នាយឧត្តមសេនីយ៍សៅ សុខា នឹងទទួលតួនាទីជាអគ្គមេបញ្ជាការស្តីទី ខណៈឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត នឹងក្លាយជាអគ្គមេបញ្ជាការរង,នៃកងយោធពលខេមរភូមិន្ទ
ព័ត៌មាន
7.51K

ភ្នំពេញ៖ ថ្មីៗនេះ បើតាមប្រភពព័ត៌មានពីក្រសួងការពារ បានបង្ហើបឲ្យដឹងថា សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្ថែមមុខងារ និងភារកិច្ច ដល់នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បន្ថែមលើមុខងារបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍សៅ សុខា អត្តលេខ០០០១០៥ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងត្រូវទទួលបន្ថែមមុខងារ និងភារកិច្ច ជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។

ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងទទួលបន្ថែមមុខងារ និងភារកិច្ច ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះស្តីទី អគ្គបញ្ជាការដ្ឋាន និងជាមេបញ្ជាការ កងទ័ពជើងគោកស្តីទី បន្ថែមលើមុខងារបច្ចុប្បន្ន ។
គួរបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីកំពូលៗក្នុងជួរកងយោធពលខេមរភូមិន្ទបីរូប នឹងត្រូវព្យួរមុខតំណែង ដើម្បីទៅឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ រួមមានទី១នាយឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ ទី២ នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង និង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទផង និងទី៣នាយឧត្តមសេនីយ៍មាស សុភា ជាអគ្គមេបញ្ជាការរងដែរ និងជាមេបញ្ជាការកងទ័ពជើងគោក៕