ខ្លាំងមែន! គ្រាន់តែបទ “មាន់ស្រែ” ១បទ ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី រកចំណូលបាន១០ម៉ឺនដុល្លារ
កម្សាន្ត
12.9K

រាជធានីភ្នំពេញ៖ ម្ចាស់បទ “មាន់ស្រែ” ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី បានអះអាងកាលពីពេលថ្មីៗនេះថា ពេលនេះអាជីពសិល្បៈរបស់នាងពិតជាលោតលឿនទៅមុខ ជាងការរំពឹងទុកទៅទៀត ព្រោះគ្រាន់តែល្បីបទ “មាន់ស្រែ” ១បទនោះ អាចឱ្យនាងរកបានប្រាក់ចំណូលដល់ទៅ១០ម៉ឺនដុល្លារ ហើយនាងទិញផ្ទះបាន១ល្វែង និងត្រៀមទិញផ្ទះថែម១ល្វែងទៀត នាពេលខាងមុខនេះផងដែរ។

ទោះជាយ៉ាងណា រ៉ាប៊ី បញ្ជាក់ថា លុយដែលនាងទិញផ្ទះ១ល្វែងនោះ គឺបានមកពីអាជីពចម្រៀង ក្រោយពេលដែលនាងល្បីបទ “មាន់ស្រែ” នោះ ហើយនាងទិញដោយបង់រំលស់ ពេលនេះជិតរួចហើយ ទើបគិតចង់ទិញផ្ទះថែម១ល្វែងទៀត ព្រោះថា នាងជាកូនអ្នកក្រ ដែលកើតនៅខេត្តបាត់ដំបង និងពេលនេះ បានទៅរស់នៅខេត្តកំពត។ ហេតុនេះហើយ បានជាចង់ទិញផ្ទះឱ្យបាននៅភ្នំពេញ ដូចគេ ហើយនាងយល់ថា ថ្ងៃក្រោយផ្ទះឡើងថ្លៃ នឹងបានចំណេញ ខុសពីការលេងម៉ូដឡាន ដែលប្រឈមការខាតរហូត។

ក្រៅពីរៀបគម្រោងទិញផ្ទះ១ល្វែងថែមទៀតនោះ នាងរ៉ាប៊ី ក៏បានទិញដី១ប្លង់នៅខេត្តកំពត ផងដែរ។ ពេលដែលនាងត្រឡប់មកពីច្រៀងសម្តែងនៅអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨ នេះ។ រ៉ាប៊ី ដែលតាំងចិត្តថា នឹងមិនលេងម៉ូដឡានហួសពីសមត្ថភាពដែលនាងអាចទៅរួចនោះ ពេលនេះនាងជិះរថយន្ត២គ្រឿង ឆ្លាស់គ្នា គឺ Lexus RX300 និង Starex។

រ៉ាប៊ី ដែលថាការចាកចេញពីការធ្វើ MC នៅហង្សមាស ចូលច្រៀងនៅថោន គឺជាជម្រើសត្រឹមត្រូវនេះ ក្រោយល្បីបទ “មាន់ស្រែ” ពេលនេះ នាងរំពឹងផ្ទុះបទមួយទៀតគឺបទ “លុយ លុយ លុយ” បើទោះជាមុននេះ ក្បាច់រាំរបស់នាងហាក់មានភាពស្រើបស្រាលខ្លាំងបន្តិច ក៏ដោយ៕