រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បញ្ឈប់បទ “ភ្ជុំបិណ្ឌនឹកស្រុក” របស់តារាចម្រៀង ម៉ៅ ហាជី
កម្សាន្ត
12.1K

រាជធានីភ្នំពេញ ៖ ក្រោយពីផលិតកម្មថោន បានបញ្ចេញបទចម្រៀងមួយបទនារដូវបុណ្យភ្ជុំនេះ មានចំណងជើងថា បទ “ភ្ជុំបិណ្ឌនឹកស្រុក” ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះ ក្នុងកម្មវិធីប្រឡងចម្រៀងCAMBODIA IDOL លោក ម៉ៅ ហាជី នៅក្នុងវ៉ុល១២២ កំពុងផ្សព្វផ្សាយតាមYou Tube និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើទៅលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោ កស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន ដែលបទនេះនាំឲ្យប៉ះពាល់ខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើផ្អែកតាមលិខិតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អត្ថន័យ ខ្លឹមសារបទនេះមានឃ្លាមួយបានច្រៀងថា៖ "កម្មករនិយោជិត មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត"។

លិខិតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល ដែលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត។

ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដែលមានខ្លឹមសារថា៖

១-ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្នុងអំឡុងពេល៣ថ្ងៃគឺ៨ ៩ និង១០តុលាឆ្នាំ២០១៨។

២-លិខិតរៀបចំបើកប្រាក់ឈ្នួលកម្មករនិយោជិតឲ្យបានមុនឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិតទទួលបានប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយមុនពេលបុណ្យភ្ជុំបិណ្ឌ៕