អ្នកនិពន្ធបទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ថា មិនចង់ឲ្យមានរឿងវែងឆ្ងាយ ខណៈក្រសួងការងារសុំឲ្យផ្អាកការចាក់បទចម្រៀង នេះ
កម្សាន្ត
18.1K

រាជធានីភ្នំពេញ៖ ក្រោយពីលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំឲ្យចាត់វិធានការផ្អាកការផ្សាយបទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ដែលច្រៀងដោយ លោក ម៉ៅ ហាជី ដោយចាត់ទុកថា បទនេះ នាំឲ្យប៉ះពាល់ខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មក អ្នកនិពន្ធម្ចាស់បទចម្រៀង «ភ្ជុំបិណ្ឌ នឹកស្រុក»នេះ បានបញ្ជាក់ថា លោកមិនចង់ឲ្យមានរឿងវែងឆ្ងាយតទៅទៀតទេ។

លោក ងួន សុបិន អ្នកនិពន្ធបទចម្រៀង «ភ្ជុំបិណ្ឌ នឹកស្រុក» បានឲ្យដឹងថា លោកមិនចង់តវ៉ា ជុំវិញក្រសួងការងារសុំឲ្យឈប់ផ្សាយបទចម្រៀងនេះ ដែលច្រៀងដោយលោក ម៉ៅ ហាជី នោះឡើយ ពីព្រោះលោកមិនចង់អោយមានរឿងវែងឆ្ងាយតទៅទៀត។

ប៉ុន្តែ លោកអាចបញ្ជាក់បានថា បទនេះលោកនិពន្ធ និងផ្ដល់សិទ្ធិឲ្យផលិតកម្មថោនជាអ្នកផលិត តាំងពីអំឡុងមុនពេលបុណ្យភ្ជុំបិណ្ឌឆ្នាំមុន គឺឆ្នាំ២០១៧ និងបានចេញផ្សាយរួចជាងមួយឆ្នាំហើយ ហើយបទនេះ ទើបមានការចែកផ្សាយឡើងវិញក្នុងរដូវបិណ្ឌភ្ជុំឆ្នាំ២០១៨ ដោយខាងក្រុមហ៊ុន មិនបានផលិតឡើងវិញនោះទេ។

លោកងួន សុបិន បន្តថា បទនេះលោក និពន្ធឡើង តាមសាច់រឿងជីវិតរបស់កម្មករមួយចំនួន ដែលលោកបានជួបប្រទះនៅក្នុងសង្គមកាលពេលនោះ តាមបែបសិល្បៈចម្រៀងមនោសញ្ចេតនាតែប៉ុណ្ណោះ៖ «និយាយរួមទាល់តែមានរឿងជាក់ស្ដែងខ្លះទើបយើងសរសេរបាន វាមិនមែនទូទាំងប្រទេសទេ វាមានរោងចក្រមួយចំនួន…ឧទាហរណ៍ថាមានរោងចក្រខ្លះបើកលុយថ្ងៃ៥ តែភ្ជុំបិណ្ឌ ថ្ងៃទី២៤ ឬ២៥ អញ្ចឹង រោងចក្រគាត់មិនអាចបង្ខំចិត្តបើក២ដងក្នុងខែដូចឥឡូវនេះទេ»។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើទៅលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោ កស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន ដោយចាត់ទុកបទនេះ នាំឲ្យប៉ះពាល់ខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើផ្អែកតាមលិខិតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អត្ថន័យ ខ្លឹមសារបទនេះមានឃ្លាមួយបានច្រៀងថា៖ "កម្មករនិយោជិត មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត"។

លិខិតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល ដែលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត៕