របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥៣
ប្រវត្តិសាស្ត្រ
2.61K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ សឺង ង៉ុកថាញ់ មានបំណងផ្សារទំនាក់ទំនងបេសកកម្មការទូតជាមួយរបបសាធារណរដ្ឋប្រជាធិបត្យវៀតណាមនៅភាគខាងត្បូងដើម្បីសហការគ្នាប្រឆាំងនឹងបារាំងបន្តទៀត។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល សឺង ង៉ុកថាញ់ បានអំពាវនាវឲ្យជនជាតិខ្មែរទាំងអស់ធ្វើសហប្រតិបត្តិការដោយចិត្តស្មោះស្ម័គ្រ និងដោយភាតរភាពជាមួយពួកវៀតណាមទៀតផង ។

ជាមួយគ្នានោះ សឺង ង៉ុកថាញ់ បានចាត់ឲ្យយុវជនខ្មែរកាត់ចិនម្នាក់ ឈ្មោះអៀ ស៊ីចូវ ដែលជាសហការីដ៏ជិតស្និទ្ធបំផុតរបស់គាត់ឲ្យធ្វើដំណើរទៅប្រទេសចិន ដើម្បីស្វែងរកជំនួយពីមេដឹកនាំប្រទេសនោះផងដែរ ព្រោះពេលនោះសឺង ង៉ុកថាញ់ បានបាត់បង់ជប៉ុន ជាខ្នងបង្អែករបស់ខ្លួនហើយ ។

ទន្ទឹមនោះ តាមរយះប្អូនប្រុសគាត់ម្នាក់ ជាមេបញ្ជាការកងទ័ពវៀតមិញ ឈ្មោះ សឺង ថៃង្វៀន នៅទឹកដីកម្ពុជាក្រោម សឺង ង៉ុកថាញ់ បានជួបទាក់ទងមេដឹកនាំវៀតមិញ ក្នុងគោលបំណងសហការគ្នា ដើម្បីតស៊ូប្រឆាំងការវិលត្រឡប់របស់បារាំង មកធ្វើអាណនិគមនៅកម្ពុជាឡើងវិញផងដែរ ហើយតំណាង សឺង ង៉ុកថាញ់ បានជួបចរចាគ្នាជាមួយពួកមេដឹកនាំវៀតមិញ នៅវៀតណាមភាគខាងត្បូងនោះ ។ ប៉ុន្តែ តំណាង ដែលសឹង ង៉ុកថាញ់ ចាត់ឲ្យទៅចរចានោះ អនុវត្តខុសគោលការណ៍ដើមរបស់គាត់ បែរជាដាក់លក្ខខណ្ឌចំពោះ ភាគីវៀតមិញថា ត្រូវប្រគល់ខែត្តត្រា វិញ និងស្រុកទ្រាំង ដែលវៀតណាមដណ្តើមយកពីកម្ពុជា នោះ ប្រគល់មកឲ្យកម្ពុជា វិញសិន ទើបកម្ពុជាយល់ព្រមសហការជាមួយ។ ដោយសារតែការដាក់លក្ខខណ្ឌនេះ ទើបធ្វើឲ្យការចរចារវាងកម្ពុជា និងពួកវៀតមិញ នោះ ត្រូវបរាជ័យ។

ពេលនោះ ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណការ និងសុខាភិបាលរបស់រាជរដ្ឋាភិបាលដែលមាន សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្ត្រី ក៍បានលួចធ្វើដំណើរទៅទីក្រុងព្រៃនគរ ជួបឡឺគ្លេក អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ប្រាប់ពីអាថ៌កំបាំងនៃផែនការរបស់សឺង ង៉ុកថាញ់ ដែលមានបំណងចង់សហការជាមួយពួកវៀតមិញ ដើម្បីប្រឆាំងបារាំង មិនឲ្យចូលមកធ្វើអាណាព្យាបាលលើប្រទេសកម្ពុជាថ្មីម្តងទៀត។

ពេលនោះដែរ ក្នុងនាមព្រះមហាក្សត្រនរោត្តម សីហនុ ឃឹម ទិត បានស្នើសុំឲ្យបារាំងវិលត្រឡប់ទៅទីក្រុងភ្នំពេញ វិញជាបន្ទាន់ និង ជួយចាត់វិធានការយ៉ាណា កុំឲ្យសឺង ង៉ុកថាញ់ ចងសម្ព័ន្ធភាពជាមួយពួកវៀតមិញ បាន ព្រោះសម្ព័ន្ធភាពនេះ ពុំមែននាំឯករាជ្យមកឲ្យកម្ពុជាទេ គឺមានតែធ្វើពួកវៀតមិញ ចូលមកកាន់កាប់ត្រួតត្រាប្រទេសកម្ពុជា ប៉ុណ្ណោះ ។

ថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៤៥ កងទ័ពសម្ព័ន្ធមិត្ត បារាំង អង់គ្លេស និងឥណ្ឌា ដែលមានវរសេនីយ៍ អ៊ីឌី មូរ៉ាយ (E.D Murray) ជាមេបញ្ជាការ បានចូលមកដល់ទីក្រុងភ្នំពេញ រំដោះមន្ត្រីយោធា ស៊ីវិល និងជនជាតិបារាំងទាំងអស់ចេញពីការឃុំឃាំងរបស់កងទ័ពជប៉ុន ដែលពួកជប៉ុន បានចាប់ពួកគេតាំងពីខែមីនា មកនោះ និងធ្វើការដកហូតអាវុធពីកងទ័ពជប៉ុនទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ពេលនោះ ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ អ៊ីឌី មូរ៉ាយ (Murray) ផងដែរ មិនអនុញ្ញាតឲ្យអ៊ីឌី មូរ៉ាយ ចូលជួប សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្ត្រីរបស់ខ្លួនទេ។

វរសេនីយ៍ អ៊ីឌី មូរ៉ាយ បានសួរទៅ ឃឹម ទិត ថា ហេតុអ្វី បានជាមិនឲ្យខ្ញុំទៅជួបជាមួយនាយរដ្ឋមន្ត្រី សឺង ង៉ុកថាញ់? ឃឹម ទិត ឆ្លើយថា នាយករដ្ឋមន្ត្រី សឺង ង៉ុកថាញ់ មានគំនិតប្រឆាំងនិងព្រះមហាក្សត្រ ។

ថ្ងៃទី១៥ ខែតុលា លោកឧត្តមសេនីយ៍ ឡឺគ្លេក (Le clerc) ដែលមកធ្វើជាអគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ទើបតែបាន១៥ថ្ងៃ បានធ្វើដំណើរតាមយន្តហោះពីក្រុងព្រៃនគរ មកដល់អាកាសយានដ្ឋានពោធិ៍ចិនតុង ។ ពេលនោះអ៊ីឌី មូរ៉ាយ បានឲ្យទាហានក្រោមបញ្ជាគាត់ទៅហៅ សឺង ង៉ុកថាញ់ ឲ្យមកជួបគាត់នៅការិយាល័យផ្ទាល់តែម្តង ដើម្បីរងចាំទទួលអគ្គទេសាភិបាល ឡឺ គ្លេក ( Leclerc ) ។

នៅពេល ឡឺ គ្លេក ចូលមកដល់ សឺង ង៉ុកថាញ់ បានក្រោកឈរដើម្បីទទួលស្វាគមន៍ ដោយនិយាយថា សួស្តី! តែ ឡឺ គ្លេក មិនបានទទួលស្វាគមន៍ សឺង ង៉ុកថាញ់ បន្តិចវិញសោះឡើយ ហើយអង្គរក្សរបស់គាត់ ក៏បានទាញកអាវ សឺង ង៉ុកថាញ់ ចាប់ចងហើយរុញបញ្ចូលទៅក្នុងរថយន្តបញ្ជូនទៅទីក្រុងព្រៃនគរ ដើម្បីឲ្យតុលាការបារាំងនៅទីនោះ កាត់ទោស និងក្រោយមកត្រូវបញ្ជូនទៅប្រទេសបារាំង បន្តទៀត ។

ពេលកងទ័ពអង់គ្លេស បារាំងនិងឥណ្ឌាចូលមកដល់ទីក្រុងភ្នំពេញ អៀ ស៊ីចូវ ដែល សឺង ង៉ុកថាញ់ ចាត់ឲ្យទៅទាក់ទងមេដឹកនាំចិន ដើម្បីសុំជំនួយធ្វើសង្គ្រាមប្រឆាំងនិងបារាំងនោះ ក៏ត្រូវពួកបារាំងចាប់បាននៅត្រង់ព្រំដែនប្រទេសវៀតណាម និង ចិន ។ (មានត.ទៅទៀតនៅភាគទី៥៤)