Ly Hour Leasing PLC

ប្រទេសចិនមានគម្រោងក្នុងការបង្កើនល្បឿនរថភ្លើងល្បឿនលឿនរបស់ខ្លួនឲ្យឡើងរហូតដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង

Channel News Asia: តាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ កក្កដា) នេះបានរៀបរាប់ថាប្រទេសចិនមានគម្រោងក្នុងការបង្កើនល្បឿនរថភ្លើងល្បឿនលឿនរបស់ខ្លួនឲ្យឡើងរហូតដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងដែលនេះមានរយៈពេល ៦ហើយឆ្នាំបន្ទាប់ពីគ្រោះថ្នាក់នៅលើផ្លូវដែកល្បឿនលឿនដែលនាំឲ្យអាជ្ញាធរត្រូវធ្វើការបន្ថយល្បឿនរថភ្លើងនៅទូទាំងប្រទេស។     

          គួររំលឹកផងដែរថា រថភ្លើងនៅលើបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិនត្រូវបានរចនានិងសាងសងឡើងសម្រាប់ការធ្វើដំណើររហូតដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាឲ្យធ្វើការកាត់បន្ថយល្បឿនឲ្យនៅសល់ល្បឿនចន្លោះពី ២៥០ដល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីឆ្នាំ២០១១បន្ទាប់ពីមានមនុស្សជាង៣០នាក់បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុរថភ្លើងបុកគ្នាមួយនៅភាគខាងកើតខេត្ត Zhejiang។

          សារព័ត៌មាន The Beijing News បាននិយាយថា រដ្ឋាភិបាលប្រទេសចិនមានគម្រោងក្នុងការអនុម័តលើការបង្កើនល្បឿនរថភ្លើងរវាងទីក្រុងប៉េកាំងនិងសៀងហៃនៅក្នុងខែកញ្ញាខាងមុខនេះដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើរឲ្យនៅសល់តែ៤ម៉ោង៣០នាទីពីរយៈពេល៦ម៉ោង។

          សារព័ត៌មានខាងលើបានបន្តថា រថភ្លើងល្បឿនលឿន "Fuxing" របស់ប្រទេសចិនដែលត្រូវបានដាក់បង្ហាញកាលពីខែមិថុនាកន្លងទៅនេះមានសមត្ថភាពរត់បានល្បឿនលឿនបំផុតរហូតដល់៤០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយវានឹងត្រូវបានប្រើសម្រាប់ការធ្វើដំណើរខាងលើនេះ។

          គួរបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាប្រទេសដែលមានបណ្តាញផ្លូវរថភ្លើងល្បឿនលឿនបំផុតក្នុងពិភពលោកដែលធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។ ក្នុងចំណោមខេត្តនិងតំបន់ទាំង៣១របស់ប្រទេសចិនមាន២៩ត្រូវបានតភ្ជាប់ដោយផ្លូវរថភ្លើងដែលមានល្បឿនលឿនដោយមានតែតំបន់ Tibet និង Ningxia ដែលនៅភាគពាយព្យប៉ុណ្ណោះដែលមិនទាន់ត្រូវបានធ្វើការតភ្ជាប់នៅឡើយ។

 




អត្ថបទទាក់ទង៖