សមត្ថកិច្ចបញ្ជូនជនជាតិកូរ៉េ២នាក់ឪពុកនិងកូន ទៅតុលាការ ពីបទឆបោក និងលួចលុយក្រុមហ៊ុន ជាង៧លានដុល្លារ
ព័ត៌មាន
6.65K

រាជធានីភ្នំពេញ៖ ជនជាតិកូរ៉េ២នាក់ ជាឪពុក និងកូន ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងករណីឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិន អស់ប្រាក់ជាង៧លានដុល្លារអាមេរិក។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ចូ ស៊ូពិន (cho so in) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313 និងទី២.ឈ្មោះ ចូ សាមហ្សុង (cho Samsung) ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ មានឈ្មោះ ជិន ជីហុង (Jin zhehong) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន Shenyang Aiweiou Healfh Products Co,. ltd មានអាស័យដ្ឋានផ្ទះលេខ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិន ដែលបានប្ដឹងជនសជាតិកូរ៉េទាំង២នាក់ ពីបទឆបោកមានទឹកប្រាក់ ចំនួន២៩២.០៤៥ដុល្លារ ប្រព្រឹត្តទៅកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបទលួចទឹកប្រាក់ ចំនួន៧.២០៥.៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។

ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិនឈ្មោះ Shenyang ត្រូវការទិញរថយន្តអាមេរិក ស៊េរីទំនើប១គ្រឿងម៉ាក LINCOLN NAVEGATOR Airforce one ឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេស ដែលមានតម្លៃទីផ្សារ ពេលនោះ ៣០០.០០០ដុល្លារ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុន បាននិយាយថា ឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុន Tianjing គឺប្រហែលជាតម្លៃ ២២២.០០០ដុល្លារប៉ុណ្ណោះ។

ពេលនោះ ក្រុមហ៊ុនដែលកំពុងកុម្ម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្ត ដែលត្រូវទិញ គឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់កោងគ្រាប់កាំភ្លើងបាញ់មិនធ្លុះ។ បន្ទាប់មក ពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើនឹងទឹកប្រាក់ចំនួន៣១៤.០០០ដុល្លារ ឲ្យទៅឈ្មោះ ចូ ស៊ូពិន និងឈ្មោះ ចូ សាមហ្សុង។ លុះដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿង មានភិនភាគប្រហាក់ប្រហែលនឹងរថយន្ត ដែលក្រុមហ៊ុនកុម្ម៉ង់នោះ មកឲ្យ ។ ពេលនោះ ក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បាននិយាយថា នឹងយករថយន្តថ្មីមកឲ្យ ហើយក៏យករថយន្តជជុះនោះទៅវិញបាត់ រហូតដល់ពេលនេះ។

នៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុក បានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន៧.២០៥.៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញបាត់។ ទើបតែថ្មីៗនេះ បុរសជនជាតិកូរ៉េទាំង២នាក់ឪពុកនិងកូន បានមករស់នៅប្រទេសកម្ពុជាវិញ ដោយទិញខុនដូររស់នៅ និងទិញរថយន្តម៉ាក RANGE ROVOER ពាក់ស្លាកលេខ ខ.ម មានអង្គរក្សការពារទៀត ទើបក្រុមហ៊ុនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕