កាចណាស់ដែរ ខឹងគេញ៉ែសង្សារខ្លួន ទាញដាវសាម៉ូរ៉ៃកាប់ឲ្យរបួសធ្ងន់
ព័ត៌មាន
50076

ខេត្តបន្ទាយមានជ័យ៖ យុវជនឈាមរាវម្នាក់ត្រូវកម្លាំងនគរបាលចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពយកដាវសាម៉ូរ៉ៃកាប់ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យបួសធ្ងន់ជាច្រើនកាំបិត ដោយសារមកញ៉ែស្រីស្នេហ៍របស់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។
ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួននោះមានឈ្មោះ ធាវ អ៊ី ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាប់គេ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវដើមពុទ្ទ្រា សង្កាត់និងក្រុងប៉ោយប៉ែត។ ជនសង្ស័យត្រូវបានកម្លាំង សមត្ថកិច្ចយើង ចាប់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះម្នាក់ឈ្មោះ ខុន ស៊ីឆេ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាល ស្ពាន២ សង្កាត់និងក្រុងកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ បានប្រដាប់ដោយដំបង និងដាវសាម៉ូរ៉ៃ បានព្រួតគ្នាធ្វើសកម្មភាពកាប់លើជនរងគ្រោះឈ្មោះ ខុន ស៊ីឆេ ក្នុងបំណងសម្លាប់ជីវិត ដែលករណីនេះផ្តើមចេញពីជម្លោះដណ្តើមស្រីស្នេហ៍គ្នា។
ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ អាតឿ ដែលកំពុងរត់គេចខ្លួន ពិតជាបានកាប់លើឈ្មោះ ខុន ស៊ីឆេ មែន ព្រោះខឹងនឹងឈ្មោះ ខុន ស៊ីឆេ នេះ មកញ៉ែស្រីស្នេហ៍របស់ខ្លួន ។ ក្រោយមករូបគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឯបក្ខពួកឈ្មោះអាតឿ បានរត់គេចខ្លួនបាត់ ។
ជនសង្ស័យឈ្មោះ ធាវ អ៊ី ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕