រថយន្តទ្រុង១គ្រឿង រេចង្កូតកៀរម៉ូតូ ព្យាយាមជាន់ហ្រ្វាំង ក្រឡាប់បះជើង បណ្ដាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី៣៧នាក់ រងរបួសធ្ងន់ស្រាល
ព័ត៌មាន
8.1K

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តទ្រុង១គ្រឿង បានកៀរម៉ូតូមួយគ្រឿងបើកបរស្របទិសគ្នា រួចបានក្រឡាប់ បះជើងដេកទទឹងថ្នល់ ចាក់មនុស្សក្មេងចាស់ប្រុសស្រីចំនួន ៣៧នាក់ រងរបួសស្រាលធ្ងន់ ដេករដូករណែលយំស្រែកទ្រហឹងគួរឲ្យសង្វេគ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។

មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក CANTER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 0944 បើកបរដោយឈ្មោះ ភាព ភេទប្រុស រស់នៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ។ លុះមកដល់ចំណុចកើតហេតុ បានកៀរម៉ូតូ១គ្រឿង ម៉ាក APRILIA ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 9718 ឌុបគ្នាចំនួន៣នាក់ កំពុងធ្វើដំណើរស្របទិសគ្នា រួចរេចង្កូតជាន់ហ្វ្រាំងក្រឡាប់បះជើងច្រងាងទទឹងផ្លូវ ចាក់មនុស្សក្មេងចាស់ប្រុសស្រីចំនួន ៣៧នាក់ ក្នុងនោះស្រីចំនួន ១៥នាក់បានរងរបួសស្រាលធ្ងន់ដេករដូករណែល រួមទាំងភាគីម៉ូតូផងដែរ ។

ជនរងរបួសស្រាលធ្ងន់ទាំងចំនួន ៣៧នាក់ រស់នៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ និងភូមិពោធិ៍អណ្ដោត ភូមិឆ្លងកាត់ ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងខេត្តពោធិ៍សាត់ បន្តទៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ មួយចំនួនផងដែរ។

ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូបានរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕