របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥១
ប្រវត្តិសាស្ត្រ
4.54K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ទោះបីសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ ពួកជប៉ុនជាអ្នករៀបចំឡើងក៏ពិតមែន តែសមាជិកទាំងអស់សុទ្ធតែជាមន្ត្រីជាន់ខ្ពស់ដែលធ្លាប់ទទួលការតែងតាំងពីពួកបារាំង កាលពីមុនផងដែរ។

នៅថ្ងៃទី៧ខែឧសភាឆ្នាំ ១៩៤៥ កងទ័ពអាល្លឺម៉ង់ប្រកាសចុះចាញ់ សង្គ្រាមលោកលើកទី២នៅអឺរ៉ុបត្រូវបានបញ្ចាប់។

ចំណែកលោកសឺង ង៉ុកថាញ់ មេដឹកនាំចលនាអ្នកជាតិនិយមប្រឆាំងនឹងបារាំង ដែលបានរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសជប៉ុន និងមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក នៅក្នុងជួរកងទ័ពជប៉ុន នៅទីក្រុងតូក្យូ ក្រោយការបង្ក្រាបបាតុកម្មរបស់អាជ្ញាធរបារាំងនៅក្រុងភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៤២នោះ ត្រូវបានជប៉ុននាំមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ១៩៤៥ និងបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរាជរដ្ឋាភិបាលដែលមានព្រះមហាក្សត្រនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី ។

ដោយមានការគាំទ្រពីពួកជប៉ុនផងនោះសឺង ង៉ុកថាញ់ ក៏បានបង្កើតអង្គភាពកងទ័ពថ្មីដែលមានយុវជនប្រមាណមួយពាន់នាក់ចូលរួម ហើយនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ១៩៤៥ សឺង ង៉ុកថាញ់ បានរៀបចំពិធីរំឭកដល់ខួបឆ្នាំទី៣ នៃការធ្វើបាតុកម្មថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ដែលត្រូវអាជ្ញាធរបារាំងបង្ក្រាបយ៉ាងព្រៃផ្សៃនោះ នៅទីធ្លាមុខវត្តឧណ្ណាលោម ដោយបានឡើងថ្លែងពីវីរភាពរបស់អ្នកតស៊ូខ្មែរ ប្រឆាំងនឹងពួកអាណានិគមនិយមបារាំង តាំងពីសម័យអាចារ្យសូ អាចារ្យពោធិ៍កំបោរ រហូតដល់សម័យអាចារ្យហែម ចៀវ ផងដែរ។

ក្រោយមក មាននាយទាហានជាន់ខ្ពស់វ័យក្មេងៗនៅក្នុងអង្គភាពកងទ័ពដែលលោកសឺង ង៉ុកថាញ់ ទើបបង្កើតឡើងនោះ មានការមិនសប្បាយចិត្តជាមួយរាជរដ្ឋាភិបាល ដែលមានព្រះមហាក្សត្រនរោត្តម សីហនុ ជានាយរដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងៗទៀត ដែលជាពួកមន្ត្រីចាស់របស់បារាំង និងពួកគហបតីនោះឡើយ ហើយពួកគេចាត់ទុកគណៈរដ្ឋមន្ត្រីនេះ សុទ្ធតែជាពួកគំនិតបុរាណនិយម មិនអាចធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនបានទេ។ ពួកគេចង់បានរាជរដ្ឋាភិបាលថ្មីមួយទៀតដែលមានសមាភាពពួកអ្នកជាតិនិយមចូលរួមឲ្យបានច្រើន ពិសេសពួកគេចង់ឲ្យសឺង ង៉ុកថាញ់ ធ្វើជានាយករដ្ឋមន្ត្រី តែម្តង។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ប្រធានាធិបតីអាមេរិក ហារី ទ្រូម៉ាន់ (Harry S Truman) បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនទម្លាក់គ្រាប់បែកបរមាណូ នៅលើទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ា (Hiroshima)បណ្តាលឲ្យមនុស្សប្រមាណ៨ម៉ឺននាក់ត្រូវបាត់បង់ជីវិត ព្រមទាំងរងផលប៉ះពាល់វិទ្យុសកម្ម ប្រមាណពី៩០០០០ទៅ១៤០.០០០នាក់ទៀត។

នៅយប់ថ្ងៃទី៨ ឈានចូលដល់ថ្ងៃទី៩ខែសីហា ឆ្នាំ១៩៤៥ រដ្ឋប្រហារតូចមួយបានផ្ទុះឡើង ដោយមន្ត្រីយោធាក្មេងៗ៧នាក់ដែលជប៉ុន បង្កើតឡើងនោះ រួមមាន ម៉ី ផូ . ម៉ៅ សារួត . លាង សាយ . ហែម សាវ៉ាង . នេត .ម៉ម និង គួន បានចូលលុកលុយក្នុងព្រះបរមរាជរាំង ដោយបានបាញ់កាំភ្លើងដៃជាច្រើនគ្រាប់ ដើម្បីគំរាមព្រះមហាក្សត្រនរោត្តម សីហនុ ឲ្យចុះចេញពីនាយករដ្ឋមន្ត្រី។ ក្នុងពេលអុកឡុកនៅក្នុងបរមរាជវាំងនោះ បណ្តាលឲ្យលេខាធិការរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ម្នាក់ត្រូវរងរបួសផងដែរ។ នៅយប់នោះមានសិស្សវិទ្យាល័យ ស៊ីសុវត្តិ ដែលសុទ្ធតែជាអ្នកគាំទ្រចលនាជាតិនិយមប្រមាណ៥០នាក់ ក្នុងនោះក៏មានកេង វ៉ាន់សាក់ ម្នាក់ដែរ ក៏បានប្រមូលផ្តុំនៅទីធ្លាមួយក្បែរព្រះបរមរាជវាំងដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការអុកឡុកព្រះបរមរាជវាំង នោះដែរ។

យប់នោះ ក្រុមមន្ត្រីយោធាក្មេងៗនោះបានចាប់សមាជិករាជរដ្ឋាភិស្ទើរតែទាំងអស់ លើកលែងតែសឺង ង៉ុកថាញ់។ តែភ្លាមៗនោះសឺង ង៉ុកថាញ់ បានបញ្ជាឲ្យដោះលែងសមាជិករាជរដ្ឋាភិបាលដែលត្រូវបានចាប់ខ្លួនទាំងអស់នោះវិញ ហើយបែរជាបញ្ជាឲ្យចាប់ពួកមន្ត្រីយោធាវ័យក្មេងទាំង៧នាក់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនោះទៅវិញ។ ក្នុងចំណោមអ្នកទាំង៧នាក់នោះ ខ្លះត្រូវចាប់ដាក់គុករយះពេលខ្លី និងខ្លះទៀតរត់គេចខ្លួន ទៅចូលរួមជាមួយពួកវៀតមិញរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន។

រដ្ឋប្រហារនៅយប់ថ្ងៃទី៨ ឈានចូលដល់ថ្ងៃទី៩ខែសីហានោះ វាជាព្រឹត្តិការណ៍ច្របូកច្របល់មួយ ដែលពិបាកយល់បំផុត។ តើនេះជាអំពើក្បត់របស់សឺង ង៉ុកថាញ់ ចំពោះអ្នកមន្ត្រីយោធាក្មេងៗដែលដើរតាមគាត់ដោយស្មោះស្ម័គ្រនោះឬយ៉ាងណា? ឬមួយពេលធ្វើរដ្ឋប្រហារនោះពួកជប៉ុន មិនគាំទ្រ ដោយសារនៅថ្ងៃទី០៩ខែសីហាឆ្នាំ១៩៤៥នោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ហារីទ្រូម៉ាន់ (Harry S Truman )បានបញ្ជាឲ្យកងទ័ពខ្លួនទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងណាហ្គាសាគីរបស់ជប៉ុន មួយគ្រាប់ទៀត បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧៣.៨៨៤នាក់?។ (មានត.ទៅទៀតនៅភាគទី៥២)