នៅទីបំផុត! ជនដៃដល់៤នាក់ពាក់ព័ន្ធប្រើហឹង្សាវាយទាត់ធាក់និងចាប់កោរសក់នារីសង្ស័យលួចទូរស័ព្ទដៃនៅផ្សារព្រៃទា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ
ព័ត៌មាន
27.3K

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ (ប្រុស ៣នាក់ ស្រី១នាក់) ដែលបានប្រើហឹង្សាទៅលើស្រីវ័យក្មេងជាជនសង្ស័យលួចទូរស័ព្ទ នៅផ្សារព្រៃទាកាលពីម្សិលម៉្ងៃនោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ។ នេះបើតាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ ។

កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋនិងអាជីវករមួយចំនួននៅក្នុងផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់នារីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរស័ព្ទ ហើយពួកគេបានចាប់នាងវាយទាត់ធាក់ និងចាប់កោរសក់នៅកន្លែងកើតហេតុ ហើយមានអ្នកខ្លះថតឡាយហ្វេសប៊ុក ធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់យ៉ាងខ្លាំង។

មានមតិមួយចំនួនបានលើកឡើងថា ទោះបីគាត់ជាបានធ្វើសកម្មភាពលួច យ៉ាងណាក៏ដោយ គួរតែឃាត់ខ្លួនទុកអោយសមត្ថកិច្ចយកទៅចាត់ការទៅតាមនីតិវិធី ។

មិនគួរនាំគ្នាប្រើអំពើបែបនេះ ទៅលើនាង ជាពិសេសចាប់នាងកោរសក់បែបនេះទេ វាពិតជាសកម្មភាពមួយដ៏គួរអោយអាក្រក់មើលបំផុត ។

ក្រោយពេលកើតហេតុ លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានលើកហេតុផលតាមផ្លូវច្បាប់ថា ក្នុងនាមប្រជាពលរដ្ឋ អាចចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចដែលនៅជិតបំផុតបាន តែមិនអាចប្រើហិង្សាវាយដំទៅបុគ្គលណាបានទេ ព្រោះជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់បុគ្គល។ ដោយឡែកនារីនេះគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ ព្រោះតុលាការមិនទាន់បានផ្ដន្ទាទោសគាត់ថាជាជនមានទោសនៅឡើយទេ។ យើងសំណូមពរសូមឲ្យប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀត។ ការប្រើប្រាស់តុលាការប្រជាជន គឺជាការរំលោភសិទ្ធិមនុស្សហើយ។ បើជននោះជាចោរត្រូវប្រគល់ឲ្យសមត្ថកិច្ច ហើយការដោះលែងចោរ ក៍ត្រូវមានទោសដែរ ។តែប្រជាពលរដ្ឋយើងមិនសូវមានការយល់ដឹង យើងសូមអំពាវនាវ សូមកុំឲ្យមានការប្រើប្រាស់ហិង្សា ការប្រើប្រាស់សិទ្ធិហួសហេតុពេក ដូចករណីនេះ ត្រូវប្រគល់មកសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់បន្ថែមថា ករណីនេះមិនគួរឲ្យកើតមានឡើងតទៅទៀតទេ ។ បើនារីនោះជាចោរមែន បងប្អូនប្រជាពលរដ្ឋមានសិទ្ធិឃាត់ខ្លួនបញ្ជូនមកមន្រ្តីនគរបាលយុត្តិធ៌ម ដែលនៅជិតបំផុតពីកន្លែងកើតហេតុ ៕​

សូមទស្សនាសេចក្តីរាយការណ៍របស់លោក ផល់ សុខឃី