របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៥០
ប្រវត្តិសាស្ត្រ
5.82K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ កងទ័ពជប៉ុន បានបើប្រតិបត្តិការផ្លេកបន្ទោរមួយនៅឥណ្ឌូចិនទាំងមូល ចាប់មន្ត្រីបារាំងគ្រប់លំដាប់ថ្នាក់ ទាំងទាហាន ទាំងប៉ូលិស និងជនជាតិបារាំងទាំងអស់ ព្រមទាំងទាហានក្នុងស្រុកមួយចំនួនទៀតមកឃុំទុកនៅតាមកន្លែងប្រមូលផ្តុំនីមួយៗ។

នៅប្រទេសកម្ពុជា ការចាប់ខ្លួនពួកបារាំងនេះមិនមែនធ្វើតែនៅក្នុងទីក្រុងភ្នំពេញ នោះទេ គឺនៅតាមបណ្តាខេត្តនានា ក៏ធ្វើដូច្នេះដែរ ។

នៅខេត្តស្ទឹងត្រែង អ្នកតស៊ូប្រឆាំងនឹងបារាំងម្នាក់ឈ្មោះ ចាន់ ដារ៉ា ដែលជាអ្នកស្មោះស្ម័គ្រជាមួយ សឹង ង៉ុកថាញ់ ដែលបានចូលបម្រើក្នុងជួរកងទ័ពជប៉ុន ជាងមួយឆ្នាំមកហើយនោះក៏បានចូលរួមក្នុងប្រតិបត្តិការចាប់ពួកបារាំង នោះដែរ។

នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី៩ ខែមីនានោះ មានកងទ័ពជប៉ុន ២នាក់ មានឋានរន្តស័ក្តិជាវរសេនីយ៍ និង២នាក់ទៀតជាយុទ្ធជនបានប្រាប់ចាន់ តារា ឲ្យដើរជាប់ជាមួយគេ ហើយបានប្រគល់ដាវមួយ និងកាំបិតមួយឲ្យចាន់ តារា ទុកការពារខ្លួន។ លុះដល់ម៉ោង១០យប់មេទ័ពជប៉ុននោះ ប្រាប់ ចាន់ តារា ថា យើងត្រូវចាប់បារាំងទាំងអស់។

ភ្លាមៗនោះក្នុងរយះពេលតែ២ម៉ោងប៉ុណ្ណោះ ពួកបារាំងទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង ត្រូវជប៉ុនចាប់ខ្លួនបានគ្មានសល់ម្នាក់ឡើយ។

ចំណែកនៅខេត្តក្រចេះ វិញ ពួកបារាំងបានធ្វើការតបវិញដែរ តែត្រូវបរាជ័យ។ កងទ័ពជប៉ុន ប្រើរយៈពេលតែ២៤ប៉ុណ្ណោះក្នុងការបើកប្រតិបត្តិការចាប់បារាំងនៅឥណ្ឌូចិនទាំងមូល។

យប់ថ្ងៃទី៩ខែមីនា ឆ្នាំ១៩៤៥នោះដែរ ព្រះមហាក្សត្រនរោត្តម សីហនុ បានគេចព្រះកាយចេញពីព្រះបរមរាជវាំង ទៅពូនសម្ងំនៅក្នុងកុដិរបស់ព្រះតេជគុណកែវ អ៊ួច ក្នុងវត្តបុទុមវត្តី ដោយខ្លាចជប៉ុនចាប់ព្រះកាយដែរ ព្រោះព្រះអង្គបានឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រដោយសារតែពួកបារាំងនោះដែរ។ បន្តិចក្រោយមក ពួកមេទាហានជប៉ុន បានស្នើសុំព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រវៀតណាម និងព្រះមហាក្សត្រលាវ ប្រកាសឯករាជ្យនៅតាមប្រទេសរៀងៗខ្លួន។

នៅថ្ងៃទី១៣ ខែមីនា ព្រះមហាក្សត្រ សីហនុ បានប្រកាសរំលាយចោលសន្ធិសញ្ញា ដែលព្រះមហាក្សត្រនរោត្តម ជាព្រះអយ្យកោ បានឡាយព្រះហស្ថលេខាជាមួយបារាំង កាលពីឆ្នាំ១៨៦៣និង១៨៨៤នោះ ឈប់ទទួលស្គាល់បារាំង ជាអាណាព្យាបាលលើប្រទេសកម្ពុជា ចាប់ពីពេលនោះតទៅ។

ក្រោយពេលចាប់មន្ត្រីយោធានិងស៊ីវិលព្រមទាំងពលរដ្ឋបារាំងយកទៅឃុំឃាំងអស់ ជប៉ុនបានដាក់មន្ត្រីខ្មែរជំនួសវិញ។ សូម្បីតែនៅតាមវិទ្យាល័យនានា ក៏ជប៉ុន ដាក់សាស្ត្រាចារ្យខ្មែរ ជំនួសសាស្ត្រាចារ្យបារាំង ដែរ។

នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅចុងសប្តាហ៍ទី២ នៃខែមេសា ឆ្នាំ១៩៤៥ ព្រះមហាក្សត្រ នរោត្តម សីហនុបានប្រកាសជាសាធារណៈថា ឆ្នាំនេះ ជាឆ្នាំដែលចក្រភពនៃព្រះអាទិត្យរះ(ប្រទេសជប៉ុន)បានរំដោះប្រជារាស្ត្រនានានៅអាស៊ី និងបានផ្តល់ឯរាជ្យមួយចំពោះប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ប៉ុន្តែភ្លាមៗនោះ វាមិនដូចជាការរំពឹងទុករបស់ព្រះមហាក្សត្រនរោត្តម សីហនុ នោះឡើយ ពោលគឺជប៉ុន ក៏មិនខុសពីបារាំងដែរ ពួកគេបានចាប់ផ្តើមប្លន់ទ្រព្យសម្បត្តិ និងប្រមូលស្រូវអង្កររាប់ពាន់តោន យកទៅចិញ្ចិមកងទ័ពគេនិងកេណ្ឌយុវជនខ្មែរ ឲ្យចូលបម្រើក្នុងជួរកងទ័ពគេ ទៀតផង ។

ជាមួយគ្នានោះដែរ ការចាប់មន្ត្រីរដ្ឋបាលនិងមន្ត្រីបច្ចេកទេសបារាំង យកទៅដាក់នៅមន្ទីរឃុំឃាំងនោះ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាន់តែធ្លាក់ដុនដាបថែមទៀត។

មិនតែប៉ុណ្ណោះ ជប៉ុនបានបង្ខិតបង្ខំឲ្យព្រះមហាក្សត្រនរោត្តម សីហនុ យល់ព្រមផ្តល់សិទ្ធិឲ្យពួកគេកេណ្ឌប្រជារាស្ត្រខ្មែរ ទៅស្ថាបនាផ្លូវជាតិនៅច្រើនកន្លែង និងតម្រូវឲ្យមានការបង្រៀនភាសាជប៉ុន នៅតាមគ្រិះស្ថានសិក្សានានាក្នុងទីក្រុងភ្នំពេញ ទៀតផង។ ពិសេស ប៉ុនបានបង្កើតរដ្ឋបាលយោធារបស់ខ្លួនមួយ ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ដោយផ្ទាល់ទៀតផង។

ដោយយកគំរូតាមពួកជប៉ុន នៅក្នុងប្រទេសកម្ពុជានោះដែរ អាជ្ញាធរថៃ ដែលដណ្តើមយកខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ តាំងពីឆ្នាំ១៩៤១ យកទៅគ្រប់គ្រងជាថ្មីម្ដងទៀតនោះ ក៏ចាប់ផ្តើមរឹតបន្តឹងក្នុងការប្រមូលពន្ធ និងបានបង្ខំឲ្យប្រជារាស្ត្រឲ្យខ្មែរនៅក្នុងខេត្តទាង៣នោះ និយាយភាសារថៃ ផងដែរ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៤៥ ពួកជប៉ុនបានរៀបចំឲ្យមានរាជរដ្ឋាភិបាលមូយហើយបានតែងតាំងព្រះមហាក្សត្រនរោ្តម សីហនុឲ្យធ្វើជានាយករដ្ឋមន្ត្រី។

សមាសភាពដឹកនាំរាជរដ្ឋាភិបាលនោះមានតែសមាជិកតែ៩ប៉ុណ្ណោះ គឺ អ៉ឹង អ៉ី ជានាយករដ្ឋមន្ត្រីមុននោះ ជារដ្ឋាមន្ត្រីក្រសួងហរិញ្ញវត្ថុ ,ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ, មាស ណាល់ រដ្ឋមន្រ្តីក្រសួងអប់រំ និងឃោសនាការ , ទា សាន (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការ ជាអ្នកចាប់គ្រូអាចារ្យហែម ចៀវ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ១៩៤២នោះ) ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្គត់ផ្គង់, ចាន់ ណាក ជាមន្ត្រីក្រសួងយុត្តិធម៌ , ស៊ុម ហៀង អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ , វ៉ា កាម៉ែល អនុរដ្ឋមន្រ្តីក្រសួងធម្មការ ពុទ្ធិកៈសិក្សា និងវិចិត្រសិល្បៈ , នង គឹមនី (ជាអ្នកបកប្រែភាសាខ្មែរ និងបារាំងដ៍ពូកែម្នាក់) ជានាយសេនាធិការ និងជួន ហ៊ល (គុនឧកញ៉ាជហ្វាវាំង ជួន ) អនុរដ្ឋមន្រ្តីក្រសួងអប់រំ ។ (មានត.ទៅទៀតនៅភាគទី៥១)