ឈុតតំណាងជាតិរបស់កញ្ញាឯកផែនដី «មាតាធម្មជាតិ» ទទួលបានការសរសើរច្រើន
កម្សាន្ត
6.45K

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយឈុតសម្លៀកបំពាក់ប្រពៃណីជាតិរបស់កញ្ញាឯកផែនដីកម្ពុជា២០១៨ កញ្ញា កែវ សេងលីហួរ បានបង្ហាញរូបរាង និងត្រៀមខ្លួនទៅបង្ហាញនៅលើឆាកអន្ដរជាតិ។ ឈុតមួយនេះទទួលបានការសរសើរច្រើន បើធៀបនឹងឈុតនានាកន្លងទៅដែលកញ្ញាឯកតំណាងកម្ពុជាស្លៀកចូលរួមប្រកួត។

គេហទំព័ររបស់ បវកញ្ញាផែនដី ឬ Miss Earth Cambodia បានឱ្យដឹងថា ប្រភពដដែលបានបន្ដថា ទម្រង់បែបបទនៃការរចនាសម្លៀកបំពាក់ប្រពៃណីជាតិដ៏ប្រណិតនេះ ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ “មាតាធម្មជាតិ”។ ការរចនាត្រូវបានគ្របដណ្តប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដែលផ្តោតសំខាន់ទៅលើ និមិត្តរូបនៃក្តីសង្ឃឹម និង ការគោរពរបស់មនុស្សទូទាំងសកល។ឈុតសម្លៀកបំពាក់ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិតដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារលើផ្ទាំងសិលានៃប្រសាទដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនិងទ្រង់ទ្រាយក្បូរក្បាច់ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី15​ បួករួមជាមួយគំនិតច្នៃប្រឌិត សហ័ស្សសម័យនៃស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត “មាតាធម្មជាតិ” នេះឡើង។

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានកតោតសរសើរ និងបង្ហាញពីមោទភាពក្នុងការច្នៃប្រឌិតសម្លៀកបំពាក់ថ្មីពោរពេញដោយអត្ថន័យ បង្កប់អត្តសញ្ញាណព្រលឹងជាតិពិតៗ ដែលអាចឲ្យអន្តរជាតិកាន់តែស្គាល់ពីរចនាបថ សិល្បៈ និងភាពច្នៃប្រឌិតខ្ពស់របស់យុវជនជំនាន់ក្រោយ។ បែនផែននៃការរចនាត្រូវបានប្រើប្រាស់នូវគំនិតកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនិងការរចនាធ្វើដោយ ខ្មុក ដែលជាស្នាដៃរចនារបស់កូនខ្មែរយើងដែលមានជំនាញនិងមានជំនាញពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា កញ្ញាកែវ សេងលីហួរ គឺជាកញ្ញា ឯកផែនដី នឹងក្លាយជានារីកម្ពុជាចេញទៅប្រកួតកញ្ញាឯកផែនដីពិភពលោកនៅចុងឆ្នាំនេះនាទីក្រុងម៉ានីលប្រទេសហ្វីលីពីន៕