របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៦
ប្រវត្តិសាស្ត្រ
333

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ក្រោយពីបានចូលមកត្រួតត្រានៅតំបន់ឥណ្ឌូចិន ជាថ្មីវិញ បារាំងបានលើកព្រះចៅបៅដាយ ឲ្យកាន់អំណាចបន្តទៀតនិងចាប់ផ្តើមវាយបំបាក់ពួកវៀតមិញ រាំងខ្ចប់មិនឲ្យប្រជាប្រិយភាពរបស់ ហូ ជីមិញដែលជាបិតាឯករាជប្រទេស វៀតណាមនោះ សាយភាយមកដល់ភាគខាងត្បូង ដោយងាយស្រួលឡើយ ។

ចំណែកឯប្រទេសកម្ពុជាវិញ លោកស្នងការជាន់ខ្ពស់បារាំង ឡឺគ្លែក (Leclerc) បានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ ដោយបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការពារជាតិ , ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជារដ្ឋមន្ត្រីក្រសួងការបរទេស និងអប់រំ , ចាន់ ណាក ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណការ និង ទូរគមនាគមន៍ , ស៊ុម ហៀង ជារដ្ឋមន្ត្រីក្រសួងធម្មការ ពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ , វ៉ា កាម៉ែល ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ និងញឹក ជូឡុង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានឡើងជានាយករដ្ឋមន្ត្រីនេះ គឺដោយសារតែមនោសញ្ចេតនាយោគយល់របស់លោកស្នងការជាន់ខ្ពស់បារាំង ឡឺគ្លេក តែប៉ុណ្ណោះ ។

ក្រោយពីទ្រង់មុនីរ៉េត បានឡើងធ្វើជានាយករដ្ឋមន្ត្រី នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ប៉ុក ហ៊ែល ជាឪពុកក្មេករបស់ទ្រង់ មានភ្ញៀវជាមន្ត្រីធំៗ និងជំទាវៗភរិយា នាំគ្នាចេញចូលមិនដាច់យកគាប់គួរ ដើម្បីសុំបុណ្យសក្តិតួនាទីរៀងៗខ្លួន។ ប៉ុក ហ៊ែល ជាឪពុករបស់អ្នកម្នាង ប៉ុក វ៉ាណេ ដ៏ស្រស់ប្រិមប្រិយ ហើយប៉ុក ហ៊ែល នេះជាកូនប្រសារបស់ឧញ៉ាជហ្វាវាំង ជួន ។

ដោយមានរាជនុញ្ញាតពីព្រះមហាក្សត្រ នរោត្តម សីហនុ ដែរនោះ លោក លុយស្យៀង វាំងសង់ លូបេត (Lucien Vincent Loubet) ស្នងការប្រទេសបារាំងប្រចាំប្រទេសកម្ពុជា បានប្រគល់ភារកិច្ចឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី តាក់តែងពង្រាងរដ្ឋធម្មនុញមួយ ។ ប៉ុន្តែ ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត បែរជាចង់តាក់តែងពង្រាងរដ្ឋធម្មនុញមួយ ដែលស្របនឹងអត្តចរិករបស់ទ្រង់ គឺចង់បានរបបគ្រប់គ្រងមួយ ប្រកបដោយវិន័យតឹងរឹង ដូចជានៅក្នុងសាលាទាហាននៅសាំងសៀរ ប្រទេសបារាំង ទៅវិញ ។

ក្រោយពីទ្រង់តាក់តែងពង្រាងរដ្ឋធម្មនុញ្ញនោះ ជាមួយទីប្រឹក្សាបារាំងប៉ុន្មាននាក់ទៀតអស់រយះពេលជាច្រើនសប្តាហ៍មក ពង្រាងរដ្ឋធម្មនុញ្ញនោះត្រូវបានបញ្ចប់ តែពង្រាងរដ្ឋធម្មនុញ្ញនោះ មិនអាចធ្វើឲ្យមតិភាគច្រើនទទួលយកបានទេ។ តែយ៉ាងណា ស្នងការបារាំង ឡឺគ្លែក (Leclerc) ក៏បានស្នើព្រះមហាក្សត្រនរោត្តម សីហនុ ឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតសាកលមួយដែលមានគណបក្សនយោបាយច្រើនរួមដើម្បីជ្រើសតាំងតំណាងរាស្ត្រនៅក្នុងរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើពង្រាងរដ្ឋធម្មនុញ្ញនោះ។ ប៉ុន្តែទ្រង់យុត្តិវង្ស និងមេដឹកនាំគណបក្សប្រជាធិបតេយ្យផ្សេងៗទៀត ទាមទារឲ្យមានការបង្កើតសភាធម្មនុញ្ញមួយ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញប្រកបដោយស្វ័យភាព ។ តែស្នងការបារាំង នៅតែចង់បានរដ្ឋធម្មនុញ្ញមួយ ដែលមានការសម្បទានពីព្រះមហាក្សត្រ ហើយពង្រាងរដ្ឋធម្មនុញ្ញនោះត្រូវតែតាក់តែងដោយនាយករដ្ឋមន្ត្រី ដដែល។

ពួកប្រជាធិបតេយ្យនៅតែទាមទារឲ្យបង្កើតសភាធម្មនុញ្ញមួយ ដែលកើតចេញពីឆន្ទៈរបស់ប្រជារាស្ត្រ តាមរយៈការបោះឆ្នោតសាកល ហើយសភាធម្មនុញ្ញនោះគឺជាអ្នកតាក់តែងផ្ទាល់តែម្តងដោយគ្មានការជ្រៀតជ្រែក ពីពួកបារាំង ពីរដ្ឋាភិបាល ហើយសុំឲ្យព្រះមហាក្សត្រនៅជាអាជ្ញាកណ្តាល ប៉ុណ្ណោះ។ (មានត.ទៅទៀតនៅភាគទី៥៧)


(ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត)