ចាងហ្វាងផលិតកម្មមហាហង្ស ប្រតិកម្មធ្ងន់ៗចំពោះការចោទប្រកាន់ថា លោកជំពាក់ថ្លៃផ្សាយពាណិជ្ជកម្ម មិនសង!
កម្សាន្ត
4.57K

រាជធានីភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយពេញបណ្ដាញអ៊ីនធឺណេតថា ម្ចាស់ផលិតកម្មភាពយន្តក្នុងស្រុកមួយ បានជំពាក់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនបានធ្វើការទូទាត់ថ្លៃចំណាយសងឲ្យបានទាន់ពេលវេលា ពិសេសខណៈព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយបន្តពេញបណ្ដាញហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និង កេរ្តិ៍ឈ្មោះម្ចាស់ផលិតកម្មដែលរងការចោទប្រកាន់នោះ លោក អ៊ិន សុភិន អគ្គនាយផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានប្រតិកម្មឆ្លើយតបចំពោះការផ្សព្វផ្សាយខាងលើនេះ
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា «សូមអរគុណដល់អ្នកសារព័ត៌មានមួយចំនួន ដែលចង់ឲ្យខ្ញុំល្បី ដល់ថ្នាក់ចុះផ្សាយព័ត៌មាន មិនពិតថា រូបខ្ញុំជំពាក់លុយ ថ្លៃផ្សាយពាណិជ្ជកម្មគេមិនសង ខ្ញុំចង់ប្រាប់ទៅពួកអ្នកសារព័ត៌មានមួយចំនួន ដែលចុះផ្សាយថា តើមានឯកសារណាមួយ ដែលខ្ញុំជំពាក់គេ ពួកអ្នកជាមនុស្ស គួរប្រើខួរក្បាលជាមនុស្ស កុំប្រើខួរក្បាលជាឆ្កែ ចរិតថោកទាបជាងសត្វទៅទៀត ចូលចិត្តណាស់អារឿងបរិហាកេរិ៍តរបស់អ្នកដទៃ ដើម្បីផលប្រយោជន៍កាសែតខ្លួនឯងនោះ។ ខ្ញុំមិនខ្មាស់គេទេ ព្រោះមិនពិត សូមប្រើវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ បើគ្មានភស្តុតាងកុំចេះតែចុះ នាំឲ្យប្រជាជនទូទៅអស់ជំនឿ លើសារព័ត៌មាននៅកម្ពុជា!»។

ទន្ទឹមនឹងការបង្ហោះសារខាងលើនេះ លោក អ៊ិន សុភិន បញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា លោកមិនបានជំពាក់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម ដូច ការចុះផ្សាយនោះទេ។ តែទាក់ទងទៅនឹងកញ្ចប់ថវិកាសម្រាប់ផ្ដល់ឲ្យអ្នកកាសែត ក្នុងពេលដែលក្រុមហ៊ុនរបស់លោក បានអញ្ជើញអ្នកកាសែតឲ្យមកយកព័ត៌មានទាក់ទងនឹងការងារសិល្បៈ ឬមានរៀបចំកម្មវិធីសិល្បៈផ្សេងៗ ហើយមានការយឺតយ៉ាវបន្តិចបន្តួច តែប៉ុណ្ណោះ ។
លោក អ៊ិន សុភិន បន្ថែមថា អ្នកកាសែតមួយចំនួន មិនបានមកយកថវិកាជាថ្លៃសាំងទាន់ពេលវេលា ក៍ចុះផ្សាយថា លោកជំពាក់លុយថ្លៃផ្សាយពាណិជ្ជកម្ម មិនព្រមសងទៅវិញ៕