ព័ត៌មានបន្ថែម៖ កម្មករ-កម្មការិនីប្រមាណជា២៧នាក់ ទទួលបានការព្យាបាលទាំងស្រុងពី ប.ស.ស ក្នុងករណីគ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ស្ពឺ
ព័ត៌មាន
1736

(កំពង់ស្ពឺ)៖ នាថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង០៦ និង១០នាទី មានករណីរថយន្តកុងទឺន័រដឹកខ្សាច់ បុកជាមួយរថយន្តដឹកកម្មករ ដែលបើកបរបញ្ច្រាសទិសគ្នា ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ មុខមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តដឹកកម្មករជួបគ្រោះថ្នាក់នេះមានកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៣០នាក់ និងបានបណ្តាលឱ្យកម្មករនិយោជិតរងរបួសសរុបចំនួន ២៥នាក់ (របួសស្រាល ១៦នាក់ របួសធ្ងន់ ០៩នាក់)។

បសស បានអោយដឹងថា ជនរងគ្រោះទាំងអស់ បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមម៉ោង០៨ និង៤៥នាទីព្រឹក ថ្ងៃទី០៩ខែមិថុនានេះកម្មករនិយោជិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំនួន ២១នាក់ និងបានបញ្ជូនជនរងគ្រោះ ០៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
រាល់ថ្លៃសេវាដឹកជញ្ជូន និងថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម៕