អស្ចារ្យពេលឃើញគម្រោងម្កុដ របស់កញ្ញា ម៉ាយ៉ា ត្រៀមយកទៅបង្ហាញម៉ូដនៅអាមេរិក
កម្សាន្ត
2.31K

ភ្នំពេញ៖ តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនាសហរដ្ឋអាមេរិកដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះ។ អ្នកជំនាញផ្នែកច្នៃម៉ូតកំពុងខិតខំរចនាម្កុដដ៏ស្រស់ស្អាតទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏សម្បើមនេះ។

កញ្ញា Marianne Clais ហៅ សោម៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិជាលើកដំបូងក្នុងជីវិតរបស់នាងតាមការរៀបំរបស់ អ្នកច្នៃម៉ូត និងអ្នកផលិតកម្មវិធីល្បីឈ្មោះលោក Remy Hou ។ តាមការការបញ្ជាក់របស់លោក Remy Hou បានលើកឡើងថាក្រោយពីបានឱកាសភ្លាមលោកបានពិភាក្សាជាមួយអ្នកជំនាញផ្នែកគូរម៉ូត និងអ្នកច្នៃគ្រឿងអលង្ការជំនាញខ្មែរពីររូបគឺលោក អ៊ី សុខជា និងលោក លី តារា ដើម្បីរចនាគ្រឿងលម្អខ្លួនពិសេសម្កុដដែលនឹងឲ្យតារាបង្ហាញម៉ូតខាងលើគ្រង់ និងដើម្បីឲ្យប្រាកដថាទាំងម៉ូតសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនរបស់ នារីខ្មែរលើទឹកដីសហរដ្ឋអាមេរិក លើកដំបូង នេះនឹងក្លាយជាទីចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ 

លោកបន្តថាម្កុដនេះធ្វើពីស្មាច់ និងស្ពាន់ជ្រលក់ដោយទឹកពណ៌មាស ហើយគម្រូបានចេញជារូបរាងហើយគឺនៅតែពេលចាក់ពុម្ពតុបតែងឲ្យកាន់តែស្រស់ស្អាតក្នុងរចនាបទខ្មែរពោលគឺអាចនឹងរួចរាល់ក្នុងអំឡុងចុងខែកញ្ញានេះ។ លោកថាទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងអលង្ការកំពុងតែលេចរូបរាងមកបណ្តើរៗហើយដើម្បីចូលរួមកម្មវិធីលំដាប់អន្តរជាតិដែលមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។

​តាមការគ្រោងទុក លោក Remy Hou នឹងដឹកនាំក្រុមការងារនិង នាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូបគឺកញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី១២ខែតុលាខាងមុខនេះ។

គួរបញ្ជាក់ដែរថាលោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោកចាប់ផ្តើមការងារច្នៃម៉ូតផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ។ ខណៈដែលតារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ាធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណរហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ។ គេហទំព័រASEAN Beauty Pageant សសើរនិងប្រៀបធៀបសម្រស់ដូចរាជនី ហើយគេហទំព័រនេះរំពឹងថានាងអាចនឹងចូលរួមប្រកួតកម្មវិធី បវកញ្ញាកម្ពុជា នៅឆ្នាំ២០២០ខាងមុខនេះផងដែរ៕