របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤៩
ប្រវត្តិសាស្ត្រ
1.72K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ នៅថ្ងៃទី៦ ខែមិថុនាឆ្នាំ១៩៤៤ កងទ័ពឯករាជ្យបារាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ហ្សាល ដឺហ្គោល (Charles de Gaulle)ចាប់ផ្តើមធ្វើការតស៊ូរំដោះប្រទេសពីការកាន់កាប់របស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់វិញ។

នៅថ្ងៃទី២៤ខែសីហា ឆ្នាំ១៩៤៤ កងទ័ពបារាំង បានដណ្តើមទីក្រុងបារីស ឲ្យរួចផុតពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់។

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៤៥យន្តហោះចម្បាំងរបស់អាមេរិក ធុន B29 បានធ្វើសកម្មភាពទម្លាក់គ្រាប់បែកលើទីតាំងកងទព័ជប៉ុន នៅក្នុងទីក្រុងភ្នំពេញ ហើយគ្រាប់បែកខ្លះត្រូវធ្លាក់លើវត្តឧណ្ណាលោម បណ្តាលឲ្យសុគតព្រះអង្គ២០អង្គ និងស្លាប់ប្រជារាស្ត្រមួយចំនួនទៀត។ ពេលនោះមានព្រះសង្ឃជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់មួយអង្គ ឈ្មោះ ទូ សាមុត ដែលគង់នៅវត្តឧណ្ណាលោម នោះមានការភ័យខ្លាចក្នុងការទំលាក់គ្រាប់បែកនេះក៏បានរត់ភៀសខ្លួនទៅរស់នៅតំបន់ជនបទ ដូចព្រះសង្ឃមួយចំនួនទៀត ដែលបានចូលរួមបាតុកម្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ នោះដែរ ហើយបានចូលរួមសហការជាមួយពួកវៀតមិញ ដែលដឹកនាំដោយបក្សកុម្មុយនិស្តឥណ្ឌូចិន ។

ទន្ទឹមនឹងការវាយប្រហារទៅលើទីតាំងកងទ័ពជប៉ុន នៅឥណ្ឌូចិន តាមផ្លូវអាកាស កងទ័ពសម្ព័ន្ធមិត្តរបស់បារាំង គឺអាមេរិក និងអង់គ្លេស ក៏បានបើកការវាយប្រហារតាមផ្លូវសមុទ្រកាត់ផ្តាច់តំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងរបស់ប្រទេសវៀតណាមផងដែរ ហើយនៅភាគខាងជើងប្រទេសវៀតណាម ពួកវៀតមិញ ក៏ចាប់ផ្តើមធ្វើការវាយប្រហារទៅលើទីតាំងកងទ័ពជប៉ុន ទាំងឡាយដែលនៅដាច់ឆ្ងាយៗពីគ្នានោះដែរ ។

លោកឧត្តមសេនីយ៍ហ្សាល ដឺ ហ្គោល (Charles de Gaulle) ដែលទើបតែទទួលជ័យជម្នះលើកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ក្នុងការរំដោះប្រទេសបារាំង មកវិញនោះ បានសាហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក និងអង់គ្លេស ដើម្បីប្រឆាំងនិងកងទ័ពជប៉ុន ហើយលោកបានសន្យាថានឹងរៀបចំពង្រីកអំណាចរបស់បារាំងនៅឥណ្ឌូចិន ឡើងវិញ។

នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ១៩៤៥ នៅលើកោះត្រឡាច ដែលជាពន្ធនាគារធំរបស់បារាំង នៅឥណ្ឌូចិន ក៏ត្រូវរងការទម្លាក់គ្រាប់បែករបស់យន្តហោះសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តរបស់បារាំង ដូចនៅទីក្រុងភ្នំពេញ ដែរ។

ប្រហែលមួយសប្តាហ៍ក្រោយមក ទាហានជប៉ុនមួយក្រុមធ្វើដំណើរតាមនាវាចម្បាំងមួយគ្រឿង នាំសារទូលេខមួយច្បាប់ យកទៅឲ្យអ្នកទទួលខុសត្រូវនៅគុកកោះត្រឡាច ដើម្បីនាំយកអ្នកទោសខ្មែរ៤រូប គឺលោកគ្រូអាចារ្យ ហែម ចៀវ , នួន ឌួង , ប៉ាច ឈឺន និង ប៊ុណ្ណ ចន្ទម៉ុល វិលត្រឡប់ទៅក្រុងភ្នំពេញ វិញ។ ប៉ុន្តែគួរឲ្យសោកស្តាយ ព្រោះលោកគ្រូអាចារ្យហែម ចៀវ បានសុគតបាត់ទៅហើយ នៅសល់តែ នួន ឌួង ,ប៉ាច ឈឺន និងប៊ុណ្ណ ចន្ទម៉ុល ៣នាក់ប៉ុណ្ណោះ ដែលមានភ័ព្វសំណាង បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ នៅឯក្រុងភ្នំពេញវិញ។

ម៉ោង៦ព្រលប់ កងទ័ពជប៉ុន បាននាំអតីតអ្នកទោសខ្មែរទាំង៣នាក់ឡើងលើនាវាចម្បាំងដ៏ធំមួយរបស់ពូកគេ បន្ទាប់មក ក៏មានទាហានខ្មែរកម្ពុជាក្រោមប្រមាណ១០០នាក់ព្រមទាំងក្រុមគ្រួសារប្រពន្ធកូន ដែលពូកបារាំងបញ្ជូនឲ្យមកធ្វើជាឆ្មាំនៅគុកត្រឡាច នោះក៏ត្រូវឡើងលើនាវានោះត្រឡប់ទៅក្រុងព្រៃនគរ វិញជាមួយគ្នាដែរ។

វរសេនីយ៍ឯកជប៉ុន ដែលជាមេបញ្ជាការនៅលើនាវានោះ និងសហការីបានស្វាគមន៍ចំពោះលោកនួន ឌួង លោកប៉ាច ឈឺន និងលោក ប៊ុណ្ណ ចន្ទម៉ុល យ៉ាងរីករាយរាក់ទាក់បំផុត ។

ពេលមកដល់ដៃសមុទ្រ ត្រង់ច្រកចូលទៅកំពង់ផែព្រៃនគរ នាវាចម្បាំងនោះបានអែបច្រាំងប្រហែលកន្លះម៉ោង ទើបមានរថយន្តធុនតូចមួយគ្រឿងរបស់ជប៉ុន មកទទួលអតីតអ្នកទោសខ្មែរទាំង៣នាក់ពីលើនាវាចម្បាំងនោះ បើកតាមផ្លូវគោកឆ្ពោះទៅកន្លែងមួយនៅក្នុងទីក្រុងព្រៃនគរ និងស្នាក់នៅជាមួយមេដឹកនាំវៀតណាម ជាក្រុមកៅដាយវ៉ាហាវ ប៊ីនស្វៀង អ្នកតស៊ូប្រឆាំងបារាំង អស់រយះពេល១៤ថ្ងៃ ទើបជប៉ុន ដឹកតាមរថយន្តកងទ័ពមួយគ្រឿងទៀតចេញពីក្រុងព្រៃនរគ តាមផ្លូវជាតិលេខ១ មកទីក្រុងភ្នំពេញ។

លុះមកដល់កំពង់ចម្លងអ្នកលឿង ជាចៃដន្យ ក៏ជួប ជុំ មួង និង អាចារ្យប៉ាង ខាត់ ព្រមទាំងមិត្តភក្តិមួយចំនួនទៀតដែលធ្វើដំណើរជាមួយកងទ័ពជប៉ុន ចុះទៅឃោសនាអប់រំប្រជារាស្ត្រនៅខេត្តព្រៃវៃង និងស្វាយរៀង ឲ្យបានយល់ពីបញ្ហាកងទ័ពជប៉ុន មកជួយដណ្តើមឯករាជ្យពីបារាំង មកឲ្យប្រជារាស្ត្រខ្មែរ វិញនោះ ហើយឱបរឹតគ្នាដោយក្តីនឹករឭក និងរីករាយពន់ពេក។ បន្ទាប់មករថយន្តកងទ័ពជប៉ុន ដែលដឹក ប៉ាច ឈឺន , ងួន ឌួង និងប៊ុណ្ណ ចន្ទម៉ុល ក៏បន្តដំណើរទៅមុខទៀត ហើយបានមកដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានក្រុមគ្រួសារ បងប្អូនប្រពន្ធកូន នៅរង់ចាំទទួលដោយក្តីរំភើប រីករាយលាយឡំដោយទឹកភ្នែកផងដែរ។ (មានត.ទៅទៀតនៅភាគទី៥០)