របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤៥
ប្រវត្តិសាស្ត្រ
6.47K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ព្រះមហាក្សត្រនរោត្តម សីហនុ ក៏ធ្លាប់ស្គាល់បងប្រុសនិងបងស្រីរបស់នាង តាំងពីកាលនៅវ័យក្មេងមកម៉្លេះ ហើយព្រះអង្គក៏បានស្គាល់នាងតាំងពីតូច រហូតដល់វ័យជាយុវតី ដ៏ស្រស់ស្អាត ទាក់ទាញព្រះទ័យព្រះអង្គឲ្យប្រាថ្នាចង់បានជាគូគាប់ជាយូរមកហើយដែរ។

មាតារបស់បវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី ឈ្មោះប៉ុម ពាង ។ ចំណែកម្តាយរបស់លោកយាយ ប៉ុម ពាងឈ្មោះអ៊ុក រស់នៅទីក្រុងភ្នំពេញ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់នរោត្តម ដួងច័ក្រ ជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រនរោត្តម និងមានបុត្រាមួយអង្គព្រះនាមនរោត្តម រដ្ឋារ៉ាស៊ី។ បុត្រាអង្គនេះបានក្លាយជាវេជ្ជបណ្ឌិតខ្មែរដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែជាអកុសល ទ្រង់បានសោយទិវង្គតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០ និងមានបុត្រីមួយអង្គទៀត ព្រះនាមនរោត្តម ផៃភ័ក្ត្រ ។ ព្រះនាងបានសោយទិវង្គត នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។

ក្រោយពីបានបុត្រា និងបុត្រី២អង្គដូចខាងលើមកនេះមក ព្រះអង្គម្ចាស់នរោត្តម ដួងច័ក្រ និងអ្នកម្នាងអ៊ុក ក៏បានលែងលះគ្នា។ អ្នកម្នាងអ៊ុក ក៏មានប្តីទី២ ម្នាក់ទៀត ឈ្មោះពាង ជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែរ ហើយបង្កើតបានកូនស្រីមួយនៅក្នុងឆ្នាំ១៩០៤ ឈ្មោះប៉ុម ពាង នេះឯង។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩០៦ អ្នកម្នាងអ៊ុក និងលោកពាង បានកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ែល ពាង។

នៅក្នុងឆ្នាំ១៩២៣ កញ្ញាប៉ុម ពាង បានរៀបអាពាហ៍ពិពាហ៍ជាមួយកំលោះម្នាក់ឈ្មោះ អ៊ុំ ផាន់កែវ ជាកូនប្រុសរបស់នាយទាហានជាន់ខ្ពស់ម្នាក់ឈ្មោះ អ៊ុំ ។ ក្រោយពីមានកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ដែលសៀម ត្រូវប្រគល់ទឹកដីខេត្ត បាត់ដំបង សៀមរាប កំពង់ធំ មកឲ្យខ្មែរវិញ កាលនោះនាយទាហានជាន់ខ្ពស់ ឈ្មោះអ៊ុំ នេះ ពាក់សក្តិ៣ គឺជាអ្នកដើរវាស់វែង និងបោះបង្គោលព្រំដែនខ្មែរ-សៀម ជាថ្មីឡើងវិញជាមួយនាយទាហានជាន់ខ្ពស់បារាំងមួយចំនួនទៀត។

លោកអ៊ុំ ផានកែវ និងអ្នកស្រីប៉ុម ពាងមានកូនប្រុសស្រីចំនួន៥នាក់ ៖

ទី១ ឈ្មោះអ៊ុំ ម៉ាណូរិន ភេទប្រុស កើតនៅឆ្នាំ១៩២៤ មុនរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ គាត់មានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការពារលើផ្ទៃប្រទេស។

ទី២ ឈ្មោះអ៊ុំ វីណាវុឌ្ឍ ភេទប្រុស កើតនៅក្នុងឆ្នាំ១៩២៥ ។ ក្រោយមកបានក្លាយជាអ្នកបើកយន្តហោះនៃកងទ័ពអាកាសកម្ពុជា ហើយត្រូវបានកងទ័ពវៀតមិញ សម្លាប់នៅក្នុងឆ្នាំ១៩៤៨ ក្រោយពីបើកយន្តហោះទៅទម្លាក់គ្រាប់បែកលើកងទ័ពវៀតមិញ នៅក្នុងសមរភូមិមួយនៅក្នុងខេត្តកំពត ត្រូវគេបាញ់យន្តហោះនោះធ្លាក់។

ទី៣ ឈ្មោះអ៊ុំ ណារីវ៉ាន់ ភេទស្រី កើតឆ្នាំ១៩២៦។ ស្លាប់នៅក្នុងឆ្នាំ១៩៤៨ ។

ទី៤ ឈ្មោះអ៊ុំ សូរ៉ាក់ សាន់ថន ភេទប្រុស កើតនៅឆ្នាំ១៩២៧ និងទី៥ ឈ្មោះអ៊ុំ សុផានិត កើតក្នុងឆ្នាំ១៩២៨។ នាងអ៊ុំ សុផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកអៀវ បណ្ណាការ ជាកូនប្រុសរបស់លោកអៀង កើស ជានាយករដ្ឋមន្ត្រីខ្មែរ ក្នុងឆ្នាំ១៩៤៩ និងក្រោយមក ជាប្រធានរដ្ឋសភាដែលត្រូវគេបង្កៃគ្រាប់បែកធ្វើឃាតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០។

ក្រោយរបបខ្មែក្រហម ប៉ុល ពត ឆ្នាំ១៩៧៩ លោកអៀង បណ្ណាការ មានតួនាទីជាអនុប្រធាននាយកដ្ឋានភាពយន្ត នៅក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងឆ្នាំ២០១២ លោកបានក្លាយជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ដោយទទួលបានការតែងតាំងពីព្រះមហាក្សត្រជាមួយលោកអ៊ុំ ម៉ាណូរិន ជាបងថ្លៃ ដែលមានវ័យ៨៨ឆ្នាំទៅហើយនោះ។ (មានត.ទៅទៀតនៅភាគទី៤៦)