Chelsea នឹងចំណាយប្រាក់ ៨០លានអឺរ៉ូ ដើម្បីទិញអ្នកចាំទី Kepa ជំនួសកន្លែងរបស់ Courtois

ក្លិប Chelsea នឹងចំណាយប្រាក់ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទីម្នាក់ ដើម្បីនាំយក Kepa Arrizabalaga ពីក្លិប Athletic Bilbao ក្នុងនាមជាជំនួសកន្លែងរបស់តារាឆ្នើម Thibaut Courtois ដែលមិនបានចូលរួមហ្វឹកហាត់សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា និងត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាជាមួយនឹងក្លិប Real Madrid ក្នុងខែនេះ។

Kepa ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន ១លើក ប៉ុន្តែត្រូវបានចាត់ទុកថា ជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដ៏មានទេពកោសល្យបំផុតនៅអឺរ៉ុប ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ប្រទេសរបស់គេ តាមរយៈកម្រិតយុវជននោះ ជាប់លក្ខខណ្ឌរំលាយកិច្ចសន្យាក្នុងទឹកប្រាក់ ៨០លានអឺរ៉ូ (ស្មើនឹង៩២,៨លានដុល្លារអាមេរិក)។ ក្លិប Bilbao ត្រៀមបាត់បង់អ្នកចាំទីវ័យ ២៣ឆ្នាំរូបនេះ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ ជាមួយនឹងភ្នាក់ងាររបស់គេ នៅមុនពេលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ នៅព្រឹកថ្ងៃពុធនេះ ក្រោយពីស្ទើរតែបានលក់ Kepa ទៅឲ្យក្លិប Real ក្នុងតម្លៃខ្លួន ២០លានអឺរ៉ូ កាលពីខែមករា ទៅហើយ។

តាមរយៈការបំពេញការផ្ទេរនេះ ក្លិប Chelsea នឹងបំបែកកំណត់ត្រានៃតម្លៃខ្លួន ៦៦,៩លានផោន (ស្មើនឹង៨៦,៦លានដុល្លារអាមេរិក) ដែលក្លិប Liverpool បានចំណាយទៅឲ្យក្លិប Roma ដើម្បីទិញយកអ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson កាលពីខែមុន។ Kepa ត្រូវបានរំពឹងទុកថា នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃពុធនេះ ហើយអាចនឹងបង្ហាញខ្លួនជាលើកទី១របស់គេក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ នៅលើទឹកដីក្រុម Huddersfield៕