គ្រោះថ្នាក់ចរាចរណ៍២ករណីនៅពោធិ៍សាត់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស ៤នាក់
ព័ត៌មាន
2.16K

ខេត្តពោធិ៍សាត់៖ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តពោធិ៍សាត់ចំនួន២ករណីបានកើតឡើងជាបន្តបន្តាប់ ។ ករណីទី១ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧.១៣៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7998 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តម៉ាក កាមរីបាឡែន ពណ៏ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 1152 ពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងរថយន្តកាមរីបាឡែន រងរបួសចំនួន ២នាក់ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។

ករណីទី២ នៅវេលាម៉ោង៤ និង៥០នាទីទាបភ្លឺ ថ្ងៃទី៧ ខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ គឺម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីមួយ ១គ្រឿង ធ្វើចរាចរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានបុកគូថរថយន្តកុងតឺន័រ (មិនស្គាល់ម៉ាក)បណ្ដាលឲ្យម៉ូតូសណ្ដោងនោះឆេះយ៉ាងសន្ធោសន្ធៅ ចំណែកអ្នកបើកបរឈ្មោះ ចាន់ ធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរឈ្មោះ សង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាបងថ្លៃសាកសពបានរងរបួសធ្ងន់ផងដែរ ៕