ផ្ទុះកំហឹង! អ្នកភូមិជាមួយគ្នាវាយកូន លើកគ្នា៤នាក់ទៅកាប់ដល់ផ្ទះ ភាគីម្ខាងទៀតតបតវិញ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង៨នាក់
ព័ត៌មាន
8.94K

ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ៣គ្រឿងទៅដល់ផ្ទះជនរងគ្រោះ រួចកាប់ទៅលើជនរងគ្រោះនិងក្រុមគ្រួសារ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ។

ជនរងគ្រោះទាំង៥នាក់ដែលរងរបួសធ្ងន់ស្រាល រួមមាន ទី១ឈ្មោះ គង់ សឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ,ទី២ ឈ្មោះ ស៊ុំ សំអូន ភេទប្រុស អាយុ៣៣ឆ្នាំ,ទី៣ ឈ្មោះ ស៊ុំ សំអាត ភេទស្រី អាយុ៣១ឆ្នាំ,ទី៤ ឈ្មោះ ស៊ុំ ភេទប្រុស អាយុ២៩ឆ្នាំ និងទិ៥ ឈ្មោះ មែង តុង ភេទប្រុស អាយុ១៩ឆ្នាំ ។ អ្នកទាំង៥ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនសង្ស័យទាំង៤នាក់ រួមមាន ទី១ឈ្មោះ សុខ ជៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកកាន់ដាវ (រងរបួស), ទី២ឈ្មោះ ឌី សូត្រ ភេទប្រុស អាយុ២៥ឆ្នាំ ដៃកាន់ដែក(មិនមានរបួសអ្វីទេ) ទី៣ឈ្មោះ ហាង រ៉ា ភេទ្រុស អាយុ២៧ឆ្នាំ (រងរបួស), និងឈ្មោះ ពុត សាវិន ភេទប្រុស អាយុ៣៧ឆ្នាំ(រងរបួស) ។ ទាំង៤នាក់រស់នៅភូមិក្រសាំងជ្រំ ជាមួយជនរងគ្រោះដែរ។

តាមជនរងគ្រោះឈ្មោះ គង់ សឿន អាយុ៤៥ឆ្នាំ បានរៀបរាប់ថា មុនកើតហេតុ នៅវេលាម៉ោង៧យប់ មានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូចំនួន៣គ្រឿង មកផ្ទះរបស់គាត់ ហើយក៏បានឈប់ម៉ូតូខាងមុខផ្ទះ រួចដើរចូលទៅវាយ ធ្វើឲ្យគាត់ភ័យពេក ក៏បានស្រែកថា ចោរៗ ហើយបានឮដល់បងប្អូនគាត់ ក៏នាំគ្នារត់មកជួយ ស្រាប់តែជនសង្ស័យទាំង៤នាក់នោះ ចូលមកកាប់ពួកគាត់ បង្កឲ្យមានការប្រើហិង្សាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាង បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ។

មូលហេតុ បង្កឲ្យមានការកាប់ចាក់គ្នានេះ ដោយសារក្រុមជនរងគ្រោះ បានវាយទៅលើកូនរបស់ក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យផ្ទុះកំហិង មិនដោះស្រាយគ្នាតាមផ្លូវច្បាប់ ក៍នាំជិះម៉ូតូ៣គ្រឿងទៅដល់ផ្ទះជនរងគ្រោះ រួចកាប់ទៅលើជនរងគ្រោះនិងក្រុមគ្រួសារតែម្ដងទៅ។

ក្រោយពេលកើតហេតុ ជនសង្ស័យឈ្មោះ ឌី សូត្រ ដែលមិនមានរងរបួស ត្រូវសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕