ឆមាសទី១ ឆ្នាំនេះ នគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបាន១១ម៉ឺនគ្រឿង ផាកពិន័យយានយន្តល្មើសជិត៤ម៉ឺនគ្រឿង 
ព័ត៌មាន
1221

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០១៧ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យយានយន្តបាន១១ម៉ឺនគ្រឿង ដែលក្នុងនោះធ្វើការផាកពិន័យ យានយន្តល្មើសចំនួនជិត៤ម៉ឺនគ្រឿង។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុប ការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលរៀបចំឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា នៅរយៈពេល៦ខែ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង១៩០៧លើក ធ្លាក់ចុះ៧លើក (០.៣%) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន១៩១៤លើក។ 

លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន៩៣១នាក់ កើនឡើង៦នាក់ (០.៣%) ដែល៦ខែឆ្នាំ ២០១៦ មានត្រឹម៩២៥នាក់ ខណៈអ្នករបួសចំនួន៣,០០៦នាក់ ថយចុះ៤១៦នាក់ (១២%) ដែល៦ខែឆ្នាំមុនមានចំនួន ៣,៤២២នាក់។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា មូលហេតុនៃការថយចុះនេះ អាស្រ័យដោយអគ្គស្នងការនគរបាលជាតិ បានខិតខំជំរុញសកម្មភាពអប់រំ ផ្សព្វផ្សាយច្បាប់ និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ ព្រមទាំងស្មារតីភ្ញាក់រលឹក ចូលរួមពីសំណាក់ប្រជាពលរដ្ឋភាគច្រើន និងសង្គមទាំងមូល។

លើសពីនេះ នាយកដ្ឋានបានជំរុញនូវជំនាញដល់មន្ត្រីដែលអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ រួមមាន៖ សហការជាមួយអង្គការ JICA ដើម្បីបង្រៀនណែនាំអំពិច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេសបាញ់ល្បឿនយានយន្ត ដល់កងកម្លាំងនគរបាលចរាចរណ៍ទាំង២៥រាជធានី-ខេត្ត, បង្រៀនអំពីស្លាកសញ្ញាចរាចរណ៍ផ្លូវគោក នៅសាលាមធ្យមសិក្សាវិជ្ជាជីវៈនគរបាល (ដីឥដ្ឋ) ដែលមានសិក្ខាកាមចូលរួម៧៧នាក់។ បង្កាត់បង្រៀនរបៀបប្រើប្រាស់ម៉ាស៊ីន វាស់ជាតិអាកុលដែលសិក្ខាកាម ចូលរួមចំនួន២៣នាក់, ចូលរួមប្រជុំគាំទ្រគម្រោងទំនើបកម្ម នៃប្រព័ន្ធចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប្រជុំដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីយាយន្ត ប្រឡងយកបណ្ណបើកបរ និងឈៀក និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ទោចក្រយានយន្តដឹកកម្មករ នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង មានអ្នកបើកបរចូលរួមចំនួន៩០នាក់ ៕