លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្រ្តីជាម្ចាស់ទូរស័ព្ទម្នាក់ដែរ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ព័ត៌មាន
42.8K

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ (ប្រុស ៣នាក់ ស្រី១នាក់) ដែលបានប្រើហឹង្សាទៅលើស្រីវ័យក្មេងជាជនសង្ស័យលួចទូរស័ព្ទ នៅផ្សារព្រៃទាកាលពីម្សិលម៉្ងៃនោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនដើម្បីធ្វើការសាកសួរហើយ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថានករណីនេះ លោកស្នងការនគរបាលរាជធានី ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ កសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៤នាក់ទៅតុលាការ។

ក្នុងចំនោមជនសង្ស័យចំនួន៤នាក់ មានស្រ្តីម្នាក់ជាម្ចាស់ទូរស័ព្ទ ដែលជាអ្នកស្រែថាចោរៗ ក៍បានវាយនារីរងគ្រោះខ្លះៗដែរ។

ករណីនេះជាគំរូមួយ ដែលប្រជាពលរដ្ឋយើងត្រូវតែយល់ពីហេតុផលតាមផ្លូវច្បាប់ថា ក្នុងនាមប្រជាពលរដ្ឋ អាចចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចដែលនៅជិតបំផុតបាន តែមិនអាចប្រើហិង្សាវាយដំទៅបុគ្គលណាបានទេ ព្រោះជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់បុគ្គល។ 

ដោយឡែកនារីនេះ គ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ ព្រោះតុលាការមិនទាន់បានផ្ដន្ទាទោសគាត់ថាជាជនមានទោសនៅឡើយទេ។ ដូច្នេះសូមប្រជាពលរដ្ឋកុំ ប្រើហិង្សា ការប្រើប្រាស់សិទ្ធិហួសហេតុពេក។ ដូចករណីនេះ ត្រូវប្រគល់ជនសង្ស័យ មកសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទើបជាការត្រឹមត្រូវ ៕