របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤៨
ប្រវត្តិសាស្ត្រ
3472

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ព្រះមហាក្សត្រនរោត្តម សីហនុ មានមហេសីជាផ្លូវការចំនួន៦អង្គ គឺ៖

មហេសីទី១ អ្នកម្នាង ផាត់ កាញ៉ុល មានបុត្រ២អង្គ គឺនរោត្តម បុប្ផា ទេវី និងនរោត្តម រណឬទិ្ធ។

មហេសីទី២ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី មានបុត្រ៧អង្គ គឺព្រះអង្គម្ចាស់នរោត្តម យុវនាថ, ព្រះអង្គម្ចាស់នរោត្តម រ័ក្សវីវង្ស , ព្រះអង្គម្ចាស់នរោត្តម ចក្រព័ង្ស់ , ម្ចាស់ក្សត្រី នរោត្តម សុរិយារង្សី, ម្ចាស់ក្សត្រីនរោត្តម គន្ធបុប្ផា, ព្រះអង្គម្ចាស់នរោត្តម ខេមានុរ័ក្ស និងម្ចាស់ក្សត្រីរោត្តម បុទុមបុប្ផា។

មហេសីទី៣ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ មានបុត្រាមួយអង្គ ព្រះនាមនរោត្តម នរ៉ាឌីប៉ូ។

មហេសីទី៤ ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ (គ្មានព្រះរាជបុត្រ) ។

មហេសីទី៥ អ្នកម្នាងម៉ានីវណ្ណ ផាន់ណាវង្ស ជាជនជាតិលាវ មានបុត្រ២អង្គ គឺម្ចាស់ក្សត្រីនរោត្តម សុជាតា និងម្ចាស់ក្សត្រីនរោត្តម អារុណរស្មី និងមហេសីទី៦ អ្នកម្នាង ម៉ូនិក ( ប៉ូល ម៉ូនិក អ៊ីហ្ស៊ី ) មានបុត្រា២អង្គ គឺព្រះអង្គម្ចាស់នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។

ព្រះមហាក្សត្រនរោត្តមសីហនុ បានបញ្ជាក់ថានៅក្នុងឆ្នាំ១៩៤៤ ព្រះអង្គម្ចាស់មានទំនាក់ទំនងស្នេហាជាមួយអតីតស្នំរបស់ព្រះអយ្យកោព្រះមុនីវង្ស ម្នាក់ឈ្មោះអ្នកម្នាងថាច ដែលមានវ័យច្រើនជាងព្រះអង្គ។ តែទំនាក់ទំនងសេ្នហានោះ មានរយៈពេលខ្លីបំផុត ហើយព្រះអង្គក៏មិនចាត់ទុកអ្នកម្នាងថាច ជាមហេសី ពេញច្បាប់ដែរ។

ព្រះមហាក្សត្រនរោត្តម សីហនុ បានបញ្ជាក់ថា រយៈពេល១១ឆ្នាំ ព្រះអង្គភ្លក្សរសជាតិស្រីផ្សេងៗគ្នា សរុបទាំងអស់១៩នាក់់។

ក្រោយពីអាជ្ញាធរបារាំង ធ្វើការបង្ក្រាបបាតុកម្ម ដែលដឹកនាំដោយប៉ាច ឈឺន ដើម្បីទាមទារឲ្យដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោកនួន ឌួង វិញ អ្នកដែលបានចូលរួមក្នុងការធ្វើបាតុកម្ម ទាំងគ្រហស្ថ ទាំងព្រះសង្ឃជាច្រើននាក់ និងច្រើនអង្គ បានរត់គេចពីការតាមចាប់របស់បារាំងយកទៅកាត់ទោសនោះ បានទៅសម្ងំលាក់ខ្លួននៅតាមបណ្តាខេត្ត ស្រុកមួយចំនួន។ នៅក្នុងឆ្នាំ១៩៤៤ ចលនាតស៊ូកុម្មុនិស្តដំបូង ត្រូវបានបង្កើតឡើងនៅក្នុងខេត្តបាត់ដំបង ដោយបក្សកុម្មុនិស្តឥណ្ឌូចិន និងបក្សកុម្មុនិស្តថៃ។ ប៉ុន្តែមានក្នុងនោះ មានអាចារ្យប្រេស និងស៊ីវ ហេង ជាអ្នកចូលរួមយ៉ាងសកម្ម។

នៅក្នុងឆ្នាំ១៩៤៣ បន្ទាប់ពីទទួលរងនូវការវាយបករបស់សត្រូវនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក មក កងទ័ពជប៉ុន ក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយបញ្ឈប់ធ្វើសហប្រតិបត្តិការជាមួយរដ្ឋាភិបាល នៃប្រទេសអាណានិគមជាច្រើន ហើយបង្កើតឲ្យមានរបបឯករាជ្យ នៅប្រទេសភូមា សឹង្ហបុរី និងនៅឥណ្ឌូនេស៊ី ដែលធាតុពិតរបបឯករាជ្យនោះ គឺជប៉ុនបង្កើតឡើងដើម្បីដាក់ប្រទេសទាំងនោះ ឲ្យនៅក្រោមអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ហើយប្រជាជននៅបណ្តារប្រទេសទាំងនោះ ក៏មិនគាំទ្ររបបឯករាជ្យ ដែលជារបបអាយ៉ងរបស់ជប៉ុន នោះដែរ។

ដោយមានជំនួយពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងអង់គ្លេស ប្រជាជនភូមា ម់ាឡេស៊ី និងឥណ្ឌូនេស៊ី បាននាំគ្នាក្រោកឡើងប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុន យ៉ាងផុសផុល។

ដោយសារបញ្ហានេះហើយ ទើបបានជាជប៉ុន មិនហ៊ានបង្កើតរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅឥណ្ឌូនេចិន ព្រោះខ្លាចមានការបះបោរប្រឆាំងនឹងខ្លួន ដូចទៅភូមា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទៀត ដោយសុខចិត្តទុកឲ្យបារាំង ជាអ្នកធ្វើអាណានិគមបន្តទៀត ហើយខ្លួនយកតំបន់ឥណ្ឌូចិន គ្រាន់តែជាប្រភពសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់កងទ័ព ដើម្បីធ្វើសង្គ្រាមប៉ុណ្ណោះ។

នៅក្នុងឆ្នាំ១៩៤៤ សង្គ្រាមនៅសមុទ្រប៉ាស៊ីហ្វិក មានសភាពសាហាវឡើងៗ ដោយមានអន្តរាគមន៍ពីកងទ័ពអាមេរិក និង អង់គ្លេស។ (មានត.ទៅទៀតនៅភាគទី៤៩)