ប្រជាពលរដ្ឋរស់នៅដាច់ស្រយាលចំនួន២ភូមិ រងគ្រោះដោយទឹកជំនន់ក្នុងស្រុកសៀមប៉ាង បានទទួលអំណោយសប្បុរសជន
ព័ត៌មាន
13.1K

ស្ទឹងត្រែង៖ នេះជាលើកទី៣ហើយ ដែលក្រុមការងារអង្គភាពព័ត៌មាន TVFB បាននាំយកអំណោយរបស់សប្បុរសជនដែលផ្ដល់តាមរយៈ TVFB ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិដាច់ស្រយាលចំនួន២ភូមិជាប់ព្រំប្រទល់ប្រទេសឡាវ ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី១ខែសីហាឆ្នាំ២០១៨កន្លងមកនេះ។

ខេត្តស្ទឹងត្រែងបានទទួលរងគ្រោះដោយទឹកជំនន់ជន់លិចលង់ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាខូចខាតផលដំណាំអស់ជាច្រើនហិកតា ដោយសារតែការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ទើបបណ្ដាលឱ្យទឹកមានការជន់លិចភ្លាមៗ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបការលំបាកខូចខាតទីលំនៅដ្ឋាន ខូចខាតផលដំណាំ ភាគច្រើននៃប្រជាពលរដ្ឋដែលរងគ្រោះសុទ្ធតែជាប្រជាពលរដ្ឋក្រីក្រ។ ដោយមានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋរងគ្រោះជាច្រើនរយគ្រួសារបានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយជីវភាពបណ្ដោះអាសន្ន។ ដោយមើលឃើញបែបនេះក្រុមការងារ TVFB ក៏បានបន្តដំណើរចេញពីទីរួមស្រុកសៀមប៉ាង ដើម្បីឆ្ពោះទៅភូមិដាច់ស្រយាលចំនួន២ភូមិ ក្នុងឃុំថ្មកែវ ជាប់ព្រំប្រទល់ប្រទេសឡាវដែលរងគ្រោះដោយទឹកជំនន់ ថ្វីត្បិតតែទឹកបានស្រក ក៏ប៉ុន្តែផលដំណាំដែលរបស់ប្រជាពលរដ្ឋបានបង្កបង្កើនផលគឺបានខូចខាតគ្មានសល់ ការធ្វើដំណើរដឹកជញ្ជូនអំណោយរបស់សប្បុរសជន គ្រឿងឧបភោគ បរិភោគ គឺជួបការលំបាកខ្លាំងដោយសារទឹកទើបតែស្រកស្ថានភាពផ្លូវមានការលំបាកពិបាកធ្វើដំណើរ ប៉ុន្តែទោះជាយ៉ាងណាក្រុមការងារ TVFB ក៏បានពុះពារទៅដល់គោលដៅដោយជោគជ័យ ដើម្បីប្រគល់អំណោយរបស់សប្បុរសជនជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចប្រជាពលរដ្ឋទីទល់ក្រផងដែរ។

អង្គភាពព័ត៌មាន TVFB សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដើម្បីបរិច្ចាគគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់ ថ្វីត្បិតអំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះគ្រាន់តែអាចជួយសំរាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានខ្លះៗ ប៉ុន្តែគឺជាទឹកចិត្តរបស់សប្បុរជនជិតឆ្ងាយទាំងអស់ដែលបានលះបង់បរិច្ចាគរួមចំណែកក្នុងសង្គមជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ហើយជួបគ្រោះទឹកជំនន់នាពេលនេះ៕