គ្រូ Chelsea បើក​ទ្វា​​ជា​និច្ច ឲ្យ​តែ Courtois ហាមាត់​ថា​ចង់​ចេញពីក្លឹប...!

លោក Christophe Henrotay ដែលជាភ្នាក់ងារតំណាងរបស់ Courtois បានបញ្ជាក់ថា កីឡាកររូបនេះចង់ផ្ទេរទៅកាន់ក្លិប Real Madrid ដើម្បីបានស្នាក់នៅជិតក្បែរកូនស្រីរបស់គេ ដែលរស់នៅក្នុងប្រទេសអេស្ប៉ាញ។ ប៉ុន្តែ លោក Sarri បានឲ្យដឹងថា អ្នកចាំទីអន្តរជាតិបែលហ្ស៊ិករូបនេះ ដែលវិលពីការសម្រាកវិស្សមកាលវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីព្រឹត្តិការណ៍ World Cup ត្រូវតែពន្យល់ពីមហិច្ឆតារបស់គេ ជាលក្ខខណ្ឌបុគ្គល នៅមុនពេល Chelsea ពិចារណាទៅលើការទទួលយកសំណើដេញថ្លៃមួយសម្រាប់រូបគេ។

លោក Sarri បានឲ្យដឹងថា៖ «ខ្ញុំមិនចាប់អារម្មណ៍ទៅលើភ្នាក់ងារឡើយ។ ខ្ញុំចង់ឮពាក្យពីមាត់របស់ Courtois។ ប្រសិនបើនៅថ្ងៃស្អែកនេះ Courtois និយាយដូចគ្នាមកកាន់រូបខ្ញុំដូចភ្នាក់ងារដែរ នោះខ្ញុំនឹងត្រូវតែនិយាយជាមួយនឹងកីឡាកររបស់ខ្ញុំ ពីព្រោះខ្ញុំចង់បានតែកីឡាករដែលមានកម្រិតនៃការលើកទឹកចិត្តដ៏ខ្ពស់ប៉ុណ្ណោះ»។ 

លក្ខខណ្ឌមួយដែល Courtois នឹងត្រូវអនុញ្ញាតឲ្យចាកចេញគឺថា Chelsea រកបានអ្នកចាំទីម្នាក់ដើម្បីជំនួស នៅមុនពេលថ្ងៃបរិច្ឆេទចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ។ ចាប់តាំងពីត្រូវបានតែងតាំងជាអ្នកជំនួសកន្លែងរបស់លោក Antonio Conte នៅកីឡដ្ឋាន Stamford Bridge នារដូវក្តៅនេះ លោក Sarri មិនទាន់បាននិយាយដោយផ្ទាល់ជាមួយនឹង Courtois ឡើយ ហើយកីឡាករ ៥នាក់ផ្សេងទៀតត្រូវបានផ្តល់ការអនុញ្ញាតឲ្យសម្រាក បន្ទាប់ពី World Cup ក្នុងនោះរាប់បញ្ចូលទាំង Eden Hazard និង N’Golo Kante ផងដែរ៕