សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ដែលគំរាមកំហែងយកម៉ូតូស្រីស្នេហ៍ទៅលក់ ទៅតុលាការ
ព័ត៌មាន
22.1K

ខេត្តកំពង់ធំ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទគំរាមកំហែងយកម៉ូតូនារីម្នាក់ជាស្រីស្នេហ៍ទៅលក់នៅចំណុចលានបញ្ចុះសពទាហាននោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ ហើយ ។

ជនរងគ្រោះ ឈ្មោះ ណាក់ ស្រីណុច ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ ។ រីឯជនសង្ស័យ ឈ្មោះ ស៊ុន ឧសភា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ គឿ សុបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មុនពេលកើតហេតុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាជិះម៉ូតូដើរលេងនៅអូរបុស្សម្កាក់ ស្រុកកំពង់ស្វាយ រួចក៏ត្រឡប់ទៅខេត្តកំពង់ធំវិញ។ លុះមកដល់ចំណុចកើតហេតុ នាំគ្នាជិះម៉ូតូចូលទៅទីលានបញ្ចុះសពទាហានក្នុងទឹកដីភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ហើយបាននាំគ្នាអង្គុយលេងបានមួយសន្ទុះ ម៉ោងប្រហែល ១៣និង៣៥ នាទី ឈ្មោះ គឿ សុបញ្ញា បានសុំម៉ូតូ ជនរងគ្រោះទៅលក់ តែជនរងគ្រោះមិនឲ្យ ក៏ប្រកែកគ្នា ហើយជនសង្ស័យបានទះកំភ្លៀងជនរងគ្រោះបីដៃ ហើយឲ្យរកលុយឲ្យវាចំនួន៣០ម៉ឺនរៀលទៀត ។ ពេលនោះជនរងគ្រោះ នាំជនសង្ស័យទាំង២ ទៅសុំលុយពីម្តាយរបស់ខ្លួននៅភូមិអន្លង់លោក ឃុំព្រៃគុយ។ ពេលទៅដល់សាលារៀនអន្លង់លោក ក៏ឲ្យជនសង្ស័យទាំង២នៅចាំទីនោះ ហើយជនរងគ្រោះក៏ជិះម៉ូតូទៅផ្ទះម្តាយ ។ ពេលឃើញមុខកូនស្រីឡើងក្រហម ម្ដាយក៍សួរថា កើតអី? នារីរងគ្រោះបានរៀបរាប់ប្រាប់តាមដំណើររឿងដូចខាងលើ ទើបស្រ្តីជាម្តាយប្រាប់ប្រជាការពារឃាត់ខ្លួនអ្នកទាំង២នោះ នៅម៉ោង ១៨និង៤៥នាទី ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចនៅវេលាម៉ោង ១៩និង២០នាទី នៅថ្ងៃដដែលនោះតែម្ដង ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀនទាំង២នាក់ ។ ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕