មេប៉ុស្តិ៍ស្លាប់ម្នាក់ទៀតហើយ! មេប៉ុស្ដិ៍រកាកោងទី១ ដេកស្លាប់នៅកន្លែងធ្វើការ ខណៈមេប៉ុស្តិ៍សុពរ័ទេព ជិះម៉ូតូបុករថយន្តស្លាប់
ព័ត៌មាន
10.2K

ខេត្តកណ្ដាល៖ ខណៈមេប៉ុស្តិ៍សុពរ័ទេព ស្រុកសំរោងទង ខេត្តកំពុងស្ពឺ ជិះម៉ូតូ ពេលយប់ងងិត ទៅបុករថយន្តដែលគេចតទុកចោលនៅលើចញ្ចើមផ្លូវ បណ្តាលឱ្យដួលបាក់កស្លាប់ភ្លាមៗ មេប៉ុស្ដិ៍រកាកោងទី១ ស្រុកមុខកំពូល ឯនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកន្លែងធ្វើការ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ស្ថិតភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ។

ជនរងគ្រោះឈ្មោះ ជឿន ហួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាកោងទី១ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សមានជម្ងឺប្រចាំកាយ (លើសឈាម+ទឹកនោមផ្អែម) ។ ទោះបីយ៉ាងនេះក៍ដោយ គាត់តែងមកបំពេញការងារភារ:កិច្ចជាប្រចាំនៅប៉ុស្តិ៍ ។ លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៣រសៀល ជនរងគ្រោះបានត្រឡប់មកពីប្រជុំនៅស្រុកវិញ ជិះម៉ូតូមកប្រចាំការនៅប៉ុស្តិ៍ ជាធម្មតា ។

លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឆ្នាំដដែល ប្រជាពលរដ្ឋឈ្មោះ រស់ សំអាត បានងើបមកដាំទឹកលក់គុយទាវ មិនឃើញជនរងគ្រោះក្រោកទៅផឹកកាហ្វេនៅផ្សារកាកោងដូចសព្វដង មានការឆ្ងល់ក៏បបួលប្រពន្ធខ្លួន និងឈ្មោះ ម៉េង លី ដែលលក់ដូរក្បែរគ្នា ដើរទៅមើលនៅក្នុងប៉ុស្ដិ៍ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ក្បាលបែរទៅកើត ស្លៀកខោខ្លី ពណ៌ក្រហម រុំក្រម៉ាពីក្រៅពុំមានពាក់អាវ ហើយមានកំអួតចេញតាមមាត់ទៀតផង រួចក៏មានការផ្អើលឆោរឡោនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសាកសពរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារករណីខ្យល់គ ប្រាកដមែន ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕