របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៥
ប្រវត្តិសាស្ត្រ
1.06K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ប៉ាច ឈឺន បានប្រកាសថា មានបងប្អូនខ្មែរកម្ពុជាក្រោមចំនួន៦០០០នាក់ បានចូលរួមគាំទ្រក្នុងចលនាតស៊ូរបស់គាត់ ហើយមានយុវជនជាច្រើនរយនាក់បានស្ម័គ្រចិត្តចូលបម្រើជាកងទ័ពក្នុងចលនាតស៊ូរបស់គាត់ទៀតផង។ ប៉ុន្តែ៤ខែក្រោយមក កងទ័ពបារាំងបានចូលទៅកាន់កាប់តំបន់ព្រំដែននោះ ដូចមុនជាថ្មីម្តងទៀត ចលនាតស៊ូរបស់ប៉ាច ឈឺន ត្រូវបានរលាយទៅវិញបន្តិចម្តងៗដែរ ។

នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៦ ចៅ សែនកុសល ជាអតីតចៅហ្វាយខេត្តកំពង់ចាម ដែលរត់ចូលព្រៃជាមួយប៉ាច ឈឺន នោះដែរ ក៏សម្រេចចិត្តសុំចុះចូលជាមួយបារាំង វិញ។ ចំណែកប៉ាច ឈឺន ដោយសារចលានាតស៊ូរបស់គាត់ត្រូវរលាយបន្តិចម្តងៗនិងអាក់អន់ចិត្តចំពោះកងទ័ពវៀតមិញ ដែលគាត់ស្នើសុំឲ្យបើកការវាយប្រហារទៅលើក្រុងភ្នំពេញ ពួកវៀតមិញមិនព្រមធ្វើតាមការស្នើសុំនោះ ប៉ាច ឈឺន ក៏សម្រេចចិត្តសុំចុះចូលជាមួយបារាំង នៅក្នុងខែមេសា ឆ្នាំ១៩៤៦។ ចំណែកអ្នកដែលមិនព្រមចុះចូលជាមួយបារាំងមួយចំនួនទៀត ក៏បានចូលទៅតស៊ូជាមួយពួកវៀតមិញ បន្តទៀត។

ឯពួកវៀតមិញ ក៏មានគម្រោងបញ្ជូនជនជាតិវៀតណាម ដែលប្រឆាំងនឹងបារាំង រត់គេចខ្លួនពីទីក្រុងភ្នំពេញ និងខេត្តនានានោះឲ្យត្រឡប់ទៅធ្វើសកម្មភាពនៅកន្លែងដើមរបស់ពួកគេវិញដែរ ។ ចំណែកអតីតអ្នកដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំងទាំងប្រាំ៧នាក់កាលពីថ្ងៃទី០៩ខែសីហាឆ្នាំ១៩៤៥នោះមានម្នាក់ឈ្មោះ ហែម សាវ៉ាង បានរត់ចូលព្រៃដើម្បីធ្វើការតស៊ូបន្តទៀតក៏ពិតមែន តែគាត់មិនទៅចូលរួមជាមួយពួកវៀតមិញទេ គឺគាត់ទៅចូលរួមជាមួយចលនាតស៊ូខ្មែរឥស្សរៈនៅភាគខាងលិចប្រទេស ដែលនៅទីនោះគាត់បានជួបម៉ី ផូ ធ្លាប់រួមគ្នាធ្វើរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំងនោះដែរ។ ចលនាតស៊ូនោះស្ថិតនៅក្រោមការជួយឧបត្ថម្ភគាំទ្រ របស់នាយករដ្ឋមន្ត្រីថៃ ឈ្មោះ ព្រីឌី ផាណុំយ៉ុង ដែលធ្លាប់សហការជាមួយកងទ័ពជប៉ុន និងបានផ្សារទំនាក់ទំនងការទូតជាមួយរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់ហូ ជីមិញ ។

ប៉ុន្តែនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៧ ក្រោយឧត្តមសេនីយ៍វិបុល សង្គ្រាម បានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលព្រីឌី ផាណុំយ៉ុង មក ទំនាក់ទំនងការទូត រវាងថៃ និងរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នោះ ត្រូវបានបញ្ចប់ដែរ ។

ក្នុងពេលផ្ទុះសង្គ្រាមលោកលើកទី២ ពួកវៀតមិញ តស៊ូវាយកម្ចាត់ពួកបារាំងផងំ និងបរិហារពួកជប៉ុនផងដែរ ហើយនៅពេលបញ្ចប់សង្គ្រាម ហូ ជីមិញ បានក្លាយជាបិតាឯរាជ្យជាតិរបស់ប្រទេសវៀតណាម។

នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ១៩៤៥នៅទីក្រុងហាណូយ បានប្រារព្ធធ្វើពិធីប្រកាសឯករាជ្យរបស់វៀតណាម យ៉ាងអធិកអធម ហើយព្រះចៅបៅដាយ ព្រះមហារក្សត្រវៀតណាម ដែលនៅទីក្រុងព្រៃនគរ ក៏ប្រកាសអបអរសារទរការប្រកាសឯករាជ្យនោះដែរ ។ ប៉ុន្តែ១១ថ្ងៃក្រោយមក ដោយសារអន្តរាគមន៍របស់កងទ័ពអង់គ្លេស ជាសម្ព័ន្ធមិត្ត កងទ័ពបារាំងក៏បានចូលមក ដល់ទីក្រុងព្រៃនគរវិញ ហើយអ្វីដែលជាពាក្យសន្យារបស់អង់គ្លេស ដែលថាក្រោយពេលសង្គ្រាមបញ្ចប់ ខ្លួននឹងផ្តល់ឯករាជ្យ ដល់ប្រទេសនៅក្រោមអាណានិគមបារាំង និងជប៉ុន វិញនោះ គឺជាការលើកឡើង ឲ្យគ្រាន់តែពិរោះស្តាប់តែប៉ុណ្ណោះ ការពិតអង់គ្លេស នៅតែបើកដៃឲ្យបារាំង ធ្វើអាណានិគមមកលើតំបន់ឥណ្ឌូចិន ដដែល។  (មានត.ទៅទៀតនៅភាគទី៥៦)