Cavani យកពានប្រអប់ជើងមាស Golden Foot ឆ្នាំ២០១៨ ផ្ដួល CR7 និង Messi

ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris St Germain ឈ្នះពានរង្វាន់ប្រអប់ជើងមាស Golden Foot ឆ្នាំ២០១៨ និងបានធ្វើពិធីប្រគល់ទទួលនៅម៉ូណាកូកាលថ្ងៃអង្គារទី៣០ខែតុលា។

ពាន Golden Foot រៀបចំឡើងដោយ World Champions Club សម្រាប់ផ្ដល់ជូនកីឡាករបាល់ទាត់កំពុងប្រកបអាជីពដែលមានវ័យចាប់ពី២៨ឆ្នាំឡើងទៅ ដោយផ្ដោតលើសមិទ្ធផលកីឡាលេចធ្លោរបស់កីឡាកររូបនោះទាំងលក្ខណៈបុគ្គលនិងជាក្រុម និងបុគ្គលិកលក្ខណៈរបស់កីឡាករនោះផងដែរ។ កីឡាករម្នាក់អាចឈ្នះពាននេះបានតែ១ដងប៉ុណ្ណោះ។

កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយវ័យ៣១ឆ្នាំរូបនេះបានប្រជែងឈ្នះ Cristiano Ronaldo, Lionel Messi និងមិត្តរួមជាតិ គឺ Luis Suarez ដើម្បីយកពានដ៏មានកិត្តិយសមួយនេះ។ Cavani បានផ្ដិតពុម្ពប្រអប់ជើងរបស់គេក្នុងដីឥដ្ឋមុនពេលទទួលពាននេះ។ការជ្រើសរើសជ័យលាភីគឺយោងតាមសំឡេងឆ្នោតរបស់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសាធារណៈជន។

Cavani បានចាប់ផ្ដើមអាជីពបាល់ទាត់នៅក្លិប Danubio ក្នុងប្រទេសកំណើតរបស់ខ្លួនក្នុងឆ្នាំ២០០៥ មុននិងផ្លាស់មកអឺរ៉ុបក្នុងឆ្នាំ២០០៧ ដោយចូលរួមក្លិបអ៉ីតាលី Palermo។ នៅឆ្នាំ២០១០ គេបានផ្លាស់ទៅ Napoli មុនមកចូលរួម PSG ក្នុងឆ្នាំ២០១៣។

ចាប់តាំងពីរដូវកាល២០០៨-០៩មក គេបានស៊ុតចូលក្នុងចំនួនតួលេខ២ខ្ទង់រៀងរាល់រដូវកាល។ នៅក្រុមជម្រើសជាតិអ៊ុយរុយហ្គាយវិញ គេបានចូលលេង១០៧ប្រកួតមកទល់ពេលនេះនិងស៊ុតចូល៤៦គ្រាប់ និងបានឈ្នះពាន Copa America ឆ្នាំ២០១១៕


ប្រែសម្រួល៖ ឡាលីដ