របត់នយោបាយ ( សីហនុ -លន់ នល់- ប៉ុល ពត -ហ៊ុន សែន ) ភាគទី៤២
ប្រវត្តិសាស្ត្រ
4.56K

ស្រាវជ្រាវដោយ ៖ ឈឹម សេរីភួន (រក្សាសិទ្ធិ)៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៩ អ្នកម្នាងដួងច័ន្ទ ក៏បានផ្ញើពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្ស ស្តីពីបញ្ហាបង្ខាំងខ្លួនឲ្យអ្នកម្នាងនៅតែក្នុងផ្ទះនោះដែរ។ បន្ទាប់មកទៀត ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានផ្ញើព្រះរាជសារមួយទៅឲ្យទ្រង់ចក្រព័ង្ស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៩ ដើម្បីឲ្យដោះលែងអ្នកម្នាងដួងច័ន្ទនោះវិញ។

ពេលនោះទ្រង់ចក្រព័ង្ស បានផ្ញើលិខិតទូលតបព្រះបិតាវិញថា ទ្រង់កំពុងតែស្វែងរកការលះលែងគ្នាជាមួយអ្នកម្នាងដួងច័ន្ទ តាមច្បាប់របស់កម្ពុជា។

ប៉ុន្តែនៅពេលទ្រង់ព័ង្ស យាងចេញទៅប្រទេសហ្វីលីពីន នៅចុងខែវិច្ឆិកា ឆ្នាំ២០០៥ អ្នកម្នាងក៏មានឱកាសរត់ចេញពីផ្ទះដែលអ្នកម្នាងចាត់ទុកថាជាកន្លែងឃុំឃាំងនោះ វិលត្រលប់ទៅប្រទេសថៃ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០៥ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។

តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គម្ចាស់នរោត្តម ឆារ៉ាចក្រ ដែលជាបុត្រារបស់ទ្រង់នរោត្តម ចក្រព័ង្ស និងអ្នកម្នាងឆារ៉ាវ៉ាន់ ដួងច័ន្ទ បានបដិសេធការចោទប្រកាន់របស់ព្រះមាតា ដោយទ្រង់បានបញ្ជាក់ថា កាលព្រះមាតាទ្រង់គង់នៅភ្នំពេញ មិនមានការបង្ខាំងខ្លួនទុកឲ្យនៅតែក្នុងផ្ទះនោះទេ មាតាទ្រង់ចង់ទៅទីណា បានតាមចិត្ត គ្រាន់តែពេលទៅទីណា មានអង្គរក្ស ឬអ្នកបម្រើតាមទៅជាមួយប៉ុណ្ណោះ។

ការពិតទៅ អ្នកម្នាងឆារ៉ាវ៉ាន់ ដួងច័ន្ទ មានបំណងចង់លែងលះទ្រង់ចក្រព័ង្ស់ តែទ្រង់មិនចង់លែងលះអ្នកម្នាងឡើយ ទើបបានជាទ្រង់ឲ្យនៅតែក្នុងផ្ទះ និងដើរទៅណាមកណាមានអង្គរក្ស និងអ្នកបម្រើទៅជាមួយដូច្នេះ។ តែអ្នកម្នាងដួងច័ន្ទ បែរជាចោទប្រកាន់ថា ទ្រង់ចក្រព័ង្ស់ ជាអ្នកបង្ខាំងអ្នកម្នាងឲ្យនៅតែក្នុងផ្ទះទៅវិញ។

ទ្រង់ចក្រព័ង្ស់ បានរៀបអាពាហ៍ពិពាហ៍ជាលើកទី៦ ក្នុងឆ្នាំ១៩៩៦ ជាមួយអ្នកម្នាងម៉ូរី រ៉េម និងមានបុត្រ២អង្គ គឺម្ចាស់ក្សត្រីនរោត្តម ពង្សាសុរិយា ប្រសូត្រក្នុងឆ្នាំ១៩៩៧ និងព្រះអង្គម្ចាស់នរោត្តម ពង្សមុនីរ៉េត ប្រសូត្រឆ្នាំ២០០០។

ក្រោយមកទៀត ទ្រង់មានមហេសីទី៧ គឺអ្នកម្នាងកាចា នីផា។

នៅក្នុងឆ្នាំ១៩៤៤ ព្រះមហាក្សត្រនរោត្តម សីហនុ បានចាប់ព្រះទ័យស្រលាញ់អ្នកម្នាងស៊ីសុវត្ថិ មុនីកេស ខ្លាំងជាងអ្នកម្នាងស៊ីសុវត្ថិ ពង្សសានមុនី ទៅទៀត។ អ្នកម្នាងស៊ីសុវត្ថិ មុនីកេស ប្រសូត្រនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩២៩ ជាបុត្រីរបស់ព្រះបរមសពព្រះមុនីវង្ស ជាមួយអ្នកម្នាងបុប្ផា នរលក្ខណ៍តាត (ឈ្មោះដើម យិន តាត)។ និយាយឲ្យចំទៅ អ្នកម្នាងស៊ីសុវត្ថិ មុនីកេស ត្រូវជាម្តាយមីងរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤៦ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេស ដែលជារាជវង្សប្រកបដោយគុណធម៌មួយអង្គនោះ ប្រសូត្របានបុត្រាមួយអង្គ ព្រះនាមនរោត្តម នរ៉ាឌីប៉ូ។ ប៉ុន្តែក្រោយពេលប្រសូត្របុត្រានេះ បានតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ព្រះនាងក៏សោយទិវង្គតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៤៦ គួរឲ្យស្តាយស្រណោះបំផុត។

បុត្រាអង្គនេះ ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ ស្រលាញ់ពេញចិត្តជាងគេ ហើយព្រះអង្គបានបញ្ជូនឲ្យទៅរៀននៅប្រទេសចិន ជំនាញខាងក្សេត្រសាស្ត្រ និងចេះភាសា និងអក្សរសាស្រ្តចិនជ្រៅជ្រះ ហើយគ្រោងឲ្យធ្វើជារាជទាយាទរបស់ព្រះរាជាណាចក្រកម្ពុជាទៀតផង។

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បុត្រានរោត្តម នរ៉ាឌីប៉ូ មិនបានចាកចេញទៅរស់នៅជាមួយព្រះបិតានរោត្តម សីហនុ ដែលគង់នៅប្រទេសចិននោះទេ ហើយត្រូវបានតុលាការនៃរបបសាធារណរដ្ឋខ្មែរកាត់ទោសពីបទធ្វើវិទ្ធង្សនា ក្នុងឆ្នាំ១៩៧១។ ក្រោយពេលកងទ័ពខ្មែរក្រហម ចូលដល់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទ្រង់ត្រូវជន្លៀសចេញទៅរស់នៅឯតំបន់ជនបទស្រុកស្រែចម្ការ ដូចប្រជាជនខ្មែរផ្សេងៗទៀតដែរ ហើយមិនយូរប៉ុន្មាន ពួកខ្មែរក្រហមក៏បានធ្វើឃាតទ្រង់ដោយគ្មានការយោគយល់ថា ទ្រង់ជាបុត្រាសម្តេចព្រះនរោត្តម សីហនុ ជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការដណ្តើមជ័យជម្នះ លើរបបសាធារណេដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ នោះបន្តិចឡើយ។(មានត.ទៅទៀតនៅភាគទី៤៣)