របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤៦
ប្រវត្តិសាស្ត្រ
8.95K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ក្រោយមក អ្នកស្រីប៉ុម ពាង ក៏បានលែងលះគ្នាជាមួយលោកអ៊ុំ ផាន់កែវ ហើយបានទៅយកស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស៊រ អ៉ីហ្ស៊ី ជាជនជាតិបារាំង សញ្ញាតិអ៉ីតាលី និងជាអ្នកគ្រប់គ្រងធនាគារមួយ ។

ក្រោយពីបានជាប្តីប្រពន្ធហើយ លោកហ្សង់ ហ្វ្រង់ស៊រ អ៉ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ ដែលនៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺទី១ឈ្មោះ អាន ម៉ារី អ៉ីហ្ស៊ី កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២ឈ្មោះ ប៉ូល ម៉ូនិក អ៉ីហ្ស៊ី (អ្នកម្នាងម៉ូនិក) កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

ក្នុងឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពានដណ្តើមកាន់កាប់ប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី២ ហ្សង់ ហ្វ្រង់ស៊័រ អ៉ីហ្ស៊ី ត្រូវដែលជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរ ជាមួយកងទ័ពកំណែនបារាំង ខ្មែរ វៀតណាម លាវ ជាច្រើនពាន់នាក់ទៀត ដើម្បីទៅវាយបណ្តេញកងទ័ពអាល្លឺម៉ង់ឲ្យចេញពីប្រទេសបារាំងវិញ ។ ពេលនោះ ហ្សង់ ហ្វ្រង់ស៊័រ អ៉ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ ក៏បាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៤០រហូតមក។ ឯអ្នកស្រីប៉ុម ពាង ក៏នាំកូនៗទាំង២ វិលត្រលប់មករស់នៅទីក្រុងភ្នំពេញ ជួបជុំកូនៗជាមួយស្វាមីទី១ទាំង៥នាក់របស់គាត់វិញ។

កូនស្រីឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេតាកដ៏ ហើយបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត និងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នៅក្នុងឆ្នាំ១៩៥១។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ប្រសូត្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩២២ ដំណាលនឹងព្រះមហាក្សត្រនរោត្តម សីហនុ ដែរ។ ទ្រង់ជាព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី (ប្រសូត្រឆ្នាំ១៨៧៨ សុគត ឆ្នាំ១៩៤៦) និងអ្នកម្នាង ទ្រឿង យឿន។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នេះជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដែលរួមគំនិតជាមួយលោកលន់ នល់ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី មកកញ្ញាអាន ម៉ារី អ៊ីហ្ស៊ី បានដូរឈ្មោះមកជាអ្នកម្នាងស៊ីសុវត្ថិ ណាណែត វិញ។ អ្នកម្នាងមានបុត្រ៦អង្គ គឺទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ ប្រសូត្រថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៥២។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ មិនបានចាកចេញពីប្រទេស ទៅរស់នៅជាមួយបិតាស៊ីសុវត្ថិ មេថាវី និងអ្នកម្នាងស៊ីសុវត្ថិ ណាណែត ជាមាតា ដែលបានសម្រេចព្រះទ័យទៅតាមដង្ហែសម្ដេចនរោត្តម សីហនុ នៅក្រុងប៉េកាំង នោះទេ គឺទ្រង់រស់នៅជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាឪពុកធំ និងបានបម្រើការងារជានាយទាហានក្នុងរបបសាធារណរដ្ឋខ្មែរ ។ ក្រោយពីសម្តេចនរោត្តម សីហនុ បានឡើងសោរាជ្យជាព្រះមហាក្សត្រជាថ្មីម្ដងទៀតក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ បានចូលបម្រើការងារជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រ។

នៅខែមេសា ឆ្នាំ២០១៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលាឈប់ពីដំណែងជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដើម្បីមានឱកាសនៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងបានឈរឈ្មោះជាបេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សនោះ នៅក្នុងមណ្ឌលខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានសំណាងបានជាប់ឆ្នោតទេ។

ទី២ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថារី និងទី៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សុផាណា ជាបុត្រាភ្លោះ ប្រសូត្រថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤។

ទី៤ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ អាម៉ារិនដូ ប្រសូត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦ សុគត ខែឧសភា ឆ្នាំ១៩៩៩។

ទី៥ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តាក់កោវិទ ប្រសូត្រថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៧ សុគត ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៦ និងទី៦ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ចិត្រតារា (ចិត្រា) ប្រសូត្រថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥៩។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ធ្លាប់សិក្សានៅសាលាបឋមសិក្សា និងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបានទៅសិក្សានៅសាលាកងទ័ពនៅប្រទេសបារាំង។

ពីឆ្នាំ១៩៦០ ដល់១៩៦៧ ទ្រង់ជាសេនានុព័ន្ធយោធានៅស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង។ ឆ្នាំ១៩៦៨ ជាមេបញ្ជាការកងទ័ពជើងអាកាសកម្ពុជា។ ពីខែវិច្ឆិកា ឆ្នាំ១៩៦៨ ដល់ខែមីនា ឆ្នាំ១៩៧០ ជាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។(មានត.ទៅទៀតនៅភាគទី៤៧)