ប្រជាពលរដ្ឋប្រមាណ២០០គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះទទួលបានអំណោយរបស់សប្បុរសជនតាមរយៈ TVFB ជាលើកទី២
ព័ត៌មាន
3693

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក សុវណ្ណ រិទ្ធី និងក្រុមការងារអង្គភាពសារព័ត៌មាន TVFB បាននាំយកអំណោយរបស់សប្បុរសជនដែលបានផ្ដល់តាមរយៈ TVFB ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រមាណ២០០គ្រួសារ ជាលើកទី២ ស្ថិតនៅក្នុងភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

បើយោងតាមសម្ដីរបស់លោកអ៊ុំប្រធានភូមិម្រើម បានអោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិមានចំនួនប្រមាណ២០០គ្រួសារបានរងគ្រោះដោយសារទឹកជំនន់ជន់លិចប្រមាណ៣សប្ដាហ៍ហើយ ពោលគឺតាំងពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨មកម្ល៉េះ ហើយកំពស់ទឹកគិតមកដល់ពេលនេះគឺទឹកបានស្រកបានប្រមាណ១ម៉ែត្រហើយបើធៀបទៅនិងថ្ងៃទី៩ខែសីហាឆ្នាំ២០១៨ ដែលក្រុមការងារTVFB បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋលើកទី១។ លោកអ៊ុំមេភូមិបន្តថា ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរជំលៀសទៅរកទីទួលមានសុវត្ថិភាពដោយពុំមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ ហើយប្រជាពលរដ្ឋខ្លះទៀតក៏បន្តរស់នៅជាធម្មតាដោយប្រើប្រាស់ទូកធ្វើជាមធ្យោបាយដំណើរ។ ប្រជាពលរដ្ឋភាគច្រើនគឺប្រកបការងារធ្វើស្រែចំការ តែនៅពេលនេះទឹកជំនន់បានបំផ្លិចបំផ្លាញផលដំណាំរបស់គាត់អស់ហើយ ដូចនេះពួកគាត់មានតែរំពឹងស្បៀងអាហារដែលនៅសល់កាលពីប្រមូលផលឆ្នាំមុនតែប៉ុណ្ណោះសំរាប់ដោះស្រាយជីវភាព ហើយស្បៀងអាហារទាំងនោះក៏នៅសល់មិនច្រើនណាស់ណាផងដែរ។

អំណោយដែលក្រុមការងារអង្គភាពព័ត៌មាន TVFB នាំយកនាពេលនេះគឺជាទឹកចិត្តរបស់មហាគ្រួសារខ្មែរដែលបានបរិច្ចាគតាមរយៈ TVFB ដើម្បីរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។ ថ្វីត្បិតអំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទទួលបានតិចតួចក្ដី ប៉ុន្តែ TVFB និងខិតខំអំពាវនាវដល់សប្បុរសជនជាបន្តទៀតទៅតាមលទ្ធភាពដែលយើងអាចធ្វើបានដើម្បីរួមចំណែកក្នុងសង្គមព្រោះយើងគឺជាជាតិសាសន៍តែមួយ ជាជាតិសាសន៍ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

គួររំលឹកថានេះជាសកម្មភាពសប្បុរសធម៌លើកទី៥ហើយ ដែលក្រុមការងារអង្គភាពសារព័ត៌មាន TVFB បាននាំយកអំណោយរបស់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក យកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដោយលើកទី១និងលើកទី២ នៅស្រុកស្រែអំបិល ខេត្តកោះកុង លើកទី៣នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លើយលើកទី៤និងលើកទី៥ នៅស្រុកចិត្របុរី ខេត្តក្រចេះ។

នៅឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានទទួលរងគ្រោះដោយទឹកជំនន់ ធ្វើឲ្យលិចតាមបណ្តាខេត្តនាៗ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកជាច្រើន ដូចជា ផ្ទះសំបែងត្រូវលិចលង់ ផលដំណាំខូចខាត ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ ខ្វះអាហារហូបចុកគ្រប់គ្រាន់ជាដើម ជាហេតុធ្វើឲ្យសប្បុរសជនជាច្រើនចាប់ផ្តើមប្រមូលគ្នាជួយឧបត្ថម ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់៕