របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥២
ប្រវត្តិសាស្ត្រ
2.37K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ រយះពេល៥ថ្ងៃ ក្រោយយុវជនអ្នកជាតិនិយមគាំទ្រសឺង ង៉ុកថាញ់ ចូលអុកឡុកក្នុងព្រះបរមរាជវាំងគំរាមឲ្យព្រះមហាក្សត្រនរោត្តម សីហនុ ចុះចេញពីដំណែងនាយករដ្ឋមន្ត្រីនោះមក នៅថ្ងៃទី១៤ ខែសីហា សមាសភាពរាជរដ្ខាភិបាលថ្មីមួយត្រូវបង្កើតឡើងដោយពុំមានព្រះនាមព្រះមហាក្សត្រជានាយករដ្ឋមន្ត្រីទៀតទេ គឺត្រូវតែងតាំង សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្តីក្រសួងការបរទេស , ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម, ស៊ុម ហៀង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, វ៉ា កាម៉ែល ជារដ្ឋមន្ត្រីក្រសួងធម្មការ ពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ, ប៉ាច ឈឺន ដែលទើបរួចខ្លួនពីកុកកោះត្រឡាច និងជាអតីតចាងហ្វាងកាសែតនគរវត្ត ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផ្គត់ផ្គង់, ពីទូ ដឺម៉ុងតេរ៉ូ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណការ និងសុខខាភិបាល, ញឹក ជូឡុង ជារដ្ឋមន្ត្រីក្រសួងអប់រំ និង ប៉ែន នុត ជារដ្ឋមន្រ្តីសួងហិរញ្ញវត្តុ។

ប៉ាច ឈឺន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ និងផ្គត់ផ្គង់ កើតនៅក្នុងឆ្នាំ ១៨៩៦។ ក្នុងសង្គ្រាមលោកលើកទីមួយ ឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ គាត់បានចូលបម្រើក្នុងជួរកងទ័ពបារាំង ហើយបានត្រូវគេបញ្ជូនឲ្យទៅធ្វើសង្គ្រាមនៅប្រទេសបារាំង នៅក្នុងអង្គភាពបញ្ជូនសារ។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ គាត់បានវិលត្រឡប់មកមាតុប្រទេសវិញ និងរៀបការប្រពន្ធឈ្មោះ ឌុក អ៊ុក ជាបងស្រីបង្កើតរបស់ ឌុក រ៉ាស៊ី និងបានចូលបម្រើការងារជាប្រធានរដ្ឋបាលក្រុមហ៊ុនលក់រថយន្តម៉ាកស៊ីត្រូអែន និងក្រុមហ៊ុនលក់រថយន្តម៉ាកប៉ឺហ្សូក្នុងក្រុងភ្នំពេញ ។

នៅក្នុងឆ្នាំ១៩៣៦ កាត់បានចូលរួមក្នុងចលនាអ្នកជាតិនិយមជាមួយ សឺង ង៉ុកថាញ់ និងបានឈរឈ្មោះជាចាងហ្វាងកាសែតនគរវត្ត ។

ចំណែក ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណការ និងសុខាភិបាល វិញកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៦ ឪពុកឈ្មោះឃឹម ម្តាយឈ្មោះមួង ។

នៅក្នុងឆ្នាំ១៩១៧ គាត់បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពបារាំង ទៅធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ដែលកំពុងឈ្លានពានប្រទេសបារាំង មានឋានន្តរស័ក្ដិជាពលបាលត្រី ហើយគាត់បានវិលត្រឡប់មកមាតុភូមិវិញនៅក្នុងឆ្នាំ ១៩១៩ ។ មួយឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ ១៩២០ លោកបានប្រលងជាប់បញ្ញាបត្របឋមសិក្សានិងបានប្រឡងជាប់ជាលេខាធិការនៃនិវេសនដ្ឋាន។

ក្នុងឆ្នាំ១៩២៤ គាត់បានប្រឡងជាប់សញ្ញាបត្រសាលារដ្ឋបាល។ ឆ្នាំ១៩២៥ គាត់បានចូលបម្រើការងារជាមន្ត្រីរដ្ឋបាលនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងឆ្នាំ ១៩២៧ ជាចៅហ្វាយស្រុកមួយ នៅខេត្តក្រចេះ។ ក្រោយមកទៀត ជាចៅហ្វាយស្រុកនៅខេត្តតាកែវ ។ ឆ្នាំ១៩៣៧ គាត់ត្រូវបានតែងតាំងជាចៅហ្វាយស្រុកមួយ នៅខេត្តក្រចេះ ដើម្បីប្រមូលកម្លាំងប្រជារាស្ត្រ កសាងផ្លូវលេខ១៣។ បន្ទាប់មកទៀត គាត់ផ្លាស់មកធ្វើជាចៅហ្វាយខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និង ខេត្តកំពត ជាបន្តបន្ទាប់ ។

នៅក្នុងអំឡុងពេលកងទ័ពជប៉ុន បើកប្រតិបត្តិការផ្លេកបន្ទោរចាប់ពួកបារាំង ថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៤៥ គាត់ក៏បានបង្ហាញជំហរគាំទ្រជប៉ុន ប្រឆាំងនឹងបារាំងដែរ ។

ឯញឹក ជូឡុង ជារដ្ឋមន្ត្រីក្រសួងអប់រំ វិញ កើតនៅថ្ចៃទី២៣ ខែសីហា ឆ្នាំ១៩០៨ ក្នុងត្រកូលគ្រសារមន្ត្រីស្និទ្ធនឹងព្រះបរមរាជវាំង ។ បន្ទាប់ពីបានសិក្សានៅអនុវិទ្យល័យព្រះស៊ីសុវត្តិ មក លោកបានបន្តការសិក្សានៅវិទ្យាល័យហ្សាស្សឺលូ ឡូបា (Chasseloup Laubat) នៅទីក្រុងព្រៃនគរ។

នៅក្នុងឆ្នាំ១៩៣២ កាត់បានចូលរួមបម្រើការងារជាមន្ត្រីរដ្ឋាភិបាលថ្នាក់ស្រុក និងថ្នាក់ខេត្តមួយចំនួន។ គាត់ត្រូវបានតែងតាំងជាចៅហ្វាខេត្តពោធិ៍សាត់ ឆ្នាំ១៩៣២ដល់១៩៣៩ និងជាចៅហ្វាយខេត្តកំពងចាម ពីឆ្នាំ១៩៣៩ ដល់ ១៩៤៥។ នៅពេលកងទ័ពជប៉ុន បើកប្រតិបត្តិការផ្លេកបន្ទោរចាប់បារាំងថ្ងៃទី០៩មីនា ឆ្នាំ១៩៤៥ នោះ គាត់ត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ ។

ក្រោយពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សឺង ង៉ុកថាញ់ មានបំណងធ្វើទំនាក់ទំនងជាមួយវៀតណាម និងជនជាតិនៅអាស៊ីទាំងអស់ ឲ្យមានភាពល្អប្រសើរឡើងវិញ។ គាត់បានទទួលស្គាល់ឯករាជ្យនៃរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់ហូ ជីមិញ ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលជូនគ្នានឹងថ្ងៃព្រះចៅអធិរាជរបស់ប្រទេសជប៉ុន ប្រកាសឲ្យកងទ័ពព្រះអង្គទម្លាប់អាវុធ ចុះចាញ់នៅសង្គ្រាមនៅអាស៊ី គឺក្រោយពីការទម្លាប់គ្រាប់បែកបរមាណណូរបស់សហរដ្ឋមេរិក ទៅលើទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ា ថ្ងៃទី០៦ខែសីហា និងនៅទីក្រុងណាហ្គាសាគី ថ្ងៃទី០៩ខែសីហា ឆ្នាំ១៩៤៥ ។

ប្រទេសអ៉ីតាលី ប្រកាសចុះចាញ់សង្គ្រាមតាំងពីឆ្នាំ១៩៤៣ ហើយប្រទេសអាល្លឺម៉ង់ ប្រកាសទម្លាក់អាវុធចុះចាញ់សង្គ្រាមនៅអ៊ឺរ៉ុប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ១៩៤៥។ ដូច្នេះសង្គ្រាមលោកលើកទី២ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៤ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សសរុបចំនួន៥៥លាននាក់នោះ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ ខណៈដែលសង្គ្រាមលោកលើទី១ ដែលចាប់ផ្តើមឡើងពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ មានការបាត់បង់ជីវិតមនុស្ស១៥លាននាក់។ (មានត.ទៅទៀតនៅភាគទី៥៣)