទា​របស់ Ronaldo ប្រដូច​បាន​ទៅ​នឹង​បុរស​វ័យ ២៣ ឆ្នាំ​ពោល​គឺ​ខុស​គ្នា​ដល់​ទៅ ១០ ឆ្នាំ​ឯ​ណោះ។

ទាំង​ដែល​មាន​កាយសម្បទា​ល្អ​ហើយ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​បាន​បង្ហើប​នូវ​ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​ខ្លួន​អាច​រក្សា​កម្រិត​លេង​ល្អ​បាន​ដល់​សព្វថ្ងៃ។ ថ្លែង​ប្រាប់​កាសែត France Football៖ “ក្នុង​វ័យ​ដូច​ខ្ញុំ​នេះ ពុំ​មាន​កីឡាករ​ណា​មួយ​ដែល​ព្រម​ដើរ​ចេញ​ពី​ក្លឹប​ល្អ​ទៅ​កាន់​ក្លឹប​ដទៃ​ក្នុង​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ​ឡើយ និយាយ​ឲ្យ​ត្រង់​ខ្ញុំ​ជា​អត្តពលិក​ខុស​ពី​គេ មនុស្ស​ខុស​ពី​គេ និង​ខួរក្បាល​ការ​គិត​ក៏​ខុស​ពី​គេ​ដែរ”។

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ឲ្យ Juve បន្ថែម​ទៀត​ថា៖ “អាច​ថា​ប្រហែល​ជា​មូលហេតុ​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​រក្សា​នូវ​កម្រិត​កំពូល​បាន​ដល់​ទៅ ១២ ឆ្នាំ​មក​នេះ ព្រោះ​ក្នុង​វ័យ​នេះ ដោយ​សូម​បង្ហាញ​ការ​គោរព​ដល់​មនុស្ស​ដែល​ធ្លាប់​បាន​សម្រេច​ជោគជ័យ ពួក​គេ​បាន​ទៅ​លេង​នៅ​ប្រទេស​ចិន Emirates ឬ​ឥណ្ឌា ហើយ​បញ្ចប់​អាជីព​នៅ​ទី​នោះ ដោយ​ពុំ​បាន​រក្សា​កម្រិត​កំពូល​របស់​ខ្លួន”។
ប្រភព៖ Sportbible