របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤៧
ប្រវត្តិសាស្ត្រ
16.7K

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់មិនបានត្រឡប់មកចូលរួមជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាព្រះរាម ដើម្បីបង្កើតរបបសាធារណរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ ទ្រង់បានសម្រេចព្រះទ័យទៅរួបរួមជាមួយសម្តេចព្រះនរោត្តម សីហនុ ដែលភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង បង្កើតរណសិរ្ស និងរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ។

ចាប់ពីខែធ្នូ ឆ្នាំ១៩៧០ ដល់ខែកញ្ញា ឆ្នាំ១៩៧៣ ទ្រង់មានតួនាទីជានាយកខុទ្ធកាល័យសម្តេចនរោត្តម សីហនុ នៅក្រុងប៉េកាំង ។ ពីខែតុលា ឆ្នាំ១៩៧៣ ដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ ជាឯកអគ្គរាជទូតរបស់រដ្ឋាភិបាលរួបរួមជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។

ក្រោយថ្ងៃជ័យជម្នះ១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់និងក្រុមគ្រួសារ បានដង្ហែសម្តេចព្រះនរោត្តម សីហនុ យាងត្រលប់មកទីក្រុងភ្នំពេញវិញ ហើយត្រូវពួកខ្មែរក្រហមយកទៅសម្លាប់នៅកន្លែងដាច់់ដោយឡែកពីមហេសីរបស់ទ្រង់ គឺអ្នកម្នាងស៊ីសុវត្ថិ ណាណែត នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៨។

ទំនាក់ទំនងសេ្នហារវាងព្រះមហាក្សត្រនរោត្តម សីហនុ និងបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៥២ ក៏បានក្លាយនៅជាមហេសីដ៏មានឥទ្ធិពលបំផុត រហូតធ្វើឲ្យព្រះអង្គ បញ្ឈប់ការផ្សងព្រេងក្នុងល្បែងស្នេហាជាមួយស្រីផ្សេងៗទៀត ចាប់ពីពេលនោះមក។

ក្រោយពីបានក្លាយជាមហេសីរបស់ព្រះមហាក្សត្រមក អតីតបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី មានព្រះនាមថា អ្នកម្នាងម៉ូនិក សីហនុ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ អ្នកម្នាងក៏បានប្រសូត្របានបុត្រាមួយព្រះអង្គព្រះនាមនរោត្តម សីហមុនី។

ព្រះរាជកុមារសីហមុនី បានចូលសិក្សានៅសាលាបឋមសិក្សានរោត្តម បន្ទាប់មកនៅវិទ្យាល័យដេកាតដ៏ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ។ ពីឆ្នាំ១៩៦២ ព្រះបិតាបានបញ្ចូនឲ្យទៅបន្តការសិក្សានៅទីក្រុងប្រាដ ប្រទេសឆេកូស្លូវ៉ាគី ជំនាញផ្នែកតន្ត្រី និងរបាំរហូតដល់ឆ្នាំ១៩៧៥។ ទ្រង់ចេះភាសាបារាំង និងភាសាឆេកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ព្រះអង្គអាចប្រាស្រ័យ ទាក់ទងជាភាសាអង់គ្លេស និងរុស្ស៊ី បានល្អប្រសើរផងដែរ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ អ្នកម្នាងម៉ូនិក ប្រសូត្របានបុត្រាមួយព្រះអង្គទៀត ព្រះនាមនរោត្តម នរិន្ទ្រពង្ស។ នៅវ័យព្រះរាជកុមារ ទ្រង់នរិន្ទ្រពង្សបានចូលសិក្សានៅសាលានរោត្តម និងសាលាដេកាតដ៏ រួចហើយត្រូវព្រះបិតាបញ្ចូនឲ្យទៅរៀនសាកលវិទ្យាល័យនៅទីក្រុងមូស្កូ សហភាពសូវៀត។

ព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស មានជំនឿជឿជាក់លើលិទ្ធិកុម្មុយនិស្ត ដូចពួកមេដឹកនាំខ្មែរក្រហម ដែរ។ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយក្រមុំខ្មែរម្នាក់ឈ្នោះឯក ស៊ីនួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៨៣ នៅប្រទេសបារាំង និងមានបុត្រី២អង្គ គឺម្ចាស់ក្សត្រីនរោត្តម ស៊ីម៉ូណារីន ប្រសូត្រនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៨៤ និងម្ចាស់ក្សត្រីនរោត្តម មុនីនុ ប្រសូត្រថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៧។

ព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស សោយទិវង្គតថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ នៅទីក្រុងប៉ារីស។

ចំណែកអ្នកម្នាងម៉ានីវណ្ណ ផាន់ណាវង្ស ជាជនជាតិលាវ វិញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៥ ក៏ប្រសូតបានបុត្រីមួយអង្គទៀត ព្រះនាមនរោត្តមអារុណរស្មី។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧០ ព្រះនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីរ័ត្ន (ប្រសូតថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៤៦) ជាព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសវត្ថិ សិរិមតៈ ដែលទើបនឹងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ជាព្រះបិតាព្រះនាងបានរយៈពេលជាង៣ខែប៉ុណ្ណោះ។ ម្ចាស់ក្សត្រីនរោត្តម អារុណរស្មី រៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីទី២ ឈ្មោះកែវ ពុធរស្មី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩១។ ,

ជាមួយស្វាមីស៊ីវត្ថិ សិរីរ័ត្ន ព្រះនាងមានបុត្រ៣អង្គគឺ ទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ណាគា ទី២ ស៊ីសុវត្ថិ ណាន់ដូ និងទី៣ ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិគិត ណាថាលី ។ ដោយឡែកជាមួយស្វាមីកែវ ពុធរស្មី ព្រះនាងមានបុត្រ២អង្គ គឺម្ចាស់ក្សត្រីនរោត្តម កែវ ប៉ូនីតា និងព្រះអង្គម្ចាស់នរោត្តម កែវ ខេមមុនី។ ម្ចាស់ក្សត្រីនរោត្តម អារុណរស្មី អាចនិយាយភាសាខ្មែរ លាវ ថៃ បារាំង និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។

នៅក្នុងខែកញ្ញា ឆ្នាំ២០០៤ ព្រះនាងទទួលគោរម្យងាជាសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី។