របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៤
ប្រវត្តិសាស្ត្រ
3.04K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ក្រោយពីបារាំងមកចាប់លោក សឺង ង៉ុកថាញ់ យកទៅបាត់ មន្ត្រីជាន់ខ្ពស់ដែលជិតស្និទ្ធគាត់ជាច្រើន ក៏នាំគ្នារត់គេចខ្លួន ព្រោះខ្លាចបារាំងចាប់ដែរ ។ ប៉ាច ឈឺន អតីតអ្នកទោសកោះត្រឡាច ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផ្គត់ផ្គង់ ,ចៅសែន កុសល ចៅហ្វាយខេត្តកំពុងចាម និង ចៅហ្វាយស្រុក៧នាក់ទៀត បាននាំគ្នារត់គេចខ្លួនចូលទៅប្រទេសវៀតណាម ។ ចំណែក ហែម សាវ៉ាង ជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានវ័យក្មេងទាំង៧នាក់ ដែលបានចូលទៅក្នុងព្រះបរមរាជវាំង បំណងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលរបស់ព្រះមហាក្សត្រនរោត្តម សីហនុ កាលពីថ្ងៃទី០៩ខែសីហា នោះ ក៏បានរត់ពីគុកនៅក្នុងខែធ្នូ ទៅចូលព្រៃដែរ ។

ពេលនោះ មិនថាខ្មែរដែលមាននិន្ទាការប្រឆាំងនឹងបារាំងនោះទេ សូម្បីតែជនជាតិវៀតណាមនៅទីក្រុងភ្នំពេញ និងតាមខេត្តនានាជាច្រើន ដោយខ្លាចបារាំងសងសឹកមកលើពូកគេវិញ ក៏នាំគ្នាគេចខ្លួន ទៅទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)ដែលជា ស្រុកកំណើត ពួកគេវិញដែរ ។

ពេលបារាំងត្រឡប់មកវិញ ព្រះមហាក្សត្រនរោត្តម សីហនុ ដែលបានប្រកាសរំលាយចោលសនិ្ធសញ្ញាខ្មែរ បារាំង ឆ្នាំ១៨៦៣ និងឆ្នាំ ១៨៨៤ ដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនរោត្តម ជាព្រះអយ្យកាព្រះអង្គ ហើយបានប្រកាសថា ចក្រភពព្រះអាទិត្យ(ប្រទេសជប៉ុន)បានមកជួយរំដោះប្រជាជនអាស៊ី ពិសេសបានផ្តល់ឯរាជាឲ្យមកដល់ប្រទេសកម្ពុជា ឲ្យរួចផុតពីកណ្តាប់ដៃរបស់ពួកអាណានិគមនិយមបារាំងនោះ ព្រះអង្គបានប្រើវិធីលួងលោមឲ្យបារាំងយល់ហេតុផលថា យើងសុទ្ធតែជាអ្នកក្រីក្រតោកយ៉ាកខ្លាំងណាស់ ដើម្បីផ្គត់ផ្គង់សេក្តីត្រូវការផ្សេងៗ ឬដើម្បីការពារប្រទេស យើងត្រូវតែរេទៅតាមសភាពការណ៍ជាក់ស្តែង ព្រោះយើងជាប្រជាជាតិមួយដែលមានប្រជាជនតែ៣លាននាក់ ស្ថិតនៅចន្លោះប្រទេសសៀមដែលមានប្រជាជន៣លាននាក់ និងប្រទេសវៀតណាម មានប្រជាជន២០លាននាក់។

ឯពួកបារាំងក៏បានដឹងច្បាស់ដែរថា តាមរយៈឃឹម ទិត នោះគឺជាព្រះអង្គជាអ្នកស្នើសុំឲ្យបារាំងត្រឡប់មកកម្ចាត់ពួក សឺង ង៉ុកថាញ់ ដែលជាមនុស្សសិទ្ធនឹងជប៉ុន និងឲ្យបារាំងមកគ្រប់គ្រងប្រទេសកម្ពុជា វិញដែរ ។

នៅទីបំផុត បារាំងនៅតែរក្សាសម្តេច ព្រះនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាដដែល។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ បារាំងបានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយ ដោយមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងជាក្រសួងក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ផង ,ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជារដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស និងអប់រំជាតិ ,ចាន់ ណាក ជារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ , ឃឹម ទិត ជារដ្ឋមន្ត្រីក្រសូងសុខាភិបាលសាធារណការនិងទូរគមនាគមន៍ , ស៊ុម ហៀង ជារដ្ឋមន្ត្រីក្រសួងធម្មការ ពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ និង វ៉ា កាម៉ែល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៦ បារាំងបានធ្វើសម្បទានឲ្យមានការចុះហត្ថលេខាលើអនុសញ្ញាបារាំង ខ្មែរ បញ្ចប់ភាពជាអាណាព្យាបាលមកលើប្រទេសខ្មែរជាផ្លូវការ ប្រគល់ស្វ័យភាពខាងរដ្ឋបាលឲ្យខ្មែរវិញ ដោយគ្រាន់តែតម្រូវឲ្យមានមន្ត្រីបារាំងម្នាក់ធ្វើជាទីប្រឹក្សានៅគ្រប់ទីស្តីការរដ្ឋមន្ត្រី និងនៅគ្រប់ខេត្តប៉ុណ្ណោះ និងបានសន្យាឲ្យប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញមួយ តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សទៀតផង ហើយប្រទេសកម្ពុជា មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងដូចពីមុនទៀតទេ គឺកម្ពុជាជាសមាជិកសហភាពបារាំង ដែលមានប្រទេសផ្សេងៗទៀត ជាអតីតក្រោមអាណានិគមនិយមបារាំងទាំងអស់ ក៏ចូលរួមជាសមាជិកផងដែរ។

ក្រោយមក ដោយសារមានជំនួយពីពួកវៀតមិញ ប៉ាច ឈឺន និងចៅ សែនកុសល ដែលរត់គេចខ្លួនដោយសារតែខ្លាចបារាំងចាប់ កាលពីចុងខែតុលា ឆ្នាំ១៩៤៥នោះ ក៏មានលទ្ធភាពបង្កើតចលនាតស៊ូខ្មែរឥស្សរៈមួយនៅតាមបណ្តោយព្រំដែនវៀតណាម -កម្ពុជា ដើម្បីប្រឆាំងនិងបារាំង។

 (មានត.ទៅទៀតនៅភាគទី៥៥)