ក្រសួងសុខាភិបាលបញ្ជាក់ថាផលិតផលគ្រឿងសំអាងក្រុមហ៊ុនគ្រួសារកក់ក្ដៅទាំងអស់គឺពុំមានចុះបញ្ជីត្រួតពិនិត្យត្រឹមត្រូវឡើយ
ព័ត៌មាន
179203

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី ក្រសួងសុខាភិបាល និងអាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញការផលិតគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ទម្ងន់ ៤,៥ តោន ដែលស្តុកទុកនៅទីតាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលគេស្គាល់ថា ជាគ្រឿងសំអាងជ្រកក្រោម ក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលកំពុងតែល្បីឈ្មោះ។ ការចុះបង្ក្រាបនេះក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំផងដែរ។ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀត សរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤,៥ តោន និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។

ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធី នៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកមិនបានប៉ុន្មានផង ស្រាប់តែម្ចាស់អាជីវកម្មរូបនេះ ចេញមុខជាសាធារណៈធ្វើការបកស្រាយនៅលើគណនីហ្វេសបុករបស់លោក និងប្រកាសលក់ផលិតផលដូចដើម ទាំងមិនទាន់បានបង្ហាញពីច្បាប់ ពីការបំភ្លឺខាងសមត្ថកិច្ចច្បាស់លាស់ផង បែរជាឆ្លើយថា មិនមានបញ្ហាអ្វី ហើយអាចចរាចរផលិតផលលក់ជាធម្មតាទាំងមិនមានលិខិតត្រួតពិនិត្យពីគុណភាព ត្រឹមត្រូវទាល់តែសោះ។

វិដេអូបកស្រាយរបស់ម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨

ឱសថការី លោក ឃ្លាំង សាម៉េត ប្រធាន​ការិយាល័យ​និយ័តកម្ម នៃ​ក្រសួង​សុខាភិបាល បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទឱ្យអង្គភាពសារព័ត៌មាន TVFB នារសៀលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ឱ្យដឹងថា ការចុះបង្ក្រាបគ្រឿងសំអាងខុសច្បាប់នេះ គឺក្រសួងសុខាភិបាលបានប្រតិបត្តិការតាំងពីឆ្នាំ២០១១រហូតមកដល់ពេលនេះ ដោយឡែកគ្រឿងសំអាងខុសច្បាប់ជាច្រើនដែលបាននាំចូលលក់ចែកចាយក្នុងប្រទេសកម្ពុជាមានលំហូរច្រើន ដែលធ្វើអោយមានការពិបាកក្នុងការគ្រប់គ្រង ហើយក្រសួងសុខាភិបាលបានត្រឹមតែចុះបញ្ជីត្រួតពិនិត្យផលិតផលតែប៉ុណ្ណោះ ចំពោះការនាំចូលមកគឺស្ថិតនៅលើមន្ត្រីគយ ចំណែកការផលិតគឺមិនស្ថិតលើក្រសួងសុខាភិបាលឡើយ ក្រសួងសុខាភិបាលមានតួនាទីតែមួយមុខគត់ គឺត្រួតពិនិត្យរាល់ការចុះបញ្ជីផលិតផលម៉ាកគ្រឿងសំអាង ទើបផលិតផលទាំងនោះអាចចរាចរលក់នៅលើទីផ្សារបានដោយស្របច្បាប់។

លោកឱសថការីបានបញ្ជាក់ថា រាល់ផលិតផលគ្រឿងសំអាងដែលយកទៅពិសោធន៍គឺយើងបានត្រួតពិនិត្យនៅក្នុងបញ្ជីឈ្មោះដើម្បីស្វែងរកសារធាតុហាមឃាត់ដែលធ្វើអោយប៉ះពាល់ដោយសុខភាពដល់អ្នកប្រើប្រាស់។ ផលិតផលគ្រឿងសំអាងទាំងអស់មុនចែកចាយលក់នៅលើទីផ្សារដំបូងត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយបន្ទាប់មកត្រូវយកផលិតផលនោះមកត្រួតពិនិត្យចុះបញ្ជីនៅក្រសួងសុខាភិបាលរួច ទើបអាចចែកចាយលក់នៅទីផ្សារឬតាមអនឡាញបានដោយស្របច្បាប់។ លោកបញ្ជាក់ថាផលិតផលគ្រឿងសំអាងទាំងអស់ត្រូវចុះបញ្ជីក្រសួងសុខាភិបាលជាមុនសិន ទើបអាចចរាចរលក់នៅលើទីផ្សារបាន មិនមែនចែកចាយលក់នៅលើទីផ្សារជាមុនហើយ ទើបមកចុះបញ្ជីត្រួតពិនិត្យជាក្រោយនោះទេគឺខុសច្បាប់។

លោកឱសថការីបានលើកយកនូវករណីក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលសមត្ថកិច្ចចំរុះបានចុះទៅបង្ក្រាបដោយទីតាំងផលិតផ្ទាល់ ក្រុមការងាររបស់លោកបានត្រួតពិនិត្យរកឃើញផលិតផលគ្រឿងសំអាងជាច្រើនមុខដែលធ្វើការលាយផ្សំដោយខ្លួនឯងគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ លោកបញ្ជាក់ថាបើតាមច្បាប់ក្រុមហ៊ុនត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្នសិនរងចាំនីតិវិធីនៃច្បាប់ បើសិនជាផលិតផលគ្រឿងសំអាងនោះអាចចរាចរលក់បានលុះត្រាមានការអនុញ្ញាតជាថ្មីពីតុលាការ ហើយចំពោះការចរាចរលក់គ្រឿងសំអាងនេះបានជាធម្មតាពុំមានការផ្អាកអាជីវកម្មលោកក៏មិនដឹងដែរ ព្រោះជានីតិវិធីរបស់តុលាការ។

ឱសថការីលោក ឃ្លាំង សាម៉េត បានបញ្ជាក់ថា គ្រឿងសំអាងរបស់គ្រួសារកក់ក្ដៅទាំងអស់គឺពុំមានចុះបញ្ជីត្រួតពិនិត្យក្រសួងសុខាភិបាលទាំងអស់ សូម្បីតែការស្នើសុំចុះបញ្ជីមកក្រសួងមកដល់ពេលនេះគឺពុំទាន់មានផង មានន័យថាខាងក្រុមហ៊ុនទើបតែរៀបចំឯកសារដើម្បីធ្វើការចុះបញ្ជី ប៉ុន្តែខាងថ្នាក់ដឹកនាំក្រសួងសុខាភិបាលក៏មិនទាន់ឯកភាពផងដែរ។

TVFB បានទំនាក់ទំនាក់តាមទូរស័ព្ទទៅលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីសុំផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនិងករណីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ កាលពីពេលថ្មីៗនេះ ដោយទូរស័ព្ទរបស់លោកបានលើកទទួល ហើយនិយាយថាច្រឡំលេខហើយ រួចក៏បិទទៅវិញ (លេខទូរស័ព្ទ 017 **9999) ដោយយើងពុំអាចសុំការបំភ្លឺបានឡើយចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលដោះលែងម្ចាស់ទីតាំងអោយមានសេរីភាព ដោយពុំបានបញ្ជូនសំណុំរឿងបន្តនីតិវិធីទៅតុលាការ ខុសពីការបង្ក្រាបទីតាំងគ្រឿងសំអាង ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ជាករណីអាជីវកម្មខ្នាតតូចទេ តែជាប់ទោសយូរ ហើយបិទអាជីវកម្មគាត់ឡើងជិត១ខែ តែខាងក្រុមហ៊ុនគ្រួសារកក់ក្ដៅវិញត្រឹមតែ២ថ្ងៃប៉ុណ្ណោះក៏ដោះលែង ទាំងលួចផលិតខុសច្បាប់ និងក្លែងបន្លំ ថាផលិតផលក្រៅប្រទេស ទាំងក្បាលកូដប្រទេស តែទិញផលិតផលក្នុងផ្សារមកលាយលក់ធម្មតា ដោយគ្មានការពិសោធន៍ គ្មានឆ្លងកាត់ត្រួតពិនិត្យគុណភាព មិនច្បាស់លាស់ពីក្រសួងសុខាភិបាល ហើយមានការចែកចាយទូរទាំងប្រទេស ដោយមិនមានចំណាត់ការណាមួយត្រឹមត្រូវ។

ចំណែកលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ យើងពុំមានប្រភពដើម្បីទំនាក់ទំនងទៅលោក សុំការបកស្រាយអោយច្បាស់លាក់ ពាក់ព័ន្ធនិងករណីនេះផងដែរ ហើយ TVFB រង់ចាំទទួលការបំភ្លឺគ្រប់ពេល ដើម្បីអោយមហាជនកាន់តែទទួលបានព័ត៌មានពិតប្រាកដ។

ជាការសំណូមពរពីមហាជននិងប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់គ្រឿងសម្អាង ដែលរកស៊ីស្របច្បាប់ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចទាំងអស់ រកយុត្តិធម៌តាមផ្លូវច្បាប់ និងឱ្យម្ចាស់អាជីវកម្ម ខាងលើ បង្ហាញឯកសារ ដែលឆ្លងកាត់តាមក្រសួងស្ថាប័នត្រឹមត្រូវមុនប្រកាសលក់ផលិតផល របស់ខ្លួន ដើម្បីបង្ហាញឲ្យម្ចាស់គ្រឿងសម្អាង ស្របច្បាប់ផ្សេងៗ ជឿជាក់លើចំណាត់ការ សមត្ថកិច្ច ថាយុត្តិធម៌៕