ប្រជាពលរដ្ឋម្ចាស់ដីទាំង១៥គ្រួសារដែលទើបទទួលបានយុត្តិធម៌ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាង៣ឆ្នាំ ស្នើសុំអោយសមត្ថកិច្ចគ្រប់ស្ថាប័ន តាមចាប់ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង ដែលកំពុងរត់គេចពីដីកាតាមចាប់ខ្លួន
ព័ត៌មាន
1.36K

កំពង់ឆ្នាំង ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋរយៈពេលជាង៣ឆ្នាំក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ក្រោយពេលម្ចាស់ដីពិតប្រាកដបានទទួលយុត្តិធម៌ពីតុលាការ ដោយទទួលស្គាល់ឈ្មោះ លី ផេង ជាម្ចាស់កម្មសិទ្ធិដីពិតប្រាកដ ចំណែកឈ្មួញដីក្លែងក្លាយឈ្មោះ អៀ គុយម៉ុង កំពុងតែរត់គេចខ្លួនពីដីកាតាមចាប់

រូបភាព៖ ដីកាបង្កាប់ឱ្យចាប់ខ្លួនឈ្មោះ អៀ គុយម៉ុង

នៅរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០១៨ នេះលោកតា ជៀម ហៃ តំណាងអោយប្រជាពលរដ្ឋម្ចាស់ដីទាំង១៥គ្រួសារដែលបានលក់ដីអោយឈ្មោះ លី ផេង បានស្នើសុំអោយសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជួយតាមចាប់ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង ដែលជាឈ្មួញជើងខ្លាំងពូកែខាងបោកក្នុងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ដើម្បីកុំអោយបុគ្គលរូបនេះមានឱកាសទៅបោកប្រាស់យកដីរបស់ប្រជាពលរដ្ឋស្លូតត្រង់ផ្សេងៗទៀត។ ហើយលោកតា ជៀម ហៃ ក៏បានសំណូមពរប្រជាពលរដ្ឋរងគ្រោះទាំង៤០គ្រួសារដែលត្រូវបានឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង បោកអោយទិញដីពុះឡូត៍ ជាដីរបស់គ្រួសារលោក ជៀម ហៃ បានលក់ទៅអោយឈ្មោះ លី ផេង មិនមែនជាដីរបស់ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង ឡើយ ។ លោកតា ជៀម ហៃ សូមសំណូមពរបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់សូមមេត្ដាកុំទាមទារថ្លៃខាតបង់ពីលោកតាអី គួរតែរកឈ្មោះ អៀ គុយម៉ុង និងក្រុមគ្រួសារអោយមកដោះស្រាយថ្លៃខាតបង់ទាំងអស់នេះ និងអោយសមត្ថកិច្ចមានអនុវត្តតាមនីតិវិធីច្បាប់។

វិដេអូ៖ ប្រជាពលរដ្ឋម្ចាស់ដីទាំង១៥គ្រួសារអំពាវនាវសមត្ថកិច្ចគ្រប់ស្ថាប័នតាមចាប់ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង

រូបភាព៖ ប្រជាពលរដ្ឋម្ចាស់ដីទាំង១៥គ្រួសារអំពាវនាវសមត្ថកិច្ចគ្រប់ស្ថាប័នតាមចាប់ឈ្មួញដីក្លែងក្លាយ អៀ គុយម៉ុង

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង២សៀល សាលាដំបូងរាជធានីភ្នំពេញបានបើកការទាញហេតុផលដោយផ្ទាល់មាត់ជាសាធារណៈ លើសំណុំរឿងរដ្ឋប្បវេណីលេខ ៣៣៨ ចុះថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានចៅក្រមជំនុំជម្រះលោក ធាម ច័ន្ទ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយដើមចោទឈ្មោះ លី ផេង អ្នកតំណាងអាណត្តិលោកមេធានី អ៊ុច សុផល។ សហចុងចម្លើយឈ្មោះ ជៀម ហៃ អ្នកតំណាងអាណត្តិលោកមេធាវី ហាស់ យូហ្សា។ សហចុងចម្លើយឈ្មោះ អៀ គុយម៉ុង មានអ្នកតំណាងអាណត្តិ៥រូប គឺលោកមេធាវី ណាច ទ្រី លោកមេធាវី ធួន សុធា លោកមេធាវី ប្រាក់ សំបូរ លោកមេធាវី រស់ ផល្លា លោកមេធាវី មួន សៀងលី។

ក្រោយពេលមេធាវីដើមចោទ និងមេធាវីចុងចម្លើយបានថ្លែងការណ៍អំពីអង្គហេតុនៃសាច់រឿង ផ្អែកតាមលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់និងការពិនិត្យភស្តុតាង ចៅក្រម ធាម ច័ន្ធពិសិដ្ឋ បានចេញសេចក្ដីសម្រេចបញ្ចប់ទទួលស្គាល់ឈ្មោះ លី ផេង ជាម្ចាស់កម្មសិទ្ធិលើដីទំហំ ៥៧.៩៥៣ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង។ និងបង្គាប់អោយចុងចម្លើយឈ្មោះ អៀ គុយម៉ុង សងសំណងការខូចខាតនិងសំណងជំងឺចិត្តចំនួន ៥០០០០ម៉ឺនដុល្លារអាមេរិក ទៅដើមចោទឈ្មោះ លី ផេង ការទាមទារលើសពីនេះច្រានចោល និងឱ្យចុងចម្លើយឈ្មោះ អៀ គុយម៉ុង ទទួលបន្ទុកលើប្រាក់ប្រដាប់ក្ដី។

រូបភាព៖ សេចក្ដីសម្រេចបញ្ចប់របស់សាលាដំបូងរាជធានីភ្នំពេញ

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨

វិដេអូ៖ សេចក្ដីរាយការណ៍ព័ត៌មាន ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨


ឯកសារយោងផ្សេងៗ

ប្រជាពលរដ្ឋរងគ្រោះចំនួន៤០គ្រួសារ ដែលជាអ្នកទិញដីពីឈ្មោះ អៀ គុយម៉ុង កំពុងចាញ់ឧបាយកលបោកពីឈ្មោះ អៀ គុយម៉ុង ថែមទាំង​ខ្ចីដៃប្រជាពលរដ្ឋ មកប្រើប្រាស់បោកបញ្ឆោត ប្រើល្បិចបំប៉ោងព័ត៌មានពីសទៅខ្មៅ ដោយចោទថាលោក ជៀម ហៃ បានប្ដឹងជាមួយពលរដ្ឋ៤០គ្រួសារទៅវិញ ប៉ុន្តែតាមពិតគឺលោក ជៀម ហៃ បានប្ដឹងទៅលោក អៀ គុយម៉ុង តែម្នាក់ប៉ុណ្ណោះហើយនៅពេលនេះតុលាការបានចេញដីកាតាមចាប់ខ្លួនលោក អៀ គុយម៉ុង ដែលកំពុងរត់គេចខ្លួន។

រូបភាព៖ ដីកាបង្គាប់ឱ្យចូលខ្លួន និងដីកាបង្គាប់អោយនាំខ្លួន

តំណាងប្រជាពលរដ្ឋរងគ្រោះប្រមាណ៤០គ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ បានឲ្យដឹងថា ពីមុនពួកគាត់រស់នៅលើផ្ទៃទឹក បន្ទាប់មកក៏​បានចំណាយលុយទិញដីម្នាក់មួយឡូត៍ ស្ថិតនៅភូមិ៧ ដោយខ្លះចំណាយ​ ៣,០០០ដុល្លារ ខ្លះ ៥,០០០ដុល្លារ រហូតដល់ជាង១ម៉ឺន​ដុល្លារ ពីឈ្មោះ អៀ គុយម៉ុង ជាម្ចាស់ដីឡូត៍ដើម្បីទុកសង់លំនៅឋាន​រស់នៅនឹងគេ ប៉ុន្ដែពេលដែលពួក​គាត់បោះបង្គោល តាមព្រំដីនោះស្រាប់តែ ឈ្មោះ ជៀម ហៃ និងបក្ខពួករបស់គាត់បានមកដកបង្គោលចោល ដោយអះអាងថា គឺជាដីរបស់ខ្លួនដូច្នេះប្រជាពលរដ្ឋ គ្មានសិទ្ធិកាន់កាប់នោះទេ។

រូបភាព៖ ប្រជាពលរដ្ឋរងគ្រោះប្រមាណ៤០គ្រួសារមកបោះបង្គោលព្រំដី ព្រោះចាញ់បោក អៀ គុយម៉ុង ហៅក្ដាន់

ឈ្មោះ លី ផេង និងឈ្មោះ ជៀម ហៃ បានដាក់ពាក្យប្ដឹងឈ្មោះ សាយ សូ និងឈ្មោះ អៀ គុយម៉ូង (ក្ដាន់) ពីបទ​ឆបោកប្រាក់ ក្លែងឯកសារនិងលួចលក់ដី ដែលធ្វើឡើងនៅបញ្ជាក់ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ខែ កញ្ញាឆ្នាំ២០១៦ បញ្ជូនអោយព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ តែពុំមានចំណាត់ការឡើយដោយអូសបន្លាយពេលយូរខែគ្មានដំណោះស្រាយ។

រូបភាព៖ របាយការណ៍អាវុធហត្ថខេត្តកំពង់ឆ្នាំង

ដោយគ្មានចំណាត់ការដូច្នេះឈ្មោះ ជៀម ហៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានសុំអន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ដោយ​សុំ​ផ្ទេរ​សមត្ថកិច្ចនៃសំណុំរឿងព្រហ្មទណ្ឌ ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ។ លិខិតសុំអន្ដរាគមន៍នេះ ត្រូវបានលោករដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌សម្រេចឯកភាព កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦​ផងដែរ​។

រូបភាព៖ លិខិតក្រសួងយុត្តិធម៌ផ្ទេរនីតិវិធីពីកំពង់ឆ្នាំងទៅរាជធានីភ្នំពេញវិញ

ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នតុលាការនៅរាជធានីភ្នំពេញ ទើបសាលាដំបូងរាជធានីភ្នំពេញ​បានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ សាយ សូរ បណ្ដោះអាសន្ននៅថ្ងៃទី១៩ខែមករាឆ្នាំ២០១៧ ចោទពីបទឧក្រិដ្ឋ បទមជ្ឈិម ដែលច្បាប់កំណត់ដាក់ពន្ធនាគារស្មើឬលើស១ឆ្នាំ (មាត្រា២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) បន្ទាប់ពីឃាត់ខ្លួន ឈ្មោះ សាយ សូរ នេះសមត្ថកិច្ចកិច្ចបានស្រាវជ្រាវរកឃើញ​មានប្រព្រឹត្តិបទល្មើសចំនួន២ករណី​បន្ថែមទៀត ក្នុងនោះមានករណីរំលោភសេពសន្ថវៈ១ករណីផងដែរ។​

រូបភាព៖ ដីកាសំរេចឃុំខ្លួនបណ្ដោះអាសន្ន ឈ្មោះ សាយ សូរ

ការស្រាវជ្រាវនៅតែបន្តរហូតដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបា​នចេញដីកាបង្គាប់អោយនាំខ្លួនឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ ដោយបង្គាប់មកកងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់​ ដោយឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់បានរត់គេចខ្លួនមុន១ថ្ងៃចេញដីការបស់តុលាការ​។

រូបភាព៖ ដីកាបង្គាប់ឱ្យនាំខ្លួន អៀ គុយម៉ុង

ប្រជាពលរដ្ឋទាំង១៥គ្រួសារដែលទទួលបានយុត្តិធម៌ក៏បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អង្គ វង្ស ​វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បីបានជួយរកយុត្តិធម៌ជូនដល់ពួកគាត់និងចាប់ខ្លួនឈ្មួញដីជើងខ្លាំង​ប្រចាំខេត្តកំពង់ឆ្នាំងដែលបន្លំឯកសារ​ចង់លេបត្របាក់ដីប្រជាពលរដ្ឋ​ទាំងស្រស់ដោយមិនខ្លាច​ញញើតនិងច្បាប់បន្តិចសោះឡើយ។​

រូបភាព៖ ប្រជាពលរដ្ជជាម្ចាស់ដីពិតប្រាកដទាំង១៥គ្រួសារ ដែលបានលក់ដីអោយឈ្មោះ លី ផេង

គួរបញ្ជាក់ថា ឈ្មោះ អៀ គុយ ម៉ុងហៅក្ដាន់ ដែលគេស្គាល់ថាជាឈ្មួញជើងខ្លាំងរកស៊ីទិញលក់ដី (ស្របច្បាប់និងមិនស្របច្បាប់) ប្រចាំខេត្តកំពង់ឆ្នាំង ដោយមានមន្ត្រីថ្នាក់កំពូលៗប្រចាំខេត្តកំពង់ឆ្នាំងចាំធ្វើជាខ្នងបង្អែកជួយអន្តរាគមន៍​ដោះស្រាយដើម្បីចែកប្រយោជន៍គ្នា ក៏ធ្លាប់ពាក់ព័ន្ធរឿងដីធ្លីផ្សេងៗជាច្រើនករណីផងដែរ នេះបើយោងតាមគេហទំព័រ http://inforkg.blogspot.com/2015/02/blog-post_43.html# បានចេញផ្សាយកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៥ គឺកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ប្រពន្ធលោក អៀ គុយម៉ុង ហៅក្តាន់ បានមកសុំធ្វើការឈូសឆាយទីធ្លាសាលាមត្តេយ្យ ដើម្បីយកកន្លែងធ្វើបុណ្យ តែលោក ជា ណុំ បានប្រាប់ថាគាត់មិនហ៊ានអនុញ្ញាតិធ្វើការឈូសឆាយទេ។លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ វេលាជាងម៉ោង៥ល្ងាចលោកគ្រូ នុត សារ៉ា បានឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយអគារនោះរាបដល់ដីទៅហើយ។នៅព្រឹកថ្ងៃទី២៨ លោក ស៊ីវ ចាន់ផល នាយកសាលាបឋមសិក្សាស្វាយជ្រុំ​បានធ្វើលិខិតជូនដំណឹងទៅលោកមេឃុំស្វាយជ្រុំ ជួយចាត់ចែង និងអញ្ជើញសាម៉ីជនមកបំភ្លឺ ព្រោះថាដីសាលាមត្តេយ្យនេះជាទ្រព្យសម្បត្តិរបស់រដ្ឋ ពុំមានលោកគ្រូណាម្នាក់មានសិទ្ធិលក់ដីសាលាមត្តេយ្យនេះឡើយ ទោះបីអាគារនោះទ្រុឌទ្រោមគ្មានសិស្សរៀនក៏ដោយ។ អគារទ្រុឌទ្រោមរបស់មត្តេយ្យសាលាស្វាយជ្រុំ ដែលត្រូវបានគេវាយបំផ្លាញរួចអស់ទៅហើយ ដែលសាលាមត្តេយ្យនេះមានទំហំ៥២៣ម៉ែត្រការ៉េ អាគារមានសភាពបែកបាក់នៅតែគ្រឹះសសរ និងជញ្ជាំងបន្តិចបន្តួចគ្មានដំបូលទេ ប៉ុន្តែបានបញ្ជូលក្នុងបញ្ជីរសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋរួចហើយ។

រូបភាព៖ សាលាមត្តេយ្យដែលគេវាយកម្ទេចប៉ុនប៉ងរំលោភយកដីរបស់រដ្ឋ

ដោយឡែកយោងតាមគេហទំព័រ ខ្មែរដេលី http://thekhmerdaily.com/article/37449 ដែលបានចុះផ្សាយកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ គឺលោក អៀ គុយម៉ុង ហៅ ក្តាន់ រស់នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកពាក់ព័ន្ធ ជាមួយឈ្មោះ ម៉ៅ វឿន មេឈ្មួញរកស៊ីឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋទៅលក់បន្ត និងឈ្មោះ សោម សុទ្ធ ជាមេភូមិក្តុល ជាអ្នកយកប្រាក់ឲ្យពលរដ្ឋដោយបានយកឈ្មោះសម្តេចតេជោទៅប្រើភូតភរពលរដ្ឋ ដើម្បីតែប្រយោជន៍ខ្លួននោះ កំពុងតែព្យាយាមគេចវេសពីការចូលខ្លួនមកបំភ្លឺជូនក្រុមការងារថ្នាក់ខេត្ត។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះពិនិត្យ និងស្រាវជ្រាវការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋនៅតំបន់ដក់ត្រី ភូមិក្តុល ឃុំក្រាំស្គារ ស្រុកទឹកផុស បានបញ្ជាក់ថា ក្រោយពីការពិនិត្យស្រាវជ្រាវតាមលក្ខណៈបច្ចេកទេសរួចមកដីព្រៃ របស់រដ្ឋជាង១៥០ហិកតា ត្រូវបានឈ្មោះ ម៉ៅ វឿន មេឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋដាក់គ្រឿងចក្រចូលឈូសឆាយរួចរាល់ដោយគ្មានការសុំការអនុញ្ញាតក្នុងនោះដីព្រៃមានបណ្ណចំនួន៦០ហិកតា និងដីពរបស់រដ្ឋគ្មានបណ្ណជាង៩០ហិកតា។

លោក ជុន ថារិទ្ធ បានបន្ថែមថា ចំពោះតំណាងប្រជាពលរដ្ឋដែលរងគ្រោះដោយសារឈ្មោះ សោម សុទ្ធ ឲ្យផ្តិតមេដៃដើម្បីលួចធ្វើបណ្ណយកដីព្រៃរដ្ឋនោះ បានចូលខ្លួនមកបំភ្លឺពីដំណើររឿងជូនក្រុមការងារអស់ហើយ។ ចំណែកឈ្មោះ ម៉ៅ វឿន និង ឈ្មោះ សោម សុទ្ធ ក៏បានចូលមកបំភ្លឺនៅ ថ្ងៃទី៣០ ខែមីនារួចហើយដែរ ក៏ប៉ុន្តែឈ្មោះ អៀ គុយម៉ុង ហៅ ក្តាន់ ក្រុមការងារបានកោះហៅឲ្យចូលខ្លួនមកបំភ្លឺចំនួន៣លើករួចមកហើយ តែមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មិនទាន់ឃើញវត្តមានចូលបំភ្លឺ នៅឡើយទេ ដែលករណីបែបនេះមានចេតនាគេចពីការសួរនាំពីក្រុមការងារ។ លោក បញ្ជាក់ថា ប្រសិនបើលោក អៀ គុយម៉ុង ហៅ ក្តាន់ មិនព្រមចូលខ្លួនមកបំភ្លឺទៀត ក្រុមការងារនឹងសុំគោលការណ៍ពីលោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញា ចេញដីការកោះហៅតាមនីតិវិធីតែម្តង។


ពាក់ព័ន្ធនិងករណីនេះ TVFB មិនអាចសុំការបំភ្លឺពីក្រុមគ្រួសារឬលោក អៀ គុយម៉ុង បានឡើយរយៈពេលជាង១ឆ្នាំមកនេះ ហើយយើងរង់ចាំធ្វើការបំភ្លឺជូន២៤ម៉ោង ដើម្បីអោយមហាកាន់តែទទួលបានព័ត៌មានកាន់តែច្បាស់៕