ភ្ញាក់ផ្អើល! សម្រាមកំប្លោកច្រើនស្អេកស្កះ បានរសាត់អណ្តែតមកទើរនៅតាមឆ្នេរអូរឈើទាល រយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ,អាជ្ញាធរកំពុងដុតដៃដុតជើងនាំគ្នាប្រមូលចេញ
ព័ត៌មាន
9.72K

ខេត្តព្រះសីហនុ៖ កំប្លោកច្រើនស្អេកស្កះ បានរសាត់អណ្តែតមកទើរនៅតាមឆ្នេរអូរឈើទាល ទៀតហើយ ចាប់តាំងពីយប់ថ្ងៃទី៩ ខែតុលា រហូតមកដល់ព្រឹកថ្ងៃ១១ ខែតុលា ២០១៨នេះ។តែយ៉ាងណា អាជ្ញាធរខេត្ត និងក្រុងព្រះសីហនុ បានប្រើកម្លាំងសរុប រួមមានកងកម្លាំងប្រដាប់អាវុធនិងមហាជនជាច្រើននាក់ ប្រើមងអូសទាញ កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនច្រើនពេក។ ដុំកំប្លោកទាំងអស់នេះរសាត់ចេញមកពីប្រទេសវៀតណាម និងថាក្រៅពីឆ្នេរអូរឈើទាល នៅឯឆ្នេរអូរត្រេះនិងឆ្នេរមួយចំនួនទៀតក៍មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់TVFB ថា សម្រាមកំប្លោកទាំងនោះ បានរសាត់មកទើរនៅតាមមាត់ឆ្នេរអូរឈើទាល កាលពីម្សិលមិញអាជ្ញាធរខេត្ត និងក្រុងព្រះសីហនុ បានប្រើកម្លាំងសរុប អូសយកចេញម្ដងរួចមកហើយ ស្រាប់តែយប់មិញនេះ បានរសាត់មកពេញម្ដងទៀត ហើយតាំងពីព្រឹកមកដល់រសៀលថ្ងៃទី១១ ខែតុលានេះ បានសម្អាតចេញប្រមាណ៧០ភាគរយហើយ ។ ចំណែកសម្រាមកំប្លោកដែលនៅសល់៣០ភាគរយទៀត នឹងត្រូវសម្អាតឲ្យស្អាតទាំងនៅល្ងាចនេះ។

លោកអ៊ី សុខឡេង បានឲ្យដឹងថា បញ្ហាសម្រាមកំប្លោកនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំសម្អាតទាំងថ្ងៃទាំងយប់ ទាំងភ្លៀងរលឹម។ ពេលឃើញបណ្ដាញព័ត៌មាន បណ្ដាញសង្គមមួយចំនួនចុះផ្សាយពីបញ្ហាសម្រាមកំប្លោកនេះ មានអ្នកខ្លះលាន់មាត់ថា មិនដែលមានកំប្លោកឯណា មកនៅសមុទ្រនោះទេ។ សម្រាមកំប្លោកនេះ ហូរពីទន្លេនៅប្រទេសវៀតណាម ចាក់ចូលមកក្នុងសមុទ្រ ហើយវារសាត់ចូលមកឆកកំពង់សោមរបស់យើង។

អភិបាលក្រុងព្រះសីហនុ រូបនេះ បញ្ជាក់ថា គិតទាំងថ្ងៃនេះ គឺមានរយៈពេល៣ថ្ងៃមកហើយ ដែលសម្រាមកំប្លោកនេះ រសាត់មកទើរនៅឆ្នេរអូរឈើទាល ហើយមិនដឹងថា ក្រោយពីសម្អាតស្អាតថ្ងៃនេះហើយ ក៍មិនដឹងថា យប់នេះ វានឹងរសាត់មកជាថ្មីម្ដងទៀត ឬអត់នោះទេ។

ទាក់ទងដល់បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៍បានចេញសេចក្តីប្រកាសព័ត៌មានមួយ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖